(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកថា សេចក្តីសម្រេចរបស់តុលាការទីក្រុងប៉ារីសប្រទេសបារាំង ដែលសម្រេចថា «សម្តេចតេជោ ហ៊ុន សែន មិនមានការពាក់ព័ន្ធនឹងការស្លាប់របស់ លោក ហុក ឡង់ឌី»នោះ គឺជាការផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូនសម្តេច ដោយសារតែសម្តេចចង់បានតែការសម្រេចប៉ុណ្ណឹងប៉ុណ្ណោះ។

ជាមួយនឹងការប្រកាសទទួលយកសេចក្តីសម្រេចនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចនឹងមិនមានការប្តឹងទៅសាលាឧទ្ធរណ៍នោះទេ ហើយអះអាងថា ប្រសិនបើ លោក សម រង្ស៉ី ប្តឹងទៅសាលាឧទ្ធរណ៍នោះ សម្តេចនឹងកំដរតតាំងក្តីជាមួយ មេក្រុមប្រឆាំងក្រៅច្បាប់នេះដល់ទីបញ្ចប់។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «តើ ហ៊ុន សែន ចង់បានអ្វី ទើបបានជាតាមវ៉ៃដល់ផ្ទះ គឺ ហ៊ុន សែន ចង់បានភាពស្អាតស្អំនៅទីនោះ អត់មានចង់បានអីទេ។ ពួកគេគិតថា ពួកគេឈ្នះ គេអាចនិយាយទៅរួច ប៉ុន្តែខ្ញុំគួរតែដកស្រង់សាលក្រមទាំងមូលជាភាសាបារាំង ដែលមាន១៣ទំព័រ»

សម្តេចបានថ្លែងអំណរគុណចំពោះតុលាការបារាំង ដែលបានផ្តល់យុត្តិធម៌ និងភាពស្អាតស្អំសម្រាប់សម្តេចដោយបញ្ជាក់ថា អ្វីដែលលើកឡើងដោយ លោក សម រង្ស៉ី គឺជារឿងបរិហារកេរ្តិ៍យ៉ាងធ្ងន់ធ្ងរលើសម្តេច និងសម្រេចថា សម្តេចមិនមានការពាក់ព័ន្ធជាមួយនឹងករណីស្លាប់របស់ លោក ហុក ឡង់ឌី នោះទេ។ នេះជាចំណុចដែលសម្តេចចង់បាន ដែលនាំឱ្យមានការប្តឹងទៅដល់តុលាការបារាំង រយៈពេល៣ឆ្នាំមកនេះ។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំគ្រាន់តែយកចំណុច ៣ មកលាតត្រដាងនៅទីនេះ ព្រោះខ្ញុំត្រូវការតែប៉ុណ្ណឹង អញ្ចឹងបានខ្ញុំបង្ហោះហ្វេសប៊ុកយប់មិញថា ពីខ្មែរទៅដល់បារាំង គឺខ្ញុំចង់បានប៉ុណ្ណឹង»។ សម្តេចបញ្ជាក់ថា «រឿងសេចក្តីសម្រេចគឺជារឿងមួយប៉ុន្តែរឿងចាប់ផ្តើមមុននឹងឈានដល់សេចក្តីសម្រេច គេត្រូវធ្វើការរៀបរាប់ពីបណ្តាអង្គហេតុផ្សេងៗ ដែលរឿងរ៉ាវកើតឡើង»

