(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយចុះចែកជូនដល់គ្រូពេទ្យកំពុងធ្វើការផ្តល់សេវា និងអ្នកជំងឺជាប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្ទោងចំនួន ៣១នាក់ ។
លើកឡើងនាឱកាសនោះលោក សាយ គឹមឡម ក៏ណែនាំដល់គ្រូពេទ្យគ្រប់រូបត្រូវផ្តល់សេវា និងព្យាបាលជំងឺប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ហើយពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចេញទៅព្យាបាលជំងឺនៅទីកន្លែងផ្សេង ឲ្យបានឆាប់ជាសះស្បើយឲ្យបានគ្រប់ៗគ្នា។
លោក សាយ គឹមឡម បានបន្ថែមថា ទាំងនេះសឲ្យឃើញនូវការយកចិត្តទុក្ខដាក់ របស់ថ្នាក់ដឹកនាំស្រុកស្ទោង ជាមួយមន្ត្រីរាជការក្រោមឱវាទ ដែលបានខិតខំបំពេញកិច្ចការរបស់ខ្លួនប្រកបដោយផ្លែផ្កានិងជោគជ័យបំផុតពិសេសការព្យាបាលជូនពលរដ្ឋគ្រប់មជ្ឈដ្ឋានគួឲ្យមោទកក្រៃលែង លើសពីនេះទៀតគឺការយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋដែលមានជីវភាពទីទ័លក្រ និងងាយរងហានិភ័យផ្សេងៗ។
បន្ថែមលើសពីនេះទៀត លោក សាយ គឹមឡម ក៏បានអំពាវនាវឱ្យអ្នកជំងឺគ្រប់រូប ត្រូវថែរក្សាសុខភាពឱ្យបានល្អ និងរស់នៅប្រកបដោយអនាម័យល្អ ដើម្បីជៀសវាងមានជំងឺដង្កាត់ផ្សេងៗទៀតផងដែរ។
គួរបញ្ជាក់ផងដែថា លោកគ្រូ អ្នកគ្រូពេទ្យ និងអ្នកជំងឺទាំង ៣១នាក់ខាងលើ ម្នាក់ៗទទួលបាននូវ អង្ករ១បេ មី១កេស ទឹកសុទ្ធ១កេស ទឹកត្រី១យូរ ទឹកស៊ីអ៊ីវ១យួរ និងត្រីខ ១យួរ ៕