(កណ្ដាល)៖ រយ:ពេល៣ថ្ងៃ នៃពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងបុណ្យចេញវស្សានៅស្រុកល្វាឯម ខេត្តកណ្តាល ចាប់ពីថ្ងៃទី៨-១០ ខែតុលា ឆ្នាំ២០២២ បានទាក់ទាញភ្ញៀវទេសចរណ៍ទាំងក្នុងស្រុក និងក្រៅស្រុកបានជាង ៨ម៉ឺននាក់ឯណោះ ជាមួយនឹងស្នាមញញឹម សប្បាយរីករាយ ពេញចិត្តយ៉ាងខ្លាំង ស្របពេលជាមួយនឹងការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យបានល្អបំផុត និងកម្មវិធីដំណើររលូនយ៉ាងឥតខ្ចោះ។
ថ្លែងបទសម្ភាសន៍មកកាន់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល លោក កែន សម្បត្តិ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងសំដែងការពេញចិត្ត យ៉ាងខ្លាំងចំពោះការរៀបចំកម្មវិធីអុំទូកដ៏ឱឡារឹកនេះឡើង ដែលកម្មវិធីនេះអាចដំណើរបានក្នុងសម័យសន្តិភាព ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោជានាយករដ្ឋមន្ត្រី និងថ្លែងនូវចិត្តរំភើបដែល បានឃើញពលរដ្ឋរាប់ម៉ឺននាក់មកលេងកំសាន្តជាមួយមឹងទឹកមិខសប្បាយរីករាយ សើចក្អាកក្អាយ ជាមួយនឹងការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់បានល្អប្រសើរ។
ជាមួយគ្នានេះ លោក កន សុកកាយ អភិបាលស្រុកល្វាឯម បានថ្លែងថា «អរគុណសន្តិភាព» ស្ថិតក្រោមម្លប់សុខសន្តិភាព ប្រទេសជាតិយើងមានការអភិវឌ្ឍ មានការរីកចម្រើន ដែលក្នុងនោះញ៉ាំងឲ្យរដ្ឋបាលស្រុកល្វាឯម មានឱកាសក្នុងការរៀបចំពិធីបុណ្យអុំទូកនេះឡើងដ៏មានភាពអធិកអធម និងរលូនល្អបំផុត ខណៈដែលបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត និងទស្សនាពិធីបុណ្យអុំទូកនេះ មានប្រមាណជាង៨ម៉ឺននាក់ឯណោះ ដែលលេងកំសនា្តពីព្រឹកដល់យប់ជ្រៅរយ:ពេល៣ថ្ងៃជាប់ៗគ្នា។ រីឯការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ និងការដាក់មន្ត្រីសុខាភិបាលវិញ ក៏មានភាពរលូនល្អផងដែរ មិនមានបាតុភាពបញ្ហាអ្វីកើតឡើងនោះឡើយ។
លោកអភិបាលស្រុកបានអះអាងថា ការរៀបចំដែលមានភាពរលូនល្អនេះឡើង គឺផ្ដើមចេញពីមានការរៀបចំផែនការបានយ៉ាងច្បាស់លាស់ បូកផ្សំជាមួយនឹងក្រុមមន្ត្រីនិងគណៈកម្មការ បានអនុវត្តប្រកបដោយភាពយុត្តិធម៌ តម្លាភាពនិងមានប្រសិទ្ធភាព ដែលឆ្លុះបញ្ចាំងឲ្យឃើញពីសមត្ថភាពរបស់ក្រុមការងារមានភាពស្រុះគ្នាល្អក្នុងការរៀបចំកម្មវិធីនេះឡើង ដើម្បីធ្វើឲ្យស្រុកល្វាឯមរបស់យើង មានភាពអធិកអធមកាន់តែច្រើនឡើង ដែលនេះក៏ផ្ដើមចេញពីគុណបំណាច់ដ៏ធំធេងនៃសុខសន្តិភាពដែលរកបានដោយគណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកអភិបាលស្រុក បានថ្លែងបញ្ជាក់ទៀតថា ៣ថ្ងៃនៃពិធីបុណ្យ ឃើញមានភាពរលូនល្អ និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយជ្រើសតើសបាននូវជ័យលាភីសំរាប់ទៅប្រកួតថ្នាក់ខេត្តនាពេលឆាប់ៗខាងមុខនេះ។
គួរបញ្ជាក់ថា ការរៀបចំពិធីបុណ្យអុំទូក និងចេញវស្សានៅឯស្រុកល្វាឯមនេះ ធ្វើឡើងមិនមែនជាលើកទីមួយនោះទេ ពោលគឺធ្វើឡើងជារៀងរាល់ឆ្នាំ ហើយមើលឃើញថា មានភាពរលូនល្អ និងអធិកអាធមបំផុត ក្រោមការដឹកនាំដោយ បុរសមុខស្រស់ប្រជាប្រិយលោកកន សុខកាយ ដែលជាអភិបាលស្រុកក្មេងខ្ចី មានសមត្ថភាព ពោរពេញទៅដោយគុណធម៌ ចរិយាធម៌ សក្ដិសមជាថ្នាក់ដឹកនាំគំរូល្អបំផុត ដែលលោក ទទួលបានការគាំទ្រ និងការពេញចិត្តស្រឡាញ់បំផុតពីបងប្អូនប្រជាពលរដ្ឋស្ទើរតែ១០០% នៅស្រុកល្វាឯម និងសូម្បីតែប្រជាពលរដ្ឋនៅឯស្រុកផ្សេងៗក៏ស្រឡាញ់ និងគាំទ្រគោរពលោក កន សុខកាយ ផងដែរ៕