សម្តេចបានដកស្រង់ចំណុចទំព័រទី៧ នៃសាលក្រមរបស់តុលាការក្រុងប៉ារីស ត្រង់ចំណុចមួយបញ្ជាក់ថា «ការចោទប្រកាន់ថា លោក ហ៊ុន សែន ជាអ្នកបង្គាប់បញ្ជា ឱ្យមានការធ្វើឃាត ដែលមានចរិតនយោបាយទាំង២ករណីខាងលើ និងថាបានធ្វើការបិទបាំងកាលៈទេសៈនៃការធ្វើឃាតនេះ គឺជាការធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ដើមបណ្តឹងរដ្ឋប្បវេណី គឺ ហ៊ុន សែន ពីព្រោះថា អង្គហេតុដែលបានរៀបរាប់ចោទប្រកាន់នេះ អាចនឹងត្រូវគេចាត់ទុកថាជាបទល្មើសសមគំនិត ក្នុងការប៉ុនប៉ងមនុស្សឃាត តាមរយៈការធ្វើជាមេគំនិត តាមរយៈការធ្វើបានចូលរួមក្នុងការប្រព្រឹត្តបទឧក្រិដ្ឋមួយដែលត្រូវផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ ដោយក្រមព្រហ្មទណ្ឌបារាំង មាត្រាទី ២២១.៣ ដែលអាចមានទោសរហូតដល់ជាប់គុកមួយជីវិត ដូច្នេះការនិយាយចោទប្រកាន់នេះ ត្រូវចាត់ទុកថា "ជាការបរិហារកេរ្តិ៍លោក ហ៊ុន សែន" ហើយដែលភាគីជនជាប់ចោទ សម រង្ស៉ី​ មិនបានបដិសេធនោះទេ»

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «មានន័យថាយ៉ាងម៉េច មានន័យថា នេះជាការបរិហារកេរ្តិ៍ លោក ហ៊ុន សែន ចំណុចនេះគេបានបញ្ជាក់នៅកន្លែងហ្នឹង លោកឯងថាឈ្នះយ៉ាងម៉េច»។ សម្តេបញ្ជាក់បន្តថា «នេះជាចំណុចទី១ នៃជោគជ័យក្នុងការស្វែងរកយុត្តិធម៌ និងភាពស្អាតស្អំ ដែលខ្ញុំហៅថា ខ្ញុំតាមវ៉ៃដល់ផ្ទះ ដើម្បីស្វែងរកយុត្តិធម៌ និងភាពស្អាតស្អំរបស់ខ្ញុំ»

បន្ទាប់ពីលើចំណុចទី១ ហើយនោះ សម្តេចក៏បានលើកចំណុចសំខាន់ទី២ នៃសាលក្រមនេះបន្តទៀត នោះគឺនៅក្នុងទំព័រទី១២ ដោយបញ្ជាក់ថា៖ «លោក សម​ រង្ស៉ី មិនបានបង្ហាញភស្តុតាងច្បាស់លាស់គាំទ្រសមិទ្ធកម្មគាត់ ដែលថា មូលហេតុនៃគ្រោះថ្នាក់នៃការផ្ទុះគ្រាប់បែក និងមិនមែនជាបញ្ហាអាកាសធាតុ ដែលដើមបណ្តឹងរដ្ឋប្បវេណី បានបញ្ជាក់នៅក្នុងទិសដៅលាក់បាំងមូលហេតុពិតប្រាកដនៃការស្លាប់របស់ លោក ហុក ឡង់ឌី។ជាក់ស្តែងអត្ថបទសារព័ត៌មានដែលផ្សព្វផ្សាយថា ឧទ្ធម្ភាចក្រការពាររន្ទះ ដែលការសន្មត់នេះចង់សំដៅថា ឧទ្ធម្ភាចក្រដែល ហុក ឡង់ឌី ជិះមានប្រព័ន្ធការពាររន្ទះដូចគ្នា មានលក្ខណៈទូទៅខ្លាំងពេក "មិនអាចយកមកបញ្ជាក់ ឬបដិសេធការអះអាងរបស់អាជ្ញាធរកម្ពុជា ចំពោះឧបទ្ទវហេតុមួយនេះទេ"។

