(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ បានបន្តដឹកនាំសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី៤ ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរូល ៥៥រូប។

កិច្ចប្រជុំនេះមានរបៀបវារៈ១ ប៉ុណ្ណោះនោះគឺ ការពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីបួន ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ មានគោលបំណងសំខាន់ជំរុញរំហូរវិនិយោគ ក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងបង្កើតបរិយាកាសវិនិយោគដោយសេរី ងាយស្រួល មានតម្លាភាព និងមានលក្ខណៈប្រកួតប្រជែង ដើម្បីផ្តល់អត្ថប្រយោជន៍ដល់វិនិយោគិន និងការវិនិយោគក្នុងអាស៊ាន ព្រមទាំង មានភាពចាំបាច់សម្រាប់ធ្វើការវាយតម្លៃ និងត្រួតពិនិត្យឡើងវិញ នូវលក្ខខណ្ឌតម្រូវកាតព្វកិច្ចចំពោះវិនិយោគិនបរទេស ដែលនៅជាធរមានរបស់រដ្ឋសមាជិក និងពិចារណាធ្វើការប្តេជ្ញាចិត្តបន្ថែមនៅក្នុងមាត្រា៧ «ការហាមឃាត់លក្ខខណ្ឌតម្រូវឱ្យបំពេញកាតព្វកិច្ច» នៃកិច្ចព្រមព្រៀងវិនយោគទូលំទូលាយអាស៊ាន ដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងកាន់តែប្រសើរឡើង និងអំណោយផលដល់ការទាក់ទាញវិនិយោគពីប្រទេសផ្សេង មកក្នុងតំបន់អាស៊ាន។

ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបន្ថែមថា ពិធីសារទីបួននេះ នឹងក្លាយជាលិខិតូបករណ៍ អន្តរជាតិមួយទៀត ដែលជួយឱ្យព្រះរាជាណាចក្រកម្ពុជា ក្នុងការទាក់ទាញក្រុមហ៊ុន ដែលចុះបញ្ជីនៅក្នុងបណ្តារដ្ឋ សមាជិកអាស៊ានមកបណ្តាក់ទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាប្រកបដោយភាពជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា។

អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៥សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ២មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ៩៦សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ នាសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦។