(កំពង់ចាម)៖ ឆ្លើយតបទៅនឹងសមាជិកក្រុមប្រឹក្សាខេត្ត ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ផ្លូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង លោកនឹងចាត់មន្ត្រីជំនាញ ឲ្យធ្វើការជួសជុលឡើងវិញ នៅពេលអស់ទឹកភ្លៀងខាងមុខនេះ ។
លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា កន្លងទៅនេះ រដ្ឋបាលខេត្តបានចាត់មន្ត្រីជំនាញ ឲ្យធ្វើការជួសជុលឡើងវិញនូវផ្លូវជាច្រើនកន្លែងដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង ដូចជា៖ ការកាត់ផ្លូវជាតិលេខ៧ ដើម្បីដាក់លូ ក៏ដូចជាផ្លូវចេញពីក្រុងកំពង់ចាមទៅភ្នំហាន់ជ័យ ក្នុងស្រុកកំពង់សៀម និងផ្លូវពីនាងគង់ហ៊ីង ទៅស្រុកកងមាស ជាដើម គឺខាងជំនាញនៃមន្ទីរសាធារណការ បានធ្វើការជួសជុលទៅតាមបច្ចេកទេស ប៉ុន្តែជាលទ្ធផល នៅតែមិនឈ្នះទឹកភ្លៀងដដែល។ ដូច្នេះការជួសជុលនេះ ត្រូវរង់ចាំរហូតដល់អស់ទឹកភ្លៀង ទើបមន្ត្រីជំនាញចាប់ផ្ដើមធ្វើតែម្ដង។
លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា សូម្បីតែផ្លូវ AC នៅក្នុងក្រុងកំពង់ចាម ក៏មានការខូចខាតដែរ ដោយក្រោយពីការសិក្សាទៅតាមបច្ចេកទេស ឃើញថា ដី ថ្ម នៅខាងក្រោមមានការជ្រាបទឹក គួបផ្សំភូមិសាស្ត្រខ្លះ ក្នុងក្រុងកំពង់ចាម ជាទីទំនាប ធ្វើឲ្យទឹកភ្លៀងហូរពីគ្រប់ទីកន្លែង ជន់លិចតំបន់នោះបណ្ដាលឲ្យផ្លូវឆាប់ខូច។
ទាក់ទងទៅនឹងការជួសជុលផ្លូវឡើងវិញនោះ លោកអភិបាលខេត្ត បានជ្រើសយក២ជម្រើស ដោយជម្រើសទី១ គឺឲ្យក្រុមហ៊ុនដែលសាងសង់ មិនទាន់ហួសសុពលភាពថែទាំ ត្រូវជួសជុល និងអ៊ុតកៅស៊ូ AC ទាំងអស់។ ហើយប្រសិនបើនៅតែមិនគង់វង្សទៀតនោះ ជម្រើសទី២ គឺឈូសចោលទាំងអស់ ហើយសាងសង់ថ្មី ជាផ្លូវបេតុងតែម្ដង។
លោកអភិបាលខេត្ត ឱ្យដឹងទៀតថា នៅតំបន់ទំនាបក្នុងក្រុង ដើម្បីបញ្ជៀសការដក់ទឹកដោយកន្លែង រដ្ឋបាលខេត្តបានសម្រេចចិត្ត កាត់ផ្លូវជាតិលេខ៧ និងធ្វើលូធំ នៅខាងក្រោមតែម្ដង ដើម្បីបង្ហូរទឹកទៅបឹងស្នាយ ដែលកិច្ចការនេះត្រូវបានប្រគល់ឲ្យមន្ត្រី ខាងការិយាល័យផែនការនិងវិនិយោគ និងមន្ត្រីជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ធ្វើការសិក្សា ដោយដាក់លូមុខកាត់ទំហំ ៣ ម៉ែត្រ ធ្វើផ្លូវបេតុងពីលើ ដើម្បីរំដោះជំនន់ទឹកភ្លៀងទៅបឹងស្នាយ៕