(ភ្នំពេញ)៖ អគ្គនាយករដ្ឋាករទឹក ស្វ័យតក្រុងភ្នំពេញ លោក ស៊ឹម ស៊ីថា បញ្ជាក់ឲ្យដឹងថា រហូតមកដល់ពេលនេះ ការសាងសង់រោងចក្រផលិតទឹកស្អាតនិរោធ ជំហានទី២ ដែលមានសមត្ថភាពផលិតទឹកបាន ១៣ម៉ឺនម៉ែត្រគួបក្នុង១ថ្ងៃនោះ សម្រេចបាន៨៣%ហើយ។
លោក ស៉ឹម ស៊ីថា បានបញ្ជាក់ទៀតថា នៅខែតុលា ឆ្នាំ២០១៦ខាងមុខ រោងចក្រផលិតទឹកស្អាតជំហានទី២នេះ អាចនឹងដាក់ប្រើប្រាស់បាន៥០% ដែលសមត្ថភាពផលិតទឹក៦ម៉ឺនម៉ែត្រគូប។
លោកបន្តថា រោងចក្រផលិតទឹកស្អាត ជំហានទី២ នឹងត្រូវសាងសង់រួចរាល់នៅឆ្នាំ២០១៧ នឹងមានសមត្ថភាពពេញលេញ ក្នុងការផលិតទឹកស្អាត ១៣ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ដូច្នេះបើសរុបទាំងជំហានទី១ និងជំហ៊ានទី២ រោងចក្រផលិតទឹកស្អាតនិរោធ មានសមត្ថភាពផលិតទឹកស្អាត ចំនួន២៦ម៉ឺនមែត្រគូបក្នុង១ថ្ងៃ។
អគ្គនាយករូបនេះ បានឲ្យដឹងទៀតថា ការសាងសង់រោងចក្របន្ថែមនេះ គឺដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់ទឹក របស់ប្រជាពលរដ្ឋដែល ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លោកបន្ថែមថា បច្ចុប្បន្ននេះប្រជាពលរដ្ឋរាជធានីភ្នំពេញ ត្រូវការទឹកស្អាតប្រើប្រាស់៥៥ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ខណៈដែលសមត្ថភាពផលិតទឹករបស់រដ្ឋាករទឹក មានត្រឹមតែ៤៥ម៉ែត្រគូបក្នុងមួយថ្ងៃ។
អគ្គនាយកដដែលរូបនេះ បានបញ្ជាក់ទៀតថា ដើម្បីបំពេញតម្រូវរបស់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ទឹកស្អាត រដ្ឋាការទឹកស្វ័យតក្រុងភ្នំពេញ កំពុងតែធ្វើការសិក្សាគម្រោងសាងសង់ រោងចក្រផលិតទឹកស្អាតមួយកន្លែងទៀត នៅតំបន់ចំការដូង ដែលអាចមានសមត្ថភាព ផលិតទឹកស្អាត៦ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ហើយថវិកានៃការសាងសង់នេះ រដ្ឋាករទឹកកំពុងពិចារណាសុំហិរញ្ញប្បទាន ពីប្រទេសបារាំង ដូចទៅនឹងគម្រោងសាងសង់ រោងចក្រផលិតទឹកស្អាតនិរោធផងដែរ។
សូមជម្រាបថា នៅថ្ងៃទី១៣ ខែមិថុនា ខាងមុខនេះ ឯកអគ្គរដ្ឋទូបារាំងនៅកម្ពុជា និងនាយកទីភ្នាក់ងារអភិវឌ្ឍប្រចាំកម្ពុជា និងឡាវ នឹងចុះទៅពិនត្យការសាងសង់ រោងចក្រផលិតទឹកស្អាតនិរោធ ជំហានទី២ ដែលកំពុងដំណើរការក្រោម សហហរិញ្ញប្បទាន របស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងរដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ។ រោងចក្រថ្មីនេះអាចនឹងជួយរដ្ឋាករទឹក ពង្រីកការផ្គត់ផ្គង់ទឹកស្អាត ដល់ប្រជាជន៣៥ម៉ឺននាក់បន្ថែមទៀត នៅតំបន់ជាយរាជធានីភ្នំពេញ៕