(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការនាំចេញក្នុងឧស្សាហកម្មកាត់ដេររបស់កម្ពុជា ដែលជាផ្នែកមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។
ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ឆ្នាំ២០២៣-២០២៧ នៅសណ្ឋាគារភ្នំពេញ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ លោករដ្ឋមន្ត្រីបានថ្លែងថា កម្មករនិយោជិត និងនិយោជកនៃរោងចក្រកាត់ដេរ ដែលធ្វើការនាំចេញផលិតផលទៅក្រៅប្រទេសបានទទួលនូវអត្ថប្រយោជន៍ជាច្រើនអំពីការអនុវត្តគម្រោងនេះ ដោយអាចរក្សាបាននូវការងារ ដែលមានលក្ខខណ្ឌល្អប្រសើរ និងទទួលប្រាក់ចំណេញអាជីវកម្ម តាមរយៈការទទួលបានការបញ្ជាទិញពីអ្នកបញ្ជាទិញអន្តរជាតិ ដែលមានកំណើនជាប្រចាំជាមួយនឹងអនុលោមភាពតាមច្បាប់មានកម្រិតខ្ពស់។
លោក អ៉ិត សំហេង អះអាងថា ដោយសារតែគម្រោងនេះមានបេសកកម្ម និងកម្មវិធីការងារគាំទ្រនូវគោលនយោបាយ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការសំដៅធានាការលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ ទើបបានជាគម្រោងនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាណិជ្ជកម្ម ហើយអាចដំណើរការបានយ៉ាងរលូនក្នុងរយៈពេល២១ឆ្នាំមកនេះ។ ភាពជោគជ័យ និងការអនុវត្តល្អរបស់គម្រោងនេះនៅកម្ពុជា ត្រូវបានក្លាយជាគម្រូសម្រាប់បណ្តាប្រទេសក្នុងតំបន់តាមរយៈការបង្កើតជាកម្មវិធីការងារល្អប្រសើរ (Better Work)។
រដ្ឋមន្ត្រីក្រសួងការងារបន្តថា សម្រាប់អនុស្សរណៈ នៃការយោគយល់គ្នាថ្មីឆ្នាំ២០២៣-២០២៧នេះជាលើកទី៨ ដែលនឹងត្រូវចុះហត្ថលេខាបានកែសម្រួលលក្ខខណ្ឌអនុវត្តគម្រោងមួយចំនួន ដោយបន្ថែមរយៈពេលអនុវត្តពី៣ឆ្នាំទៅ៥ឆ្នាំ ដើម្បីធានានូវនិរន្តរភាពរបស់គម្រោង និងនិមិត្តរូបនៃការគោរពលក្ខខណ្ឌការងារ ដែលជាការបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា។ ស្របជាមួយគ្នានេះ រាជរដ្ឋាភិបាលបានដំឡើងបដិភាគហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលចំនួន១លានដុល្លារអាម៉េរិកក្នុង១ឆ្នាំ ជាមួយកំណើន១០ម៉ឺនដុល្លារអាម៉េរិកក្នុង១ឆ្នាំ សម្រាប់រយៈពេល៥ឆ្នាំ ដើម្បីធានាប្រសិទ្ធភាពការងារ និងអាចឆ្លើយតបទៅនឹងវិសាលភាពដែលបានដាក់បញ្ចូលវិស័យផលិតផលធ្វើដំណើរ និងកាបូប។
លោក អ៉ិត សំហេង បានបញ្ជាក់ជូនអំពីសកម្មភាពការងារសំខាន់ៗសម្រាប់បន្តធ្វើការរួមគ្នាពីឆ្នាំ២០២៣ដល់២០២៧ នៅក្នុងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដែលរួមមាន៖
១. បន្តពង្រឹងប្រសិទ្ធភាពក្នុងការធើ្វការងាររួមគ្នាដើម្បីធើ្វឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងវិស័យផលិតផលធ្វើដំណើរនិងកាបូបនៅកម្ពុជា។
២. កំណត់បែបបទការងារក្នុងការចុះវាយតម្លៃលក្ខខណ្ឌការងារក្នុងវិស័យផលិតផលធ្វើដំណើរ និងកាបូប។
៣. ធ្វើការបណ្តុះបណ្តាលរួមគ្នារវាងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា វិទ្យាស្ថានជាតិការងារ (វ.ជ.ក) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា (CGTI)។
៤. កសាងផែនការសកម្មភាពការងាររួមគ្នារវាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគម្រោងរោងចក្រកាន់តែប្រសើរ ក្នុងគោលបំណងគាំទ្រការលើកកម្ពស់សមត្ថភាព និងភាពជាម្ចាស់របស់កម្ពុជា។
៥. បន្តជំរុញការសហការជិតស្និទ្ធជាមួយបណ្តាអ្នកបញ្ជាទិញអន្តរជាតិក្នុងការបន្តបញ្ជាទិញពីកម្ពុជា និងធានាបានថា ទំនិញដែលទិញពីកម្ពុជាជាទំនិញដែលមានប្រភពស្អាតស្អំដោយគោរពតាមបទដ្ឋានការងារអន្តរជាតិ។
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងដែរថា តាមរយៈការអនុវត្តគោលនយោបាយនៃការផ្សារភ្ជាប់ពាណិជ្ជកម្មជាមួយនឹងបទដ្ឋានការងារបានប្រែក្លាយកេរ្តិ៍ឈ្មោះរបស់កម្ពុជាទៅជាប្រទេសឈានមុខគេក្នុងគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ និងបានធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសគំរូសម្រាប់ប្រទេសមួយចំនួនយកធ្វើជាបទពិសោធន៍ សម្រាប់យកទៅអនុវត្ត និងរៀនសូត្រតាម។ ការអនុវត្តគោលនយោបាយនៃការផ្សារភ្ជាប់ពាណិជ្ជកម្ម ជាមួយនឹងបទដ្ឋានការងារ ក៏បានបង្កើនទំនុកចិត្តដល់អ្នកបញ្ជាទិញម៉ាកយីហោល្បីៗក្នុងការដាក់បន្ថែមការបញ្ជាទិញផលិតផលសំខាន់ៗ រួមមាន សម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងកាបូបនៅកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំកាន់តែច្រើនឡើងផងដែរ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបញ្ជាក់ទៀតថា ការនាំចេញរបស់កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅកាន់ទីផ្សារបរទេសនៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២២ ការនាំចេញមានទឹកបា្រក់សរុប១៧,៥៧៨លានដុល្លារអាម៉េរិក កើនឡើង២៤.២៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ក្នុងនោះការនាំចេញសម្លៀកបំពាក់និងវាយនភណ្ឌមានកំណើន២៣.១៦ភាគរយ និងផលិតផលធ្វើដំណើរនិងកាបូបមានកំណើន៣៦.៣១ភាគរយ៕