(តាកែវ)៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ នាយករដ្ឋមន្រ្តី និងលោកស្រី ប៉ែន ចន្ទី ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ និងដង្ហែរអង្គកឋិនទាន នៅក្នុងមន្ទីរពុទ្ធសីមាវត្តតុំ ស្ថិតនៅសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ។

របាយការណ៍ស្វាគមន៍របស់លោក កង អាណាន់ អភិបាលក្រុងដូនកែវ ខេត្តតាកែវ បានឲ្យដឹងថា ក្រោយថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ រហូតមកដល់បច្ចុប្បន្ន នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី ប៉ែន ចន្ទី ជាពុទ្ធសាសនូបត្ថម្ភមួយដ៏ឆ្នើម និងយកចិត្តទុកដាក់បំផុតក្នុងការ លើកកម្ពស់វិស័យពុទ្ធសាសនា និងបានស្ថាបនាកសាងវត្តតុំយ៉ាងល្អត្រចះត្រចង់ ទៅជារមណីយពុទ្ធសាសនា។

ជាពិសេស នាយឧត្តមសេនីយ៍ និងលោកស្រី ព្រមទាំងសហការីតែងតែឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃដើម្បី ចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្នុងក្រុងដូនកែវជាប់ជានិច្ច ព្រមទាំងចូលរួមចំណែក ថវិកាយ៉ាងច្រើន សន្ធឹកសន្ធាប់ ក្នុងការកសាងអភិវឌ្ឍន៍ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រជាច្រើនក្នុងក្រុងដូនកែវ។

ក្នុងឆ្នាំ២០២២នេះ អំណោយដ៏ថ្លៃថ្លាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់ជូនតាមរយៈនាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី ប៉ែន ចន្ទី បាន ឧបត្ថម្ភអំពូលភ្លើងសូឡាចំនួន ២៥៥ដើម និងបានតម្លើងរួចរាល់ក្នុងសង្កាត់រកាក្រៅ ចំណាយថវិកាអស់ ២០៤០០ដុល្លារ សរុបសមិទ្ធិផលដែលនាយឧត្តមសេនីយ៍ និងលោកស្រី បានចំណាយក្នុងរយៈពេលកន្លងមក រហូតដល់ពេលនេះគិតជាថវិកាស្មើនឹង ១.១២៣.២៥០ដុល្លារ។

ក្រៅពីនោះ នាយឧត្តមសេនីយ៍ និងលោកស្រី បានជួយជាសម្ភារ ថវិកាជាច្រើនទៀត សម្រាប់ប្រជាពលរដ្ឋក្រុងដូនកែវផងដែរ។ លោកបានបញ្ជាក់ថា ថវិកា និងសម្ភារខាងលើនេះ មិនបានបូកបញ្ចូលការ ចំណាយលើការកសាងសមិទ្ធផលជាច្រើនទៀតាមស្រុកនានាក្នុងខេត្តតាកែវនោះទេ។

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានមានប្រសាសន៍ថា ការជួបជុំគ្នាក្នុងថ្ងៃនេះ អាចធ្វើឡើងប្រកបដោយភាពជិតស្និទ្ធសប្បាយរីករាយ ព្រមជាមួយនឹងទំនុកចិត្តខ្ពស់លើសុវត្ថិភាពផ្នែកសុខភាព ដោយសារកម្ពុជាទទួលបានសុខសន្តិភាព និងទទួលបានជោគជ័យលើការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលនាំឱ្យមានការបើកប្រទេសទ្បើងវិញលើគ្រប់វិស័យ និងការរៀនរស់នៅជាមួយជំងឺកូវីដ-១៩ ដោយប្រុងប្រយ័ត្នតាមគន្លងប្រក្រតីភាពថ្មី។

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដោយមានសម្តេចតេជោ ជាអ្នកដឹកនាំផ្ទាល់ បានខិតខំគិតគូរបន្ថែមទៀត សំដៅធ្វើយ៉ាងណារក្សា ឱ្យបាននូវនិរន្តរភាពយូរអង្វែង ឱកាសទាំងនេះសម្រាប់ទាំងពេលបច្ចុប្បន្ន និងអ្នកជំនាន់ក្រោយតរៀងទៅ តាមរយៈការរក្សាការពារឱ្យបានដាច់ខាតនូវកត្តាកំណត់ ៣ធំៗ រួមមាន៖

*ទី១៖ ការពារសុខសនិ្តភាព
*ទី២៖ រក្សាឱ្យបាននូវស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ
*ទី៣៖ ពង្រឹងបន្ថែមនូវការអភិវឌ្ឍទៅមុខឥតឈប់ឈរ។

កត្តាទំាងនេះ អាចមានលំនឹងទៅបាន គឺអាស្រ័យលើចក្ខុវិស័យ និងសមត្ថភាពដឹកនាំដ៏ប៉ិនប្រសប់ ព្រមជាមួយនឹងសកម្មភាពអនុវត្តជាក់ស្តែងរបស់ថ្នាក់ដឹកនាំរបស់ជាតិ ដោយមានការចូលរួមរបស់ប្រតិបត្តិករ ដែលមានឆន្ទៈ ការប្តេជ្ញាចិត្ត និងសមត្ថភាពពិតប្រាកដ ក្នុងបុព្វហេតុរួម គឺការកសាង ការពារ និងអភិវឌ្ឍប្រទេស ដោយនាំមកនូវអនាគតដ៏ត្រចះត្រចង់ជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី ប៉ែន ចន្ទី បានវេរប្រគេនបច្ច័យសង្កត់ត្រៃអង្គកឋិនទាន វត្តតុំ មានចំនួន ១០០លានរៀល បច្ច័យពុទ្ធបរិស័ទចំណុះជើងវត្ត ចំនួន ២២លាន ៥០ម៉ឺនរៀល រួមនិងគ្រឿងឧបភោគបរិភោគជាច្រើនមុខទៀត និងបានឧបត្ថម្ភដល់សាលាក្រុងដូនកែវ ថវិកា ២លានរៀល, សាលាសង្កាត់រកាក្រៅ ថវិកា ៥០ម៉ឺនរៀល ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់លោកតាលោកយាយជី មន្ត្រីក្រុមប្រឹក្សាក្រុង សង្កាត់ទាំងបី លោកគ្រូអ្នកគ្រូ យុវជន បងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងដូនកែវ ខេត្តតាកែវជាច្រើនរូបទៀតផងដែរ៕