(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអធិការរង តូច ផន នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំងជំនាញនាំខ្មាន់កាំភ្លើងដែល បានប្រហារបុរសម្នាក់ បណ្តាលឲ្យធ្លាយពោះ ទៅឆែកឆេរដល់លំនៅដ្ឋាន ក្នុងភូមិចំការត្បែង សង្កាត់សំរោងក្រោម ដើម្បីស្វែងរកវត្ថុតាងជាកាំភ្លើង និងម៉ូតូដែលជិះពេលកំពុងធ្វើសកម្មភាព។ ប្រតិបត្តិការចុះឆែកឆេរលំនៅដ្ឋាន របស់ជនសង្ស័យខាងលើនេះ បានធ្វើឡើងដោយមានការសម្របសម្រួលពីតំណាងអយ្យការ និងក្រោមការបញ្ជាផ្ទាល់ពីអធិការនគរបាលខណ្ឌ លោក យឹម សារ៉ាន់។
យ៉ាងណាក៏ដោយ ភ្នាក់ងារ Fresh News ដែលកំពុងស្ថិតនៅកន្លែងឆែកឆេរនោះ បានរាយការណ៍មកថា កម្លាំងនគរបាលមិនបានរកឃើញវត្ថុតាងជាកាំភ្លើង និងម៉ូតូដែលជិះធ្វើសកម្មភាពនោះឡើយ រួចក៏នាំជនសង្ស័យត្រឡប់មកវិញអធិការខណ្ឌវិញ។ សូមបញ្ជាក់ថា ខ្មាន់កាំភ្លើងដែលបានធ្វើការ បាញ់ប្រហារបុរសម្នាក់ ពេលកំពុងនៅមុខផ្ទះបណ្តាលឲ្យធ្លាយភ្លៅនោះ ត្រូវបានកម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ បើកការស្រាវជ្រាវ និងឈានទៅដល់ការចាប់ខ្លួនបានហើយ នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញ ស្ថិតនៅផ្ទះជនបង្ក ក្នុងសង្កាត់សំរោងក្រោម។
ហេតុការណ៍បាញ់ប្រហារបុរសម្នាក់ចំនួន៣គ្រាប់ បណ្តាលឲ្យធ្លាយភ្លៅ បានកើតឡើងនាម៉ោង៨៖០០នាទីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវរថភ្លើង ត្រង់ភូមិកាកាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ ដែលដឹកនាំកម្លាំងផ្ទាល់ ដើម្បីបំបែកសំណុំរឿងមួយនេះ បានប្រាប់ភ្នាក់ងារ Fresh News ថា «កម្លាំងនគរបាល ផ្នែកព្រហ្មទណ្ឌខណ្ឌ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោម ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ បានបើការស្រាវជ្រាវរហូតតាមចាប់ ជនបង្កបានហើយ នៅផ្ទះតែម្តងក្នុងសង្កាត់សំរោងក្រោម»។
លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ជនសង្ស័យរូបនេះមានឈ្មោះ ឆាង វណ្ណា អាយុ៣១ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅសង្កាត់សំរោងក្រោម។អធិការរូបនេះ បានបញ្ជាក់ថា «ក្រោយមានហេតុការណ៍ បទល្មើសអ្វីមួយកើតឡើងនៅក្នុងខណ្ឌ យើងមិនដែលទុកចោលនោះឡើយ គឺត្រូវធ្វើការស្រាវជ្រាវជាបន្ទាន់ និងរហូតដល់ទីបញ្ចប់ ដូចករណីនេះអីចឹង ពេលកើតហេតុ កម្លាំងជំនាញរបស់យើង ក្រោមការបញ្ជាពីលោកស្នងការនោះ គឺចុះទៅសួរនាំ តាមដាន ស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតតាមចាប់ បានជាក់ស្តែងតែម្តង»។
