(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកអំពីរឿងរ៉ាវកាលពី១០ឆ្នាំមុនរបស់ លោកស្រី ទេព កុលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ដែលសម្តេចបានបញ្ជាក់ថា សម្តេចបានខ្ចីលុយគេប្រមាណ៣លានដុល្លារ ដើម្បីសង្គ្រោះស្ត្រីរូបនេះ ឱ្យរួចផុតពីបណ្តឹង ឧកញ៉ា កុក អាន។

ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ដែលជាសាកលវិទ្យាល័យរបស់ លោកស្រី ទេព កុលាប នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា រឿងរ៉ាវរបស់ លោកស្រី ទេព កុលាប កាលពី១០ឆ្នាំមុន ជារឿងអយុត្តិធម៌ ហើយបើគ្មានការសង្គ្រោះពីសម្តេចទេ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ច្បាស់ជាដួលរំលំតាំងពីពេលនោះមកម្ល៉េះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា «បើគ្មានការសង្គ្រោះ កុលាប ទេ សាកលវិទ្យាល័យនេះវាដួលរលំបាត់តាំងពីពេលនោះ វាមានរឿងអយុត្តិធម៌មួយកើតឡើង ពេលនោះខ្ញុំមិនបានដឹងរឿងច្បាស់លាស់ទេ»

លោក ហេង ឈាង អតីតអគ្គនាយកក្រុមហ៊ុន Anco Brothers Co, LTD និង លោកស្រី​ ទេព កុលាប ជាប្រពន្ធ ត្រូវបានប្តឹងដោយ ឧកញ៉ា កុក អាន ម្ចាស់ក្រុមហ៊ុន Anco Brothers Co, LTD រហូតដល់មានការចាប់ខ្លួន កាលពីឆ្នាំ២០១១ ក្រោម​ការចោទប្រកាន់ពីបទរំលោភលើសេចក្តីទុកចិត្ត ក្នុងទឹកប្រាក់ជាង ៥៨ លានដុល្លារសហរដ្ឋអាមេរិក។

ប៉ុន្តែកាលពីខែកញ្ញា ឆ្នាំ២០១២ តុលាការកំពូល បានទម្លាក់ការចោទប្រកាន់ប្រឆាំងអ្នកស្រី ទេព កុលាប បន្ទាប់ពីតុលាការកំពូល មិនបានរកឃើញមានទោសកំហុស។ ចំណែកលោក ហេង ឈាង ក៏ត្រូវបានដោះលែងវិញក្នុងឆ្នាំ២០១៤ បន្ទាប់ពីលោកបានពិន័យផ្ដន្ទាទោសជាង៣ឆ្នាំ។

កាលពីកញ្ញា ឆ្នាំ២០១២ ខណៈលោកស្រី ទេព កុលាប ចេញពីសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្រោយពីលោកស្រីត្រូវបានចៅក្រមតុលាការកំពូលលើកលែងការចោទប្រកាន់ លើសំណុំរឿងរំលោភទំនុកចិត្ត ដែលមានដើមបណ្តឹងលោកឧកញ៉ាកុក អាន មានមន្ត្រីប៉ូលិសស្លៀកពាក់ស៊ីវិលមានគ្នាពី៦ ទៅ៧នាក់ ជិះម៉ូតូ៣គ្រឿង និងរថយន្តអត់ស្លាកលេខ១គ្រឿង ដេញតាមប្រមាញ់ លោកស្រីទេព កុលាប និងសាច់ញាតិ ព្រមទាំងអ្នកបើកបរ នៅក្នុងរថយន្តមួយ នៅក្បែរវិមានឯករាជ្យ បណ្តាលឱ្យមានការភិតភ័យ បើកចូលក្នុងរបងផ្ទះសម្តេចតេជោ ហ៊ុន សែន។

