(កំពង់ធំ)៖ នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី បានទៅប្រគល់ខ្នងផ្ទះទី២១៥ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជូនគ្រួសារអតីតយុទ្ធជនពលីនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា លោកស្រី សុំ មុត អាយុ៦១ឆ្នាំ ជាស្រ្តីមេម៉ាយ មានកូនក្នុងបន្ទុកចំនួន៨នាក់ ត្រូវជាភរិយាលោកអនុសេនីយ៍ទោ ឈឹម ខន មន្ត្រីនគរបាលបម្រើការងារនៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ហើយបានពលីជីវិតនៅឆ្នាំ១៩៩៣ ពេលដែលប្រយុទ្ធជាមួយនឹងខ្មាំងនៅសមរភូមិជីអោក ខេត្តព្រះវិហារ។
បច្ចុប្បន្នគ្រួសារលោកស្រីមានជំរកស្នាក់នៅមិនសមរម្យ ហើយដោយឃើញពីការលំបាកនេះ អាជ្ញាធរដែនដីនិងក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានសុំការសម្រេចសាងសង់ផ្ទះថ្មីខ្នងទី២១៥ តាមរយៈទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍ គន់ គីម ជូនគាត់ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹង ដែក រនាបក្តា ជញ្ជាំងស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លីនិងជណ្ដើរកាច់។
ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមាន អង្ករចំនួន ៥០គីឡូក្រាម មីចំនួន២កេស ទឹកត្រី ទឹកស៊ីអ៉ីវ ចំនួន ២យួរ និងសម្ភារៈសម្រាប់ ប្រើប្រាស់ក្នុងផ្ទះបាយមានដូចជា ឆ្នាំង ចាន ស្លាបព្រា ចានដែក និងសម្ភារៈផ្សេងៗទៀត ព្រមទាំងថវិកាមួយចំនួនផងដែរ៕