(បាងកក)៖ អង្គការសុខភាពពិភពលោក (WHO) បានបញ្ចេញរបាយការណ៍ចុងក្រោយរបស់ខ្លួនឲ្យដឹងថា ប្រទេសថៃ បានក្លាយជាប្រជាជាតិទីមួយនៅទ្វីបអាស៊ី ដែលអាចលុបបំបាត់ការចម្លងជំងឺអេដស៍ ពីម្តាយ ទៅកាន់ទារកបានដោយជោគជ័យ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃពុធ ទី០៨ ខែមិថុនា ឆ្នាំ២០១៦។
ក្រសួងសុខភាពសាធារណរបស់ប្រទេសថៃ បានបញ្ចេញរបាយការណ៍របស់ខ្លួន កាលពីពេលថ្មីៗនេះថា ការឆ្លងជំងឺអេដស៍ពីម្តាយទៅទារក មានការថមថយយ៉ាងច្រើនគួរឲ្យសប្បាយរីករាយ ដោយកាលពី ឆ្នាំ ២០០៣ ការចម្លងមានអត្រា ១០,៣ភាគរយ ធ្លាក់មកនៅតែ ១,៩១ភាគរយប៉ុណ្ណោះ នៅឆ្នាំ ២០១៥។ អង្គការសុខភាពពិភពលោក បានសម្តែងក្តីត្រេកអរចំពោះ លទ្ធផលដ៏វិជ្ជមាននេះ ហើយក៏ហ៊ាន អះអាងដែរថា ប្រទេសថៃនឹងអាចលុបបំបាត់ទាំងស្រុងតែម្តងនៅប៉ុន្មានឆ្នាំទៀតប៉ុណ្ណោះ។
គួរបញ្ជាក់ថា កាលពីឆ្នាំ ២០១៤ តួលេខបង្ហាញថាមនុស្ស ៤៥០,០០០នាក់ នៅក្នុងប្រទេសមានផ្ទុក ជំងឺអេដស៍ ហើយកុមារមានប្រហែលជាង ២ភាគរយក្នុងចំណោមនោះ។ ពួកគេកំពុងរស់នៅ ដោយទទួលបាន ការថែទាំ និងថ្នាំពន្យាជីវិតពីក្រសួង និងអង្គការក្រៅរដ្ឋាភិបាលដែលសហការគ្នា៕