លើសពីនេះទៀត ទោះបីជាជនជាប់ចោទ (សម រង្ស៉ី) បានលើកឡើងទាំងក្នុងពេលសវនាការ និងនៅក្នុងពាក្យសម្តីដែលត្រូវតុលាការចោទប្រកាន់ថា ខ្លួនបាននិយាយចោទប្រកាន់ដោយយោងទៅលើការប្រកាសរបស់អ្នកជំនាញផ្នែកយន្តហោះក៏ដោយ ប៉ុន្តែតុលាការកត់សម្គាល់ថា ជនជាប់ចោទមិនបានផ្តល់នូវការបញ្ជាក់ ឬកោសលវិច្ច័យណាមួយ នៅពេលសវនាការនោះទេ។ ចុងក្រោយ ការផ្តល់មកជូនតុលាការនូវរូបថតដែលមានគុណភាពមិនច្បាស់ អំពីបំណែកឧទ្ធម្ភាចក្រមិនអាចបង្ហាញបានថា ការធ្លាក់បែកឧទ្ធម្ភាចក្រនោះ កើតចេញពីការផ្ទុះគ្រាប់បែកជាជាងធ្លាក់ធម្មតានៅឡើយ។ បើមិនមានរបាយការណ៍ជំនាញសំអាង»

សម្តេចបានកត់សម្គាល់លើចំណុចនេះថា «អញ្ចឹងបានសេចក្តីថា អានេះចោទគេ រួចហើយអត់មានភស្តុតាងទៅដាក់បន្ថែមនៅទីនោះ អញ្ចឹងចំណុចនេះតុលាការគេបានបញ្ជាក់ នៅទីនេះគ្មានពាក់ព័ន្ធអ្វីជាមួយនឹង ហ៊ុន សែន ទេ»

សម្តេចក៏បានលើកឡើងអំពីនៅចុងកឋាខណ្ឌនេះ ដែលជាចំណុចសំខាន់ទី៣ថា «យោងលើមូលហេតុទាំងអស់ខាងលើឃើញថា មូលដ្ឋានអង្គហេតុទាក់ទងគ្នា នៃការនិយាយចោទប្រកាន់របស់ សម រង្ស៉ី មានលក្ខណៈខ្សោយ ដែលផ្ទុយយ៉ាងខ្លាំងនឹងការនិយាយចោទប្រកាន់មួយ ដែលមិនអាចទុកឱ្យមានការសង្ស័យណាមួយ អំពីការពាក់ព័ន្ធដោយសន្មត់លើ លោក ហ៊ុន សែន នៅក្នុងការធ្វើឃាត លោក ហុក ឡង់ឌី នោះទេ»

បន្ទាប់ពីបញ្ចប់ការលើកសំអាងហេតុសំខាន់ៗ៣ចំណុចខាងលើនេះ សម្តេចតេជោ បានប្រកាសអបអរសាទរ ចំពោះការសម្រេចរបស់តុលាការបារាំង ដែលបានផ្តល់យុត្តិធម៌ជូនសម្តេចទៅកាន់ពិភពលោក។

សម្តេចបានបញ្ជាក់ថា «បើទោះបីជា ការសម្រេច ឱ្យលោកឯកមិនត្រូវពិន័យសងខ្ញុំ ១អឺរ៉ូក៏ដោយ ប៉ុន្តែខ្ញុំមិនប្តឹងឧទ្ធរណ៍ទេ ព្រោះអ្វីដែលខ្ញុំចង់បានគឺកន្លែងហ្នឹង យុទ្ធសាស្ត្រផ្នែកច្បាប់ដែលខ្ញុំរង់ចាំតាំងពីឆ្នាំ២០១៩ ហោចណាស់ខ្ញុំត្រូវបានសម្អាតខ្លួនដោយតុលាការបារាំង»

