(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីទិវាសុខភាពផ្លូវចិត្តពិភពលោក ១០ តុលា ២០២២។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្នុងឆ្នាំ២០២២នេះ អង្គការសុខភាពពិភពលោក បានប្រារព្ធទិវាសុខភាពផ្លូវចិត្តពិភពលោកក្រោមប្រធានបទ «សុខភាពផ្លូវចិត្ត និងសុខមាលភាពសម្រាប់មនុស្សគ្រប់រូប ជាអាទិភាពចម្បងរបស់ពិភពលោក (Make Mental Health and Well-being for All a Global Priority)»។
ទិវានេះ មានគោលបំណង៖
* ដើម្បីការពារ និងលើកកម្ពស់សុខភាពផ្លូវចិត្ត
* ដើម្បីបង្កើនការយល់ដឹងអំពីអន្តរាគមន៍ ក្នុងការបង្ការបញ្ហាសុខភាពផ្លូវចិត្ត
* ដើម្បីទប់ស្កាត់ការរើសអើងទៅលើបុគ្គលដែលមានបញ្ហាផ្លូវចិត្ត
* ដើម្បីជំរុញឲ្យមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ ក្នុងការយកចិត្តទៅលើការថែទាំ និងការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា
* ដើម្បីពង្រឹងសេវាសុខភាពផ្លូវចិត្ត ឲ្យមានគុណភាពល្អ និងគ្របដណ្តប់ទូទាំងប្រទេស។
ក្រសួងសុខាភិបាល បានបន្ដទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងសុខាភិបាល បានលើកកម្ពស់សុខភាពផ្លូវចិត្ត ដោយបានដាក់បញ្ចូលសេវាពិនិត្យ និងព្យាបាលជំងឺផ្លូវចិត្តនៅតាមមូលដ្ឋានសុខាភិបាល ដែលមានកម្រិតឯកទេស កម្រិតមូលដ្ឋាន និងកម្រិតបឋម។
ជាលទ្ធផល ក្រសួងសុខាភិបាល បានដាក់ឲ្យដំណើរការសេវាពិនិត្យព្យាបាលជំងឺផ្លូវចិត្ត មានកម្រិតឯកទេសនៅតាមមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យបង្អែករាជធានី/ខេត្ត បានចំនួន១០កន្លែង និងកម្រិតមូលដ្ឋាននៅតាមមន្ទីរពេទ្យបង្អែកខេត្ត/ស្រុក ចំនួន៩៧កន្លែង និងកម្រិតបឋមនៅតាមមណ្ឌលសុខភាពចំនួន ៣៥៥កន្លែង។
ចំណែកការប្រើប្រាស់សេវាពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺផ្លូវចិត្តនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ សម្រាប់ឆ្នាំ២០២១ មានចំនួនសរុប៨៧,២៨៤នាក់ (ប្រុស ៣៦,៦៣១នាក់ និងស្រី ៥០,៦៥៣នាក់) ក្នុងនោះ៖
* សេវាពិនិត្យពិគ្រោះជំងឺក្រៅ មានចំនួន៨២,៩៦៤នាក់ (ប្រុស ៣៥,០៥០នាក់ និងស្រី ៤៧,៩១៤នាក់)
* សេវាសម្រាកពេទ្យ មានចំនួន៤,៣២០នាក់ (ប្រុស ១,៥៨១នាក់ និងស្រី ២,៧៣៩នាក់)។
នៅក្នុងដំណាក់កាល នៃការរាតត្បាតជំងឺកូវីដ-១៩ ក្រសួងសុខាភិបាល តាមរយៈនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន បាន៖
* ផ្តល់ការបណ្តុះបណ្តាលស្តីពីជំងឺកូវីដ-១៩/សុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន ដល់មន្ដ្រីមានសមាសភាពមកពីក្រសួងសុខាភិបាល ក្រសួងការពារជាតិ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ដែលមានចំនួនសរុប ៦៦១រូប (ស្រី ២៤២រូប)។
* ផ្តល់ការបណ្ដុះបណ្ដាលដល់គ្រូពេទ្យ និងអ្នកស្ម័គ្រចិត្ត ស្តីពីការថែទាំសុខភាពផ្លូវចិត្តក្នុងអំឡុងពេលរាតត្បាតកូវីដ-១៩ នៅទូទាំង ២៥ រាជធានី/ខេត្ត
* យកចិត្តទុកដាក់អំពីអំពើហឹង្សា យេនឌ័រ និងសុខភាពផ្លូវចិត្ត ដោយធ្វើការបណ្តុះបណ្តាលដល់មន្ត្រីសុខាភិបាលនៅតាមមណ្ឌលសុខភាព ចំនួន៧០នាក់
* កំពុងរៀបចំផែនការយុទ្ធសាស្ត្រសុខភាពផ្លូវចិត្ត ឆ្នាំ២០២៣-២០៣០។
ឆ្លៀតក្នុងឱកាស នៃទិវាសុខភាពផ្លូវចិត្តពិភពលោក ១០តុលា ២០២២នេះ ក្រសួងសុខាភិបាល បានអំពាវនាវបុគ្គលគ្រប់រូបទាំងកុមារមនុស្សពេញវ័យ និងមនុស្សចាស់ ត្រូវចេះថែរក្សាសុខភាពផ្លូវចិត្តឲ្យបានល្អ ក៏ដូចជាសុខភាពផ្លូវកាយដែរ។ ការមានសុខភាពផ្លូវចិត្តល្អ នាំឲ្យគ្រួសារមានសុភមង្គល និងមានសុខដុមនីយកម្មក្នុងសហគមន៍។ ការមានសុខភាពផ្លូវចិត្តល្អ នាំឲ្យមានធនធានមនុស្សល្អ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ សូមកុំរើសអើង និងម៉ាក់ងាយអ្នកជំងឺផ្លូវចិត្ត។
លើសពីនេះ ដើម្បីសុខភាពល្អ ចៀសផុតពីជំងឺដង្កាត់ផ្សេងៗ ជាពិសេសក្នុងការចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងរក្សានិរន្តរ៍ភាព នៃការដំណើរការសេដ្ឋកិច្ច និងសង្គមជាបន្តទៀត សូមបងប្អូនទាំងអស់បន្តការពារខ្លួន កុំឲ្យមានការចម្លងវីរុសកូវីដ-១៩ ដោយអនុវត្តវិធានការដែលក្រសួងសុខាភិបាល តែងតែអំពាវនាវនិងណែនាំ និងនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ទី៣ ទី៤ និងទី៥) ឲ្យបានគ្រប់ៗគ្នា។
ម្យ៉ាងវិញទៀត ក្នុងអំឡុងពេលមានទឹកជំនន់ និងក្រោយទឹកជំនន់នៅតាមតំបន់មួយចំនួន នៃបណ្តាខេត្តមួយចំនួន ត្រូវបន្តអនុវត្តវិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលបានចេញផ្សាយកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២រួចហើយ៕