(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញបានអនុញ្ញាតឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការជួសជុលចាក់អ៊ុតបេតុងកៅស៊ូបទីមីយ៍ នៅមហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីមហាវិថីព្រះមុន្នីវង្ស ដល់ស្ពានអាកាសចោមចៅ និងចាប់ផ្តើមអនុវត្តការងារក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌរួច ដែលអាចបណ្តាលឱ្យមានការរំខានដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ និងកំពុងរស់នៅតាមបណ្ដោយផ្លូវនេះ។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញ Fresh News ទទួលបាន នៅយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។
បំណងនេះ ធ្វើឡើងដើម្បីសម្រួលដល់ការធ្វើចរាចរប្រកបដោយសុវត្ថិភាព ក៏ដូចជាលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (40th & 41st ASEAN Summits and Related Summit) ចាប់ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ និងបម្រើដល់ការចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ខាងមុខនេះ នៅរាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅ និងធ្វើចរាចរឆ្លងកាត់លើកំណាត់ ផ្លូវតំបន់នេះ សូមមេត្តាយោគយល់អធ្យាស្រ័យ ចំពោះការរំខានក្នុងដំណើរការការដ្ឋាននេះ។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្ត គ្រប់ប្រភេទ ដែលធ្វើចរាចរឆ្លងកាត់តំបន់ការដ្ឋានខាងលើ នឹងចូលរូមសហការអនុវត្តដោយឈរលើស្មារតីយោគយល់ អធ្យាស្រ័យខ្ពស់ ស្របតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះ៕