សម្តេចបានបន្តថា «តើអ្នកឯងយល់ទេ អ្វីទៅជាយុទ្ធសាស្ត្រច្បាប់ បើអ្នកឯងមិនយល់ សូមបន្តមិនយល់ទៀតចុះ អាហ្នឹងខ្ញុំសូមប្រាប់ឱ្យអ្នកឯងភ្លឺភ្នែក អញ្ចឹងរឿងរ៉ាវដែលអ្នកឯងចោទខ្ញុំទាំងប៉ុន្មាន ត្រូវបានតុលាការគេបញ្ជាក់ ពិតមែនតែរឿងរ៉ាវ គេឱ្យលោកឯង ក្នុងភាពអនុគ្រោះ»។ សម្តេចបានលើកខ្លឹមសារនៅក្នុងសាលក្រមថា «ការកាត់ទោស​ផ្នែកព្រហ្មទណ្ឌ អាចប៉ះពាល់យ៉ាងជាក់ស្តែង ដល់វិសមាមាត្រ នៃសិទ្ធិសេរីភាពបញ្ចេញមតិ រវាងដើមបណ្តឹង និងជនជាប់ចោទ ដែលត្រូវការពារដោយមាត្រា១០ នៃអនុសញ្ញាអឺរ៉ុបស្តីពីសិទ្ធិមនុស្ស ដូច្នេះ លោក សម រង្ស៉ី​ នឹងទទួលបានការអនុគ្រោះ ឱ្យរួចផុតពីបទចោទប្រកាន់»

សម្តេចបញ្ជាក់ថា៖ «តុលាការប្រើពាក្យអនុគ្រោះឱ្យរួចផុតពីការចោទប្រកាន់ ដោយយោងទៅលើ ច្បាប់របស់អឺរ៉ុប អញ្ចឹងអ្នកឯងឈ្នះនៅកន្លែងណាទៅ? ក្នុងនេះសេចក្តីសម្រេចនិយាយអញ្ចេះ " យោងតាមហេតុផលនេះ ការតទល់រវាងលោក សម រង្ស៉ី ជាចុងចម្លើយ និងលោក ហ៊ុន សែន ជាដើមបណ្តឹងរដ្ឋប្បវេណី សម្រេចឱ្យ លោក សម រង្ស៉ី រួចផុតពីបទចោទ"។

សម្តេចបន្តថា «គេប្រៀបធៀបអញ្ចេះ នៅខាងលើអម្បាញមិញ គឺទាក់ទិនទៅនឹងច្បាប់របស់អឺរ៉ុប ហើយគេប្រៀបធៀបថា លោក ហ៊ុន សែន មានអំណាច ឯលោក សម រង្ស៉ី អត់មានអំណាច ជាប្រជាជនធម្មតា អញ្ចឹងគេបារម្ភអំពីបញ្ហាទាក់ទិននឹងសិទ្ធិបញ្ចេញមតិនៅទីនេះ អញ្ចឹងសម្រេចឱ្យ លោក សម រង្ស៉ី រួចផុតពីបទចោទ អាហ្នឹងទី១, ទី២.ទទួលស្គាល់ លោក ហ៊ុន សែនជាដើមបណ្តឹងរដ្ឋប្បវេណី ទី៣. បដិសេដការទាមទាររបស់ លោក ហ៊ុន សែន ដោយសារលោក សម រង្ស៉ី ត្រូវបានរួចផុតពីបទចោទ ព្រោះគេដាក់នៅខាងលើខាងក្រោមទារបាន១អឺរ៉ូ ដល់ទី៤. ច្រានចោលការទាមទារសំណងរបស់ លោក សម រង្ស៉ី​ចំពោះការរាល់ការចំណាយទាំងអស់ ព្រោះអាម្សៀនេះ វាទាមទារថា បើឈ្នះក្តី វាឱ្យខ្ញុំចំណាយទាំងអស់ទៅលើមេធាវីរបស់វា អញ្ចឹងគេទាត់ចោលទាំងពីរ ខ្ញុំអរគុណការថ្លឹងថ្លែងរបស់តុលាការបារាំង ប៉ុន្តែអ្វីដែលកន្លែងនេះ ខ្ញុំអត់ចង់បានទេ អ្វីដែលខ្ញុំចង់បាន គឺកឋាខណ្ឌយោង»

