(ភ្នំពេញ)៖ តម្លៃសន្តិភាព និងសណ្តាប់ធ្នាប់សង្គមដែលមានតម្លៃខ្ពស់ មិនសំរាប់តែការដណ្តើមយកជីវិតរស់នៅនោះទេ ក៏ប៉ុន្តែតម្លៃជីវិត និងវប្បធម៌ថ្លៃថ្នូរនៃជីវិត របស់ពលរដ្ឋកម្ពុជា បានបង្ហាញកាលពីល្ងាចម្សិលមិញ ទី៧ ខែមិថុនា ឆ្នាំ២០១៦ នៅពហុកីឡាដ្ឋានជាតិ ដែលមានមនុស្សជាង៦ម៉ឺននាក់ ចូលទស្សនាការប្រកួតបាល់ទាត់ រវាងព្រះរាជាណាចក្រកម្ពុជា និងក្រុមជម្រើសជាតិឆាយនីសតៃប៉ិនោះមិនគិតដល់មនុស្សរាប់លាននាក់ ដែលតាមដាន តាមទូរទស្សន៍បាយ័ន និង Fresh News ដែលផ្សាយបន្តផ្ទាល់។
ជយោរីករាយ បន្លឺឡើងនូវក្តីរំភើបយ៉ាងខ្លាំង និងប្រកបដោយថាមពល ចាប់តាំងពីពហុកីឡាដ្ឋានជាតិ តាមហាងកាហ្វេ និងគេហដ្ឋាន ដែលគេស្រែក «ខ្មែរឈ្នះ ឈ្នះ» ដែលគេមានអារម្មណ៍ពិតៗនៃ «មោទនភាពជាតិខ្មែរ»។
ក្រោមកម្តៅរង់ចាំឆាកកីឡាចាប់ផ្តើម និងដំណក់ទឹកស្រិចៗរបស់ទឹកភ្លៀង មិនបានធ្វើឲ្យគេអស់កម្លាំងក្នុងការរង់ចាំទស្សនា ឬក៏ស្រែកជយោ នៅពេលដែលបាល់ ស្ថិតនៅក្នុងជើងកីឡាករកម្ពុជានោះឡើយ ហើយបើយើងធ្វើការប្រៀបធៀបរវាងទស្សនិកជនគាំទ្រនៅក្នុងកីឡដ្ឋានអូឡាំពិកកម្ពុជា និងកីឡដ្ឋានធំជាងគេនៅតៃវ៉ាន់ គឺមានភាពខុសគ្នាដូចមេឃ និងដី។
ភាពកក់ក្តៅបំផុតដែលបង្ហាញពីសមត្ថភាពគ្រប់គ្រង ការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខ ប្រកបដោយថាមពលខ្លាំង និងរស់រវើក របស់កងរាជអាវុធហត្ថជាតិ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធនានា ក្នុងកិច្ចប្រតិបត្តិការគាំទ្រការប្រកួតប្រជែងនេះ ក៏ជារូបភាពជោគជ័យមួយដ៏ត្រចះត្រចង់ ដែលទទួលបាននូវការវាយតម្លៃខ្ពស់គោរពជូនពីសាធារណជន។
វប្បធម៌ និងអារិយធម៌ជីវិតកម្ពុជាបច្ចុប្បន្ន គឺបានចាប់ផ្តើមវិលត្រឡប់មកកម្ពុជាវិញ ចាប់តាំងពីថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩។ ដូចនេះ ខ្ញុំបាទព្រមទាំងសហការី សូមឆ្លៀតឱកាសនេះ ធ្វើគារវកិច្ច វន្ទាគោរពជូនដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូល និងវីរជនទាំងអស់ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលប្រឹងប្រែងដណ្តើមឲ្យមានការរស់ឡើងវិញនូវវប្បធម៌ និងអារិយធម៌ នៃជីវិតជាតិ នៃភាពស៊ីវិល័យរបស់កម្ពុជា។ សន្តិភាព និងសណ្តាប់ធ្នាប់សង្គម គឺជាភារកិច្ច និងកាតព្វកិច្ចដ៏ឧត្តុង្គឧត្តម របស់យើងទាំងអស់គ្នា ក៏ដូចជាកាតព្វកិច្ចដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នូវគ្រប់រាល់តម្លៃ នៃកិច្ចប្រតិបត្តិការរបស់ខ្លួន ដើម្បីកិច្ចការពារនៃបុព្វហេតុដ៏ឧត្តុង្គឧត្តមនេះ៕