(ត្បូងឃ្មុំ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូអញ្ជើញចុះទស្សនកិច្ចសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ដែលស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២។

គួរជម្រាបថា តំបន់កោះថ្ម ចំណុចអាងដាច់ X16 គឺជាចំណុចនៃការចាប់ផ្ដើមដំណើរតស៊ូរំដោះជាតិ របស់សម្ដេចតេជោ ហ៊ុន សែន ឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០)។

សម្តេចតេជោ ហ៊ុន សែន បានចុះហត្ថលេខាដោយបង្កក់ដីនៅតំបន់ X16 ជាង១,១៧៦ហិចតា ដើម្បីធ្វើជាតំបន់ពាណិជ្ជកម្ម និងការផ្លាស់ប្តូរទំនិញ។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានថ្លែងថា គោលដៅរបស់សម្តេច គឺកែប្រែតំបន់ព្រំដែនកម្ពុជា-វៀតណាម ទៅជាតំបន់សន្តិភាព ព្រំដែនមិត្តភាព ព្រំដែនសហប្រតិប្តិតការ និងការអភិវឌ្ឍ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ត្រូវរក្សាដីជាង១ពាន់ហិចតានេះ គឺធ្វើយ៉ាងណាគ្រប់គ្រងឱ្យបានល្អ ដើម្បីទាក់ទាញវិនិយោគិននានា ចូលមកអភិវឌ្ឍន៍ជាតំបន់សេដ្ឋកិច្ចពិសេស បន្ថែមពីនេះ ត្រូវពិនិត្យលើប្រព័ន្ធសេវាទូរស័ព្ទ ទឹក ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីតភ្ជាប់មកកាន់តំបន់ X16 នេះជាដើម ដើម្បីផ្តល់ភាពងាយស្រួលការវិនិយោគ៕