នៅម៉ោងកើតហេតុនោះ មានបុរសម្នាក់ បានរងរបួសធ្លាយភ្លៅខាងឆ្វេង ខណ:កំពុងអង្គុយហូបបាយនៅមុខផ្ទះ ស្រាប់តែខ្មាន់កាំភ្លើង២នាក់ ជិះម៉ូតូ Scoopi ពណ៌សមួយគ្រឿង មិនចាំស្លាកលេខ និងប្រើកាំភ្លើងខ្លីមួយដើម បានបាញ់ប្រហារចំនួន៣គ្រាប់ រួចបើកម៉ូតូគេចខ្លួនបាត់។ សាច់ញាតិបានប្រាប់ថា ជនរងគ្រោះឈ្មោះ សុខចិនអាយុ៣៨ឆ្នាំមុខរបរកម្មករ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
សាច់ញាតិបានបន្តទៀតថា មុនកើតហេតុ ជនរងគ្រោះកំពុងតែអង្គុយហូបបាយ ជុំគ្នាជាមួយបងប្អូន៣ទៅ៤នាក់នៅមុខផ្ទះ លុះកំពុងតែអង្គុយហូប ក៏មិនដឹងជាមានរឿងអីកើតឡើងនោះទេស្រាប់តែឃើញ ខ្មាន់កាំភ្លើង២នាក់ដែលមិនស្គាល់មុខ និងមានជិះម៉ូតូ Scoopi មួយគ្រឿងមកផងនោះ បានឈប់ នៅលើផ្លូវរថភ្លើង ត្រង់មុខផ្ទះជនរងគ្រោះ ហើយស្រែកឡូឡានិងជេរគេជេរឯងមិនដឹងជាខឹង អ្នកណានោះទេ បន្ទាប់ពីជេរហើយខ្មាន់កាំភ្លើងទាំង២នាក់ ក៏បានដកកាំភ្លើងខ្លីចេញពីចង្កេះហើយបាញ់សំដៅមករកជនរងគ្រោះ ចំនួន៣គ្រាប់ តែសំណាងល្អជនរងគ្រោះ ត្រូវតែ១គ្រាប់គឺធ្លាយភ្លៅខាងឆ្វេង បណ្តាលឲ្យរងរបួសធ្ងន់។
តែសម្រាប់ករណីនេះ ក្រោយការចុះទៅសួរនាំរួច ត្រូវបានមន្រ្តីនគរបាល អះអាងថា ដើមឡើយគឺជនបង្ក បានជិះម៉ូតូកាត់មុខផ្ទះជនរងគ្រោះ ស្រាប់តែកើតជម្លោះ រហូតជនរងគ្រោះយកដុំថ្មចេញគប់ជនបង្ក ធ្វើឲ្យជនបង្កខឹងហើយដកកំាំភ្លើងបាញ់ប្រហារតែម្តង។ សម្រាប់ជនបង្កវិញ បានប្រាប់ភ្នាក់ងារ Fresh News ថា មុនពេលកើតហេតុគឺខ្លួន និងមិត្តភក្តិបានជិះម៉ូតូកាត់មុខជនរងគ្រោះពេលនោះ ស្រាប់តែជិះបុកឈើដាក់កាត់ទទឹងផ្លូវ ហើយក៏បានជេរថា អាណាយកឈើមកដាក់កណ្តាលផ្លូវចឹង ស្រាប់តែជនរងគ្រោះចេញជេរ រហូតឈ្លោះគ្នា។
ពេលឈ្លោះគ្នានោះជនរងគ្រោះ បានយកដុំថ្មដេញគប់ខ្លួន ហេតុដូច្នេះដោយសារតែទ្រាំ មិនបានក៏ដកកាំភ្លើងបាញ់តែម្តង។ សម្រាប់ជនបង្ក កំពុងស្ថិតនៅក្រោមការសួរនាំរបស់សមត្ថកិច្ចជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីបន្តទៀត ដោយឡែកបក្ខពួកកំពុងស្ថិតក្រោម ការប្រមាញ់របស់សមត្ថកិច្ច៕