(ភ្នំពេញ)៖ គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ បានសេចក្ដីថ្លែងការណ៍រួម ប្តេជ្ញាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងរួបរួមគ្នា ដោយឈរលើគោលការណ៍ ៤ចំណុច។
សេចក្ដីថ្លែងការណ៍រួមដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ក្នុងស្មារតីនៃកិច្ចព្រមព្រៀងរវាង គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ឆ្ពោះទៅគោលដៅបង្កើតប៉ូលនយោបាយថ្មី ដោយមានសមាសភាពចូលរួមចម្រុះពី និស្សិត បញ្ញវន្ត យុវជន ស្រ្តី អ្នកតស៊ូដើម្បីបុព្វហេតុជាតិ អ្នកជាតិនិយម អ្នកប្រជាធិបតេយ្យសេរីនិយម ដើម្បីកសាងគ្រឹះប្រជាធិបតេយ្យ សេរី សិទ្ធិសេរីភាព ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងសង្គមយុត្តិធម៌ ទំនើបជឿនលឿនថ្លៃថ្នូរ ជាផលប្រយោជន៍សម្រាប់ ប្រជាជាតិខ្មែរ គណបក្សទាំងពីរ បានប្តេជ្ញាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀង រួបរួមគ្នាដោយឈរលើគោលការណ៍៖
១៖ គោរពច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
២៖ អនុវត្តតាមស្មារតី នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស៍ ២៣តុលា១៩៩១ ក្នុងគោលដៅបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ បន្តដំណើរឆ្ពោះទៅមុខក្នុងបុព្វហេតុជាតិ ប្រជាធិបតេយ្យសេរី នីតិរដ្ឋ និងកសាងអនាគតថ្មីដើម្បីកម្ពុជា។
៣៖ ស្មោះត្រង់ចំពោះសង្គមជាតិមាតុភូមិ និងប្រជាពលរដ្ឋ និងការពារបូរណភាពទឹកដី អធិបតេយ្យភាព ឯករាជ្យ។
៤៖ ស្មោះត្រង់ ជឿជាក់ និងគោរពផ្ដល់តម្លៃគ្នាទៅវិញទៅមក ប្រកបដោយភាតរភាព និងសេចក្ដីថ្លៃថ្នូរ ជៀសវាងការញុះញង់ លាបពណ៌មួលបង្កាច់ ជេរប្រមាថ និងការបំបែកបំបាក់ដោយប្រការផ្សេងៗ។
៥៖ ប្រកាន់យកគោលការណ៍និយម ប្រជាធិបតេយ្យផ្ទៃក្នុង ដើម្បីសម្រេចគោលដៅ និងចក្ខុវិស័យរួមដើម្បីសង្គមជាតិ ចូលរួមប្រកួតប្រជែងនយោបាយដោយអហិង្សា តាមរយៈការបោះឆ្នោត ដោយសេរី និងយុត្តិធម៌។
គណបក្សទាំងពីរ បានអំពាវនាវដល់គណបក្សនយោបាយប្រជាធិបតេយ្យ ក្រុមអ្នកនយោបាយប្រជាធិបតេយ្យ និស្សិត បញ្ញវន្ត យុវជន ស្ត្រី ចូលរួបរួមគ្នាជាកម្លាំងប៉ូលនយោបាយប្រជាធិបតេយ្យសេរីថ្មីនេះ។
គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម បានញ្ជាក់ថា ខ្លួនប្រកាន់យកនូវការ សន្ទនាបែបប្រជាធិបតេយ្យ ប្រកបដោយភាពស្មោះត្រង់ ស្ថាបនានិយម ដើម្បីកសាងគណបក្សមួយ ដែលមានប្រជាធិបតេយ្យ ផ្ទៃក្នុងរឹងមាំ សម្រាប់ប្រជាពលរដ្ឋខ្មែរ អ្នកស្នេហាជាតិ អ្នកប្រជាធិបតេយ្យសេរីនិយម ឆ្ពោះទៅស្ថាបនាប្រជាធិបតេយ្យសេរី នីតិរដ្ឋ និងសង្គមជឿនលឿនថ្លៃថ្នូរពិតប្រាកដនៅកម្ពុជា៕