(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ឱ្យដឹងថា ខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ថតទើបបានប្រមាណ ៣០% និងបានចំណាយថវិកាអស់ ២.៥លានដុល្លាររួចមកហើយ និងបានត្រៀមប្រើប្រាស់ថវិកា ៦លានដុល្លារដើម្បីថតរឿងនេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូចនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ចំនួនជាង ២ពាន់នាក់ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ខ្ញុំគ្រាន់តែបញ្ជាក់ជូនលោកឯងឱ្យបានច្បាស់ តម្លៃនៃការថតត្រឹមតែ ៣០% អស់ ២លាន ៥សែនដុល្លាររួចហើយ លោកឯងត្រូវដឹង ព្រោះរឿងប្រវត្តិសាស្ត្រមួយមិនអាចធ្វើរឿងខ្ជីខ្ជាបាននោះទេ រឿងដ៏ទៃទៀតធ្វើត្រឹមតែ ៣០ ៤០ម៉ឺន ឫ៥០ម៉ឺនដុល្លារ អាចចាក់បញ្ជាំងបានរាប់ខែ តែរឿងនេះគឺខ្ជីខ្ជាមិនបាននោះទេ ហើយម្យ៉ាងយើងយកតួរ ៣ជំនាន់ [..] គ្រាន់តែនៅពេលនោះយើងអត់មានមធ្យោបាយផ្សេង ដោយប្រើប្រាស់យន្តហោះ ឫរងក្រោះសម្រាប់ការប្រយុទ្ធនោះទេ»។
សម្តេចតេជោ បានបន្ថែមថា រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នេះកំពុងតែដំណើរការថត និងត្រៀមថវិកាចំនួន ៦លានដុល្លាអាមេរិក សម្រាប់បញ្ចប់មួយរឿងនេះ ហើយបើមិនគ្រាន់នោះទេ ក៏មានកូនរបស់សម្តេច ឫអ្នកដ៏ទៃក៏អាចចូលរួមបានផងដែរ ដោយមិនមានចាយលុយរដ្ឋនោះទេ ទោះបីក្នុងរឿងនេះបានប្រើកងទ័ពចន្លោះពី ១៥០០ ទៅ ២០០០នាក់ ដែលត្រូវថតក្នុងរឿងនេះ ក៏សម្តេចត្រូវចេញថវិកាសម្រាប់ឱ្យកងទ័ពដែរ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា រឿងនេះជាដំណាក់កាលប្រវត្តិសាស្ត្រ និងជារឿងពិតដែលនិយាយពីសាច់រឿងរបស់សម្តេច ក្នុងកំឡុងពេលចូលព្រៃ ដែលចូលតាមការអំពាវនាវរបស់សម្តេចព្រះនរោត្តម សីហនុ ហើយការតស៊ូរបស់សម្តេច គឺចាប់ផ្តើមពីការទាមទារឱ្យព្រះកូណាបិតា យាងត្រឡប់មកមាតុប្រទេសវិញ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា រឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» គឺជារឿងដែលបានរំលេចពីប្រវត្តិសាស្ត្រ និងមែនគ្រាន់តែរំលេចតួអង្គរបស់សម្តេចមួយនោះទេ ប៉ុន្តែវាបានរំលេចនូវដំណើរជាតិតែម្តង ដោយចាប់ផ្តើមពីគេធ្វើរដ្ឋប្រហារទម្លាក់ព្រះកូណា។ សម្តេចបានគុសបញ្ជាក់ថា រឿងនេះអាចនឹងចាប់ផ្តើមធ្វើការចាក់បញ្ជាំងនៅចូលឆ្នាំក្រោយផងដែរ។
សូមបញ្ជាក់ដែរថា ទាក់ទងនឹងខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងឱកាសជួបសំណេះសំណាល និងផ្តល់អនុសាសន៍ជាលើកទី២ ទៅដល់អ្នកដឹកនាំសម្តែង អ្នកសម្តែង និងក្រុមការងារផលិតទាំងអស់ សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើការក្រើនរំលឹក ដល់គណៈកម្មការ អ្នកដឹកនាំ អ្នកនិពន្ធរឿង និងអ្នកបច្ចេកទេសថតទាំងអស់ ត្រូវខិតខំបន្តសិក្សាស្រាវជ្រាវឱ្យកាន់តែស៊ីជំរៅថែមទៀត ទាក់ទិនទៅនិងសាច់រឿង និងទីតាំងប្រវត្តិសាស្រ្ត នៃដំណើររឿង តួសំដែងគ្រប់តួអង្គទាំងអស់។
ក្នុងភាពយន្តភាគរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី ជារឿងភាគមួយទាក់ទិនទៅនិងដំណើរជីវិតពិតរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងសម័យសង្គ្រាម លន់ នល់ រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ការរត់ចូលព្រៃម៉ាកគី សម័យកាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ការឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកកម្លាំងអ្នកស្នេហាជាតិ មករំដោះប្រទេសចេញ ពីរបបប៉ុលពត ការជួបជុំភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ពិសេសទាក់ទិនទៅនិងជីវិតពិតរបស់សម្តេចផ្ទាល់ ចាកចេញពីមាតាបិតាបងប្អូនបង្កើតរបស់សម្តេចពីភូមិកំណើត មកស្វែងរកការសិក្សារៀនសូត្រ នៅរាជធានីភ្នំពេញ ការស្នាក់នៅអាស្រ័យជាមួយព្រះសង្ឃក្នុងវត្តនាគវ័ន្ត ដើម្បីការសិក្សាកុំឲ្យល្ងង់ខ្លៅ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បន្តដាស់តឿនហើយដាស់តឿនទៀត ដល់គណៈកម្មការដឹកនាំ អ្នកនិពន្ធរឿង និងអ្នកបច្ចេកទេសថត ត្រូវយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់បំផុត ពីតួសំដែងនៃតួអង្គប្រវត្តិសាស្រ្តនិមួយៗ ក្នុងសាច់រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី។ ពិសេសតួអង្គមេបញ្ជាការ សំរេច ដែលឆ្លងកាត់នូវធ្វើពលីកម្មសាច់ស្រស់ ឈាមស្រស់ ឈ្លងកាត់សមរភូមិរាប់មិនអស់ រហូតធ្លាក់ខ្លួនពិការភ្នែក និងតួអង្គអ្នកគ្រូពេទ្យ រ៉ានី ដែលសំដៅទៅលើសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
គួរជម្រាបថា ក្នុងខ្សែភាពយន្តប្រវត្តិសាស្ត្រនៃការតស៊ូរបស់សម្តេច តេជោ ហ៊ុន សែន ចំណងជើងថា «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» មានកញ្ញា ហ៉ិន ច័ន្ទនីរ័ត្ន ជាតួឯកស្រី ខណៈតួឯកប្រុស គឺសម្តែងដោយ លោក ប៉ាន់ ខែមម៉ានូ៕