(ភ្នំពេញ)៖ អំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ត្រូវបានអាជ្ញាធរខណ្ឌច្បារអំពៅ រួមជាមួយព្រះគ្រូចៅអធិការវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន៣១៥គ្រួសារ រស់នៅក្នុងសង្កាត់ព្រែកថ្មី និងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
សកម្មភាពមនុស្សធម៌នាំយកអំណោយ ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនេះ បានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ៍ ទី១១ ខែតុលា ឆ្នាំ២០២២ ក្នុងបរិវេណវត្តមុនីសុវណ្ណហៅវត្តចំពុះក្អែក ក្រោមអធិបតីភាពលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងព្រះអធិបតីភាព សម្តេចព្រះពោធិវង្សកិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តមុនីសុវណ្ណហៅវត្តចំពុះក្អែក, ព្រមទាំងមានការចូលរួម ពីលោក-លោកស្រីជាអភិបាលរងខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោកអធិការនគរបាលខណ្ឌ ព្រមទាំងមាន រួមជាមួយប្រជាពលរដ្ឋ ប្រមាណ៣០០នាក់។
សម្តេចព្រះពោធិវង្សកិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក បានមានសង្ឃដីការទៅកាន់ប្រជាពលរដ្ឋ ដោយសំណូមពរឲ្យឈប់ លេងល្បែងស៉ីសងគ្រប់ប្រភេទ ជាពិសេសកុំលេងកន្ទុយលេខ ព្រោះថា អ្នកចាក់កន្ទុយលេខគ្មានអ្នកណា មានបានដោយសារចាក់កន្ទុយលេខនោះទេ ចំណែកអ្នកមានដោយសារកន្ទុយលេងគឺមេកន្ទុយលេខឯណោះទេ ដូច្នេះសូមនាំគ្នាឈប់លេងទៅ ត្រូវនាំគ្នារកស៉ីទទួលទាន ដើម្បីទ្រទ្រង់ជីវភាពក្នុងគ្រួសារ។
លោកអភិបាលខណ្ឌបានណែនាំឲ្យអាជ្ញាធរសង្កាត់ព្រែកថ្មីត្រូវខិតខំបំពេញការងារបំរើប្រជាពលរដ្ឋ បន្តធ្វើកិច្ចការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋអោយបានលឿន រហ័ស និងមានតម្លាភាព ស្របទៅតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានប្រសើរឡើងថែមទៀត ដូចជាសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ធ្វើអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋដែលគ្រប់អាយុ និង ហួសកាលបរិច្ឆេទ រួមទាំងផ្តល់សេវាលើ ឯកសារអត្រានុកូលដ្ឋាន។
នាឱកាសនោះ លោកអភិបាលខណ្ឌ បានរំលឹកដល់ប្រជាពលរដ្ឋថា នៅថ្ងៃទី២០ ខែតុលា ខាងមុខនេះជាថ្ងៃចាប់ផ្តើមចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីរឈ្មោះបោះឆ្នោត សូមបងប្អូនដែលមានកូន ចៅ កើតនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៤ ត្រូវនាំកូនចៅទៅចុះឈ្មោះបោះឆ្នោត ចំពោះអ្នកដែលចុះឈ្មោះហើយត្រូវទៅពិនិត្យមើលបញ្ជីរឈ្មោះបោះឆ្នោត នៅតាមសង្កាត់ ដើម្បីត្រៀមខ្លួនបោះឆ្នោតជ្រើសរើសថ្នាក់នាំប្រទេស។
ចុងក្រោយលោកអភិបាលថ្លែងសង្កត់ធ្ងន់ថា ពិតជាមានមោទកភាពណាស់ ដែលប្រទេសជាតិយើងទទួលបានសុខសន្តិភាព ដោយសាតែមានសន្តិភាពនេះហើយទើបប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ ចាប់ពីពេលនេះតទៅ ក្រៅពីពាក្យថា អរគុណសន្តិភាព សូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីថែរក្សាសន្តិភាព ការពារសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនថែមទៀត។
អំណោយចែកជូនប្រជាពលរដ្ឋនៅពេលនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចព្រះពោធិវង្សកិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក និងអំណោយរបស់អាជ្ញាធរខណ្ឌ ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋ នៅពេលនេះ ក្នុង១គ្រួសារទទួលបាន ៖ អង្ករ២៥គីឡូក្រាម, ឃីត១កញ្ចប់, ត្រីខ ១យួរ, មី ៦កញ្ចប់, ទឹកត្រី ២ដប, ទឹកស៊ីអ៊ីវ ២ដប និងថវិកា៥ម៉ឺនរៀល៕