(បាត់ដំបង)៖ ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ២គ្រាប់ បេ៤១មួយគ្រាប់ និងគ្រាប់៨០មីលីម៉ែត្រ ហើយបានប្រគល់ឱ្យនគរបាលស្រុកមោងឬស្សី ដើម្បីទាក់ទងអង្គភាពស៊ីម៉ាក យកទៅកម្ទេចចោល។
លោកវរសេនីយ៍ទោ គិត ហ៊ាង អធិការនគរបាលស្រុកមោងឫស្សី បានឱ្យដឹងថា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ ប្រជាជនម្នាក់ឈ្មោះ ហែ ហ៊ន ភេទប្រុស អាយុ៦៧ឆ្នាំ ជាមេភូមិព្រៃព្រុំ២ ឃុំរបស់មង្គល ស្រុកមោងឫស្សី បានទៅងួតទឹកក្នុងស្ទឹង ពីមុខផ្ទះប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន២គ្រាប់ នៅក្បែរមាត់ស្ទឹង គឺគ្រាប់បេ៤១មួយគ្រាប់ និងគ្រាប់៨០មីលីម៉ែត្រ មួយគ្រាប់ (គុណភាពចាស់) ហើយបានរាយការណ៍ និងប្រគល់ឱ្យនគរបាលស្រុកមោងឬស្សី រក្សាទុករង់ចាំអង្គភាពស៊ីម៉ាក់ យកទៅកម្ទេចចោលនៅពេលក្រោយ។
ក្នុងនោះដែរ លោកអធិការស្រុកមោងឫស្សី បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង ទាំងអស់សូមមានការប្រុងប្រយ័ត្នខ្ពស់ នូវគ្រាប់យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះទាំងឡាយណាដែល បន្សល់ពីសម័យសង្គ្រាមក្តី ឬគ្រាប់ផ្សេងក្តី ដែលបានមកពីគ្រប់មជ្ឈដ្ឋានត្រូវរាយការណ៍ ជាបន្ទាន់ទៅកម្លាំងមានសមត្ថកិច្ច ឬអង្គភាពស៊ីម៉ាក់ ដែលនៅជិតបំផុត ដើម្បីយកទៅកម្ទេចចោលជៀសវាង កើតមានគ្រោះថ្នាក់ដល់មនុស្សជាយថាហេតុ៕