(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងសហប្រតិបត្តិការអន្តរជាតិ បានសំណូមពរឲ្យរដ្ឋាភិបាល ស្វីសបន្តគាំទ្រ និងជួយឧបត្ថម្ភដល់មន្ទីពេទ្យគន្ធបុប្ផា ដើម្បីជួយសង្រ្គោះជីវិតកុមារនៅកម្ពុជា។ លោក ប្រាក់ សុខុន បានបន្តថា មន្ទីរពេទ្យ គន្ធបុប្ផា គឺ ជាមន្ទីរពេទ្យ ដែលមានសារៈសំខាន់ក្នុងការជួយអាយុជីវិតប្រជាពលរដ្ឋកម្ពុជា ជាពិសេស គឺកុមារតូចៗ។
ជាការឆ្លើយតប លោក IVO SIEBER ឯកអគ្គរាជទូតស្វីសប្រចាំនៅកម្ពុជាបានឲ្យដឹងថា រដ្ឋាភិបាលស្វីស នៅតែបន្តគាំទ្រនិងជួយដល់ មន្ទីរពេទ្យគន្ធបុប្ផា បន្តទៀតទៅតាមលទ្ធភាព។ នេះបើតាមការប្រាប់ឲ្យដឹងពីលោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា និង សហប្រតិបត្តិការអន្តរជាតិ នៅក្រោយជំនួបពិភាក្សាការងាររវាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក IVO SIEBER នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦នេះ។
លោក ជុំ សន្ទរី បានលើកឡើងទៀតថា ក្រៅពីការសំណូមពរនេះលោក ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលស្វីស ជួយគាំទ្រ និងជួយឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផាកន្លងមក។
សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសស្វីស ផ្តល់ថវិកាប្រមាណ ៤លានដុល្លារក្នុងមួយឆ្នាំ សម្រាប់ជួយទ្រទ្រង់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា។ រដ្ឋាភិបាលស្វីស បានជួយមន្ទីរពេទ្យគន្ធបុប្ផាតាំងពីឆ្នាំ ១៩៩៤មកម្ល៉េះ។ មកដល់បច្ចុប្បន្នទឹកប្រាក់ប្រមាណ ៥៥លានដុល្លារហើយ ត្រូវបាន រដ្ឋាភិបាលស្វីស បានជួយដល់គន្ធបុប្ផា។
លោកវេជ្ជបណ្ឌិត បេអាត រីចឆ្ទឺ ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ធ្លាប់បានបញ្ជាក់ឲ្យដឹងថា គិតពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៥ មន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកា អស់ ៥៧៣លានដុល្លារសហរដ្ឋអាមេរិក ជាការចំណាយសម្រាប់ការព្យាបាលកុមារ ដែលមានជំងឺធ្ងន់ និងចំណាយ លើការពិនិត្យព្យាបាលកុមារ ដែលមានជំងឺនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅចំនួន ១៥លានករណី និងសម្រាប់ការសាងសង់មន្ទីរពេទ្យទាំងប្រាំ ព្រមទាំងការបំពាក់សំភារៈ បរិក្ខារទំនើបដើម្បីធ្វើរោគវិនិច្ឆ័យ និងការព្យាបាលនិងសម្រាប់ឱសថ និងថ្នាំសង្កូវផ្សេងៗ។
ថវិកា ៥៧៣លានដុល្លារនេះ មន្ទីរពេទ្យគន្ធបុប្ផា ទទួលបានពីរាជរដ្ឋាភិបាល ៨ភាគរយ រដ្ឋាភិបាលស្វីស៨ភាគរយ ក្រៅពីនោះបានពី សប្បុរសជន ដែលភាគច្រើនទទួលបានពីប្រជាពលរដ្ឋរស់នៅក្នុងប្រទេសស្វីស៕