(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តដែលមានបញ្ហាភ្នែក និងជំងឺភ្នែក ក្រុមគ្រូពេទ្យជំនាញចក្ខុ នឹងពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺភ្នែកដោយមិនគិតថ្លៃ រយៈពេល២ថ្ងៃ គឺចាប់ថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០២២ នៅអគារចក្ខុរោគ នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរ «ទិវាសុខភាពភ្នែកពិភពលោក ឆ្នាំ២០២២» ក្រោមប្រធានបទ «ស្រឡាញ់ភ្នែករបស់អ្នក»។
តាមរយៈសេចក្តីជូនដំណឹងដែលបណ្តាព័ត៌មាន Fresh News ទទួលបានបនញ្ជាក់ថា ការផ្តល់ជូននូវការពិនិត្យ ពិគ្រោះនិងព្យាបាលមានពេលវេលាដូចខាងក្រោម៖ ពេលព្រឹកចាប់ពីវេលាម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ១១:០០នាទីថ្ងៃត្រង់ ពេលរសៀលចាប់ពីវេលាម៉ោង ២:០០រសៀល ដល់ម៉ោង ៥:០០ល្ងាច។
អាស្រ័យហេតុនេះ សូមសាធារណៈជន ពាណិជ្ជករ អាជីវករ កម្មករ និយោជិត ប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាពភ្នែក អញ្ជើញមកទទួលនូវការពិនិត្យ ពិគ្រោះ និងព្យាបាលដោយមិនគិតថ្លៃតាមកាលបរិច្ឆេទ ពេលវេលា និងទីកន្លែងដូចបានជម្រាបជូនខាងលើ៕