(ភ្នំពេញ)៖ គិតចាប់ពីថ្ងៃបើកឱ្យដំណើរការសាកល្បង នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដល់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ មានយានយន្តចំនួន ១២៥.៩៩៨គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយបានចេញចូលតាមស្ថានីយទាំង ០៨ទីតាំង។ នេះបើយោងតាម Facebookផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព័ត៌មានFresh News ទទួលបាននៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ។
ក្រសួងសាធារណការ បានឱ្យដឹងទៀតថា ក្នុងចំណោមយានយន្តចំនួន ១២៥.៩៩៨គ្រឿង ដែលបានចរាចរណ៍រយៈពេល១០ថ្ងៃកន្លងមកនេះ មានករណីត្រូវការ ការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះ សរុបចំនួន ៣៧៨ខ្សែ ដែលបានធ្វើការទាក់ទងទៅកាន់លេខ១៣៩៩។
ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានស្នើឱ្យប្រជាពលរដ្ឋគ្រប់រូប ចូលរួមស្វែងយល់ និងអនុវត្តតាមសេចក្តីណែនាំឱ្យបានម៉ឺងម៉ាត់ចំពោះគ្រប់លក្ខខណ្ឌក្នុងការបើកបរលើផ្លូវល្បឿនលឿននេះ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីការធ្វើដំណើររបស់បងប្អូនប្រកបដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព៕