(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំនៅកម្ពុជា បានរៀបចំប្រជុំអ្នកស្ម័គ្រចិត្តប្រចាំឆ្នាំ២០២២ របស់ខ្លួនដែលមានរយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី៥ ដល់ ៧ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារអានីកភ្នំពេញ។ នេះគឺជាការជួបជុំអ្នកស្ម័គ្រចិត្តដំបូងបន្ទាប់ពីការបញ្ជូនអ្នកស្ម័គ្រចិត្តសារជាថ្មីកាលពីខែធ្នូឆ្នាំ២០២១កន្លងទៅ។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់លោក Rho Hyun-jun នាយកប្រចាំប្រទេស លោក Kim Kwang Wook នាយករង បុគ្គលិក និងអ្នកស្ម័គ្រចិត្តយកា-KOICA ប្រមាណជា ៤៥នាក់។
កិច្ចប្រជុំនេះមានគោលបំណងផ្ដល់នូវវគ្គបណ្ដុះបណ្ដាលមួយចំនួន ដែលមានដូចជាការគ្រប់គ្រងគម្រោង ពង្រឹងសម្ថភាពភាសាខ្មែរ និងវាយតម្លៃអំពីសកម្មភាពការងាររបស់អ្នកស្ម័គ្រចិត្តដែលបាន និងកំពុងតែបំពេញការងារនៅតាមស្ថាប័នដៃគូនីមួយៗ។
អ្នកស្ម័គ្រចិត្ដមានឱកាសក្នុងការចែករំលែកនូវសមទ្ធិផល ដែលសម្រេចបានរបស់ខ្លួនបន្ទាប់ពីការបញ្ជូនទៅធ្វើការនៅតាមស្ថាប័ន។ បន្ថែមលើនេះទៅទៀត កម្មវិធីនេះមានគោលបំណងពង្រឹងទំនាក់ទំនងរវាងអ្នកស្ម័គ្រចិត្ត និងអ្នកស្ម័គ្រចិត្ត ការិយាល័យ ក៏ដូចជាជាមួយនឹងអ្នកស្ម័គ្រចិត្តមកពីស្ថាប័នផ្សេងផងដែរ។ ក្នុងកម្មវិធីនេះអ្នកស្ម័គ្រចិត្តក៏បានចែករំលែកនូវបទពិសោធន៍ល្អៗដែលខ្លួនបាន និងកំពុងអនុវត្តនៅតាមស្ថាប័ននីមួយៗ ហើយវាក៏ជាផ្នែកមួយដែលអ្នកស្ម័គ្រចិត្តផ្សេងទៀតអាចយកទៅអនុវត្ត និងរៀនសូត្រតាមនាពេលអនាគតផងដែរ។
រាជរដ្ឋាភិបាលរបស់ប្រទេសកម្ពុជាបានខិតខំប្រឹងប្រែងនៅក្នុងការទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩ និងសម្រេចបានលទ្ធផលគួរជាទីមោទន។ ការរិយាល័យ កយកា-KOICA នៅកម្ពុជាជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការគ្រប់គ្រងការរីករាលដាលនៃមេរោគនេះបានយ៉ាងល្អ ដូច្នេះហើយទើប កយកា-KOICA សម្រេចចិត្ដធ្វើការបញ្ជូនអ្នកស្ម័គ្រចិត្តជនជាតិកូរ៉េ ត្រឡប់មកប្រទេសកម្ពុជាសារជាថ្មីចាប់តាំងពីខែធ្នូ ឆ្នាំ២០២១។
ជាលទ្ធផលបច្ចុន្បន្ននេះ មានអ្នកស្ម័គ្រចិត្តយកា-KOICA ចំនួន ៣៤រូប កំពុងបំពេញការងារស្ម័គ្រចិត្តរបស់ខ្លួននៅតាមបណ្ដាខេត្ត និងរាជធានីមួយចំនួន ដែលមានដូចជា ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ចាម កំពង់ឆ្នាំង កណ្ដាល តាកែវ ព្រៃវែង កំពត និងរាជធានីភ្នំពេញ លើជំនាញអប់រំភាសាកូរ៉េ អភិវឌ្ឍយុវជន អប់រំកុំព្យូទ័រ គិលានុបដ្ឋាយិកា អប់រំកុមារតូច និងអប់រំតន្ត្រី។
ការរិយាល័យ កយកា-KOICA នៅកម្ពុជាបានបញ្ជូនអ្នកស្ម័គ្រចិត្តជនជាតិកូរ៉េ ដែលមានវិជ្ជាជីវៈមកកម្ពុជា ដើម្បីចែករំលែកនូវបទពិសោធន៍ចំណេះដឹង និងជំនាញ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការរស់នៅ និងជីវភាពរបស់ប្រជាជន និងដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរចាប់តាំងពីឆ្នាំ២០០៣មក។ គិតមកដល់ខែតុលា ឆ្នាំ២០២២នេះ កយកា-KOICA បានបញ្ជូនអ្នកស្ម័គ្រចិត្តចំនួន ៨០២នាក់មកកាន់កម្ពុជា។
អ្នកស្ម័គ្រចិត្តដែលបានបញ្ជូនកន្លងមក បានបំពេញការងារជាមួយក្រសួងយ៉ាងតិចចំនួន ២៥ និងស្ថាប័នថ្នាក់ក្រោមជាតិនៅកម្ពុជាទៅលើជំនាញផ្សេងៗគ្នា៕