(ពោធិ៍សាត់)៖ លោកវរអគ្គានុរក្សថ្នាក់លេខ១ អៀ អៀម អត្ថលេខ០០៨៤ ត្រូវបានតែងតាំងជាប្រធានពន្ធនាគារ ខេត្តពោធិ៍សាត់ តាមប្រកាសលេខ ៤៤៩១ប្រ.ក ចុះថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ ។
ពិធីប្រកាសចូលកាន់មុខតំណែងនេះ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោកអគ្គានុរក្ស ចាន់ គឹមសេង អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ និងលោក ពេជ ហន អភិបាលរងខេត្តតំណាង លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមពីតំណាងមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធនានាជុំវិញខេត្តជាច្រើននាក់ផងដែរ ។
ក្នុងឱកាសនោះក៏មានពិធីបំពាក់ឋានន្តរស័ក្តិ មន្ត្រីពន្ធនាគារចំនួន៥១រូប ក្នុងនោះវរអគ្គានុរក្សថ្នាក់លេខ១ ចំនួន០៤រូប, វរអគ្គានុរក្សថ្នាក់ លេខ២ ចំនួន១១រូប, វរអគ្គានុរក្សថ្នាក់លេខ៣ ចំនួន០៦រូប, អគ្គានុរក្សថ្នាក់លេខ១ ចំនួន០៣រូប, អគ្គានុរក្សថ្នាក់លេខ២ ចំនួន០៥រូប, អនុរក្សថ្នាក់លេខ១ ចំនួន០៩រូប, អនុរក្សថ្នាក់លេខ២ ចំនួន០៤រូប និងអនុរក្សថ្នាក់លេខ៣ចំនួន០៩រូប៕