(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សម្តេចផ្ញើលិខិតទៅព្រះបរមរាជវាំង ដើម្បីទូលថ្វាយព្រះករុណា សម្តេច ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំងលោក វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

ការប្រកាសបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងលោក វេង សាខុន ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការបង្គុំទូលថ្វាយព្រះមហាក្សត្រ តែងតាំងលោក វេង សាខុន ជារដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីផ្តល់គុណសម្បត្តិដល់លោកដែលបានចូលរួមដឹកនាំប្រទេសជាតិ ជាមួយរដ្ឋាភិបាលកម្ពុជា និងដើម្បីបញ្ចប់លើការងើងឆ្ងល់ដល់សាធារណជនជុំវិញករណីនេះ។

ក្នុងពិធីពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ចំនួនជាង២ពាន់នាក់ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «សួរថា វេង សាខុន ទៅណា បញ្ហាវាមិនថិតទៅដល់ការធ្ងន់ធ្ងរហួសហេតុទេ ក៏ប៉ុន្តែ អ្វីដែលខ្ញុំចង់បាន គឺវាមិនបានដូចបំណងថ្ងៃនេះ ខ្ញុំធ្វើលិខិតចូលទៅព្រះបរមរាជវាំងតែងតាំង វេង សាខុន ជារដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី យ៉ាងណាក៏ជាសាច់ឈាមរបស់យើង ជាមន្ត្រីដែលធ្វើជាមួយយើងតាំងពីយូរ»

ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា រដ្ឋាភិបាលមិនបោះបង់មន្ត្រីណាម្នាក់ចោលនោះទេ ប៉ុន្តែយើងត្រូវការ ការទទួលខុសត្រូវលើសពីនេះ ដើម្បីជំរុញវិស័យកសិកម្មឱ្យលឿនទៅមុខបន្ថែមទៀត។ ដូច្នេះត្រង់ចំណុចនេះសូមប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ កុំឱ្យមានការងើងឆ្ងល់ឱ្យសោះ។

បន្ថែមពីនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តាំទៅអ្នកវិភាគមួយចំនួន សូមកុំតាំងខ្លួនជាអ្នកចេះចំពោះការបញ្ចប់មុខតំណែងលោក វេង សាខុន ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលថាខុសនឹងច្បាប់រដ្ឋធម្មនុញ្ញ។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ក្រុមអ្នកវិភាគថា ការដកមុខតំណែងលោក វេង សាខុន ខុសនឹងច្បាប់រដ្ឋធម្មនុញ្ញ មាត្រា១១៩ ដូច្នេះ សូមអ្នកទាំងនោះទៅមើលមាត្រា ១១៩ថ្មី នៃរដ្ឋធម្មនុញ្ញ ឱ្យច្បាស់ គឺមាត្រានេះបានចែងយ៉ាងច្បាស់ពីការបង្កើតរាជរដ្ឋាភិបាល មិនមែនចែងពីការដកហូតតំណែងមន្ត្រីជាន់ខ្ពស់នោះទេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកបង្ហាញទិដ្ឋភាពច្បាប់មួយចំនួនម្តងរួចទៅហើយ ដើម្បីបង្ហាញទៅក្រុមប្រឆាំងពាក់ព័ន្ធការតែងតាំង ឬដកសមាជិករាជរដ្ឋភិបាល។ ពាក់ព័ន្ធការតែងតាំង ឬដកសមាជិករាជរដ្ឋាភិបាលនេះ សម្តេចតេជោបានណែនាំក្រុមប្រឆាំងឱ្យទៅមើលមាត្រា២១ នៃច្បាប់រដ្ឋធម្មនុញ្ញ ដែលចែងអំពីព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ដើម្បីដំឡើងឋានៈ ឬដកហូតតំណែងរបស់មន្ត្រីជាន់ខ្ពស់ទាំងស៉ីវិល ទាំងយោធា តាមសំណើរបស់គណៈរដ្ឋមន្ត្រី ឬតែងតាំង ឬដកតំណែងផ្នែកតុលាការ តាមសំណើរបស់ឧត្តមក្រុមប្រឹក្សាចៅក្រម។

ដើម្បីពន្យល់ឱ្យច្បាស់ជុំវិញការបញ្ចប់តំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម, សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីទិដ្ឋភាពច្បាប់បន្ថែមថា៖ «និយាយពីអង្គនីតិប្រតិបត្តិ ពាក់ព័ន្ធនឹងរាជរដ្ឋាភិបាល ច្បាប់ស្តីពីការចាត់តាំង និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី ត្រង់មាត្រា២០ បានចង្អុលច្បាស់ នាយករដ្ឋមន្ត្រី លើកសំណើថ្វាយព្រះមហាក្សត្រ ដើម្បីបញ្ចប់មុខតំណែងសមាជិករាជរដ្ឋាភិបាល ដោយព្រះរាជក្រឹត្យ ត្រង់នេះបានចង្អុលចំទៅអញ្ចឹងតែម្តង ដោយសារតែខ្វះការសិក្សា និងមានះដើម្បីបំផ្លាញយើង គេចោទប្រកាន់យើងដោយអត់ការពិត»។

សូមជម្រាបថា តបតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ លោក វេង សាខុន ត្រូវបានព្រះករុណា សម្តេច ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងលោក វេង សាខុន ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ដោយឡែកសម្តេចតេជោ ហ៊ុន សែន បានចុះហត្ថលេខា ស្នើទៅកាន់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួស លោក វេង សាខុន៕