(កំពង់ឆ្នាំង)៖ កម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦នេះ បានបញ្ជូន ជនសង្ស័យដែលជាប់ពាក់ព័ន្ធ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំនួន៧នាក់ ក្នុងនោះស្រីម្នាក់បញ្ជូនទៅតុលាការដើម្បី ចាត់ការតាមច្បាប់។
មន្ត្រីនគរបាលជំនាញបានឱ្យដឹងថា ជនសង្ស័យទាំង៧នាក់នេះ ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បង្ក្រាបបានបទល្មើសជាក់ស្ដែង២ករណីផ្សេងគ្នា កាលពីល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញ ដែលករណីទី១ ឃាត់ខ្លូនបានជនសង្ស័យ៤នាក់ ក្នុងនោះស្រីម្នាក់និងដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកក១១កញ្ចប់ ម៉ូតូ១គ្រឿង ទូរស័ព្ទ៤គ្រឿង និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនផងដែរ។
មន្ដ្រីដដែលបន្ដថា ករណីទី២ ឃាត់ខ្លួនបានជនសង្ស័យ៣នាក់ និងដកហូតបានម៉ូតូ១គ្រឿង ព្រមទាំងទូរស័ព្ទ២គ្រឿង។ បច្ចប្បន្នជនសង្ស័យ ទាំង៧នាក់នេះ ត្រូវបានបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធី៕