(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវឯកសារគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០ ក្នុងគោលដៅពង្រឹង និងពង្រីកការផ្តល់សេវាប្រៃសណីយ៍ឱ្យបានទូលំទូលាយ ប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល សុវត្ថិភាព និងភាពជឿទុកចិត្ត ព្រមទាំងគាំទ្រការធ្វើពិពិធកម្ម សេវាប្រៃសណីយ៍ និងការធ្វើអាជីវកម្មផ្តល់សេវាក្នុងវិស័យប្រៃសណីយ៍ ជាមួយនឹងការជំរុញការធ្វើទំនើបកម្ម និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីរួមចំណែកទ្រទ្រង់ការអភិវឌ្ឍពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងគាំទ្រដល់ពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។
គោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០ មានចក្ខុវិស័យអភិវឌ្ឍវិស័យប្រៃសណីយ៍ និងទីផ្សារសេវាប្រៃសណីយ៍ ដើម្បីបម្រើធុរកិច្ចសហគ្រាស និងប្រជាជន ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងនវានុវត្តន៍ សំដៅចូលរួមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។
ដើម្បីសម្រេចបានចក្ខុវិស័យ និងគោលបំណងខាងលើ គោលនយោបាយនេះបានកំណត់នូវគោលដៅចំនួន ៤ដូចខាងក្រោម៖
១៖ ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងវិស័យប្រៃសណីយ៍ ដើម្បីធានាការលើកកម្ពស់គុណភាពសេវា និងការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ តាមរយៈការកសាងក្របខណ្ឌគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។
២៖ ធ្វើទំនើបកម្មសេវាប្រៃសណីយ៍ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ពង្រីកបណ្តាញប្រៃសណីយ៍ឱ្យមានវិសាលភាពទូលំទូលាយ ខិតទៅដល់ប្រជាជន និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសំដៅគាំទ្រការផ្តល់សេវាប្រៃសណីយ៍ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ និងចូលរួមគាំទ្រដល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេវាសាធារណៈរបស់រដ្ឋាភិបាលឌីជីថល។
៣៖ បង្កលក្ខណៈងាយស្រួលដល់វិស័យឯកជន ក្នុងការធ្វើអាជីវកម្មក្នុងវិស័យប្រៃសណីយ៍ដឹកជញ្ជូន និងចែកបញ្ញើប្រៃសណីយ៍ ដោយជំរុញការប្រកួតប្រជែងដោយសុចរិត ក្នុងក្របខណ្ឌគតិយុត្តច្បាស់លាស់ និងការចូលរួមអភិវឌ្ឍឧស្សាហកម្មប្រៃសណីយ៍ ក្រោមរូបភាពនៃការវិនិយោគ របស់វិនិយោគិនក្នុងស្រុក និងក្រៅប្រទេស និងភាពជាដៃគូរវាងរដ្ឋ និងឯកជន។
៤៖ លើកកម្ពស់តួនាទីរបស់ប្រៃសណីយ៍កម្ពុជាក្នុងការផ្តល់សេវាប្រៃសណីយ៍ ជាមួយនឹងការជំរុញការធ្វើពិពិធកម្មសេវាកម្ម និងផលិតផលប្រៃសណីយ៍ នវានុវត្តន៍ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។