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការសម្រេចរបស់តុលាការយុត្តិធម៌បារាំងនេះ ជាការផ្តល់ភាពស្អាតស្អំឱ្យសម្តេច ដែលជាអ្វីដែលសម្តេចចង់ឱ្យពិភពលោកទទួលយក ពីព្រោះតែ លោក សម រង្ស៉ី បានបំភ្លៃថាសម្តេចជាអ្នកសម្លាប់ដន្លងរបស់ខ្លួន ខណៈដែលកូនរបស់សម្តេចចំនួន២នាក់ បានរៀបការជាមួយកូនទាំង២ របស់ លោក ហុក ឡង់ឌី ផងដែរ។​

សម្តេចតេជោ បានចំអកឱ្យ លោក សម រង្ស៉ី ដែលយំយែកសម្រកទឹកភ្នែកពេលស្ថិតនៅក្នុងរង្វង់ក្រចកសេះ ក្នុងតុលាការទីក្រុងប៉ារីសប្រទេសបារាំង។ សម្តេចបន្តថា «ជោគជ័យអ្នកឯងតែមួយគត់ គឺជោគជ័យមិនបានសងខ្ញុំមួយអឺរ៉ូ ដែលខ្ញុំគ្មានការចាំបាច់ ឯចំណុចចាំបាច់ គឺការបញ្ជាក់ភាពស្អាតស្អំរបស់ ហ៊ុន សែន ទៅវិញទេ បើលោក ឯងភ្លើបន្តភ្លើទៀតទៅ»

សម្តេចបានបញ្ជាក់ទៅកាន់អ្នកគាំទ្ររបស់ លោក សម រង្ស៉ីថា មនុស្សនេះនឹងចូលស្រុកមិនបាននោះទេ ហើយបើចូលមកមានតែស្វាគមន៍ដោយគុកប៉ុណ្ណោះ ខណៈដែលទណ្ឌិតរូបនេះ ត្រូវបានតុលាការកាត់ទោសជាច្រើនករណី នៅក្នុងប្រទេសកម្ពុជា។

សម្តេចបានបន្តថា «អ្នកឯងរកភស្តុតាងមកថា ខ្ញុំប្រព្រឹត្តមែនឬអត់? បើខ្ញុំប្រព្រឹត្តមែន ដូចគេនិយាយ គេ(តុលាការ) មិនមែនឱ្យខ្ញុំរួចខ្លួនឯងណា ខ្ញុំនឹងត្រូវជាប់គុក អស់មួយជីវិតថែមទៀត ថែមទាំងត្រូវបង់ថ្លៃមេធាវីឱ្យចុងចោទទៀត»

សម្តេចបានបញ្ជាក់បន្ថែមថា «ខ្ញុំត្រូវការភាពស្អាតស្អំតែប៉ុណ្ណឹង ឥឡូវភាពស្អាតស្អំខ្ញុំទទួលបានហើយ ខ្ញុំប្រកាសចេញពីទីនេះ ក្នុងនាមជាដើមបណ្តឹងដែលមានសិទ្ធិចុះហត្ថលេខាឱ្យមេធាវី ខ្ញុំសម្រេចចិត្តមិនធ្វើការប្តឹងឧទ្ធរណ៍ទេ ព្រោះខ្ញុំបានទទួលនូវការពេញចិត្ត ទៅលើការបកស្រាយថា ខ្ញុំគ្មានពាក់ព័ន្ធដូចការចោទប្រកាន់របស់មនុស្សចង្រៃហ្នឹងទេ ខ្ញុំអត់មានត្រូវការ ប៉ុន្តែក្នុងករណីដែលអ្នកឯងប្តឹងឧទ្ធរណ៍ខ្ញុំនឹងកំដរលេងជាមួយអ្នកឯងដល់ទីបញ្ចប់ បើអ្នកឯងមិនសុខចិត្ត»