សម្តេចបានរំលឹកថា ពេលនោះសម្តេចពុំបានដឹងរឿងច្បាស់ថា ប៉ុន្តែឃើញមានបាតុកម្មតវ៉ារបស់ សាស្ត្រាចារ្យ និងនិស្សិតនៅសាកលវិទ្យាល័យ។ សម្តេចបានថ្លែងអំណរគុណដល់តុលាការកំពូល​ដែលបានកាត់សេចក្តីឱ្យ​ លោក ហេង ឈាង ដែលជាប្តីរបស់ លោកស្រី​ ទេព កុលាប រួចផុតពីការជាប់ពន្ធនាគារ។

សម្តេចបានរំលឹកអំពីការដេញចាប់ប្រផាប់ប្រភីងលើ អ្នកស្រី កុលាប ដែលរហូតដល់ មានការបើករថយន្តចូលផ្ទះសម្តេច ដើម្បីស្នើសុំអន្តរាគមន៍ ទើបធ្វើឱ្យសម្តេចបានដឹងរឿងរ៉ាវពិត។

សម្តេចថ្លែងថា «រឿងនេះជារឿងដ៏កម្សត់មួយ បើយោងតាមពាក្យបណ្តឹង ឈាង ដែលជាក្មួយរបស់ដើមចោទ ត្រូវសង៥៨លានដុល្លារ ប៉ុន្តែទីចុងបំផុត គឺសម្រុះសម្រួលនៅត្រឹម៣លានដុល្លារ ដែល៣លាននេះ ពួកនេះអត់មានលុយទៀត អញ្ចឹងជម្រើសដែលនៅសល់ មិនមែនបញ្ហានៅសល់មិនមែនបញ្ហានៅត្រឹមប៉ុណ្នឹងទេ ពេលនោះខ្ញុំអត់មានលុយទេ លុយសម្រាប់សង្គ្រោះទូរទស្សន៍បាយ័នមួយផ្នែក ហើយមួយផ្នែកទៀតកូនស្រីរបស់ខ្ញុំទៅខ្ចីគេទេ បាន៣លាន យកមកដើម្បីសងកុក អាន»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កាលពីប្រមាណ៥ខែមុន សម្តេចបានលើករឿងនេះប្រាប់ទៅ លោកស្រី ហ៊ុន ម៉ាណា ថាបើសិនជា អ្នកស្រី ទេព កុលាប មិនមានលុយសងសូមយោគយល់ដល់គាត់ ហើយលុបបំណុលនេះ ប៉ុន្តែលោកស្រី ហ៊ុន ម៉ាណា បានបញ្ជាក់វិញថា «លុយនោះត្រូវបានសងរួចរាល់ហើយ»

សម្តេចបានបញ្ជាក់ថា «បើិសិនជាពេលនោះ ឈាង ក៏ជាប់គុក កុលាបក៏ជាប់គុក សាកលវិទ្យាល័យភ្នំពេញអន្តរជាតិនេះ វាងាប់​បាត់តាំងពីពេលនោះ មិនអាចបណ្តុះបណ្តាលនិស្សិតបានទេ»

សម្តេចបញ្ជាក់ថា ពេលខ្លះយើងពិបាកមើលជាមួយនឹងភាពអយុត្តិធម៌ ដែលកើតឡើង រឿងនេះវាទាក់ទងនឹងជម្លោះក្នុងគ្រួសារមួយ។ សម្តេចបន្តថា «អ្នកទន់ខ្សោយតែរត់រកនាយករដ្ឋមន្ត្រី បើនាយករដ្ឋមន្ត្រីមិនជួយមានតែចប់ ឧទាហរណ៍ថា បើនាយករដ្ឋមន្ត្រី គាំទ្រដើមបណ្តឹង ២នាក់ហ្នឹងមិនចូលគុក រត់ចូលផ្ទះនាយករដ្ឋមន្ត្រីហើយ ចាប់បញ្ចូលគុកតែម្តងមិនស្រូល ប៉ុន្តែយើងខិតខំការពារ នៅមានរឿងច្រើនទៀតដែលពិបាកនិយាយ»