(ស្ទឹងត្រែង)៖ អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានផ្តាំផ្ញើទៅមន្រ្តីពន្លត់អគ្គិភ័យត្រូវគិតគូរការជួយសង្រ្គោះប្រជាពលរដ្ឋជាធំ ហើយមិនត្រូវទារលុយពីប្រជាពលរដ្ឋនោះឡើយ។ ការថ្លែងផ្តាំផ្ញើរបស់លោកអភិបាលខេត្ត បានធ្វើឡើងក្នុងឱកាស ដែលរូបលោកអញ្ជើញជា អធិបតីប្រគល់រថយន្តពន្លត់អគ្គិភ័យ ៣គ្រឿង ទៅតាមបណ្តាស្រុកនានានៅក្នុងខេត្តស្ទឹងត្រែង។
លោក ម៉ុម សារឿន នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦ បានប្រគល់រថយន្តពន្លត់អគ្គិភ័យ ៣គ្រឿង ទៅឲ្យអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ស្រុកសៀមបូក និង ស្រុកសេសាន ដើម្បីត្រៀមជួយអន្តរាគមន៍ពន្លត់គ្រោះអគ្គិភ័យ។
ថ្លែងក្នុងពិធីប្រគល់រថយន្តពន្លត់អគ្គីភ័យនេះ លោក ម៉ុម សារឿន បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគិតគូរយកចិត្តទុកខ្ពស់ ចំពោះបញ្ហាជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជួបគ្រោះអគ្គិភ័យ។ អាស្រ័យហេតុនេះ រាជរដ្ឋាភិបាលបានសម្រេចផ្តល់រថយន្តពន្លត់អគ្គិភ័យ តាមបណ្តារាជធានី ខេត្ត ហើយខេត្តស្ទឹងត្រែងទទួលបានចំនួន ០៣គ្រឿង ដែលនឹងត្រូវប្រគល់ជូនអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ស្រុកសៀមបូក និងស្រុកសេសាន។
លោកអភិបាលខេត្ត បានបន្តថា ការបំពាក់បន្ថែមរថយន្តពន្លត់អគ្គិភ័យទៅតាមស្ថានីយពន្លត់អគ្គីភ័យនៅតាមបណ្តាស្រុក គឺជាការធ្វើឲ្យសេវា សង្គ្រោះខិតកាន់តែជិតប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលនឹងត្រូវប្រើពេលវេលាខ្លីជាងមុនពីស្ថានីយពន្លត់ ទៅកាន់កន្លែងត្រូវជួយសង្គ្រោះ។
លោក ម៉ុម សារឿន បានណែនាំឲ្យអធិការដ្ឋាននគរបាលស្រុកនីមួយៗ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយប្រជាពលរដ្ឋជួបគ្រោះអគ្គិភ័យ និងបម្រើដល់ផលប្រយោជន៍សាធារណៈ ដោយជៀសវាងការប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ដើម្បីបម្រើផលប្រយោជន៍បុគ្គល ឬស្ថាប័ន និងមិនឲ្យមានការទារប្រាក់ពីប្រជាពលរដ្ឋឡើយ ពោលគឺត្រូវគិតដល់ការជួយសង្គ្រោះប្រជាពលរដ្ឋជាធំ។
សូមបញ្ជាក់ថា នៅខែឧសភា កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានទិញរថយន្តពន្លត់អគ្គិភ័យជាង ១១៣គ្រឿងមកពីប្រទេសចិន បែងចែក ទៅតាមបណ្តាខេត្ត និងស្រុកដាច់ស្រយ៉ាល ដើម្បីបង្កើនប្រសិទ្ធភាពការងារពន្លត់អគ្គិភ័យ ក៏ដូចជាជួយអន្តរាគមន៍ពន្លត់អគ្គិភ័យជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា៕