(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅលើលោកនេះនរណាក៏ខ្លាចចំពោះសេចក្តីស្លាប់ដែរ ហើយសម្តេចក៏ធ្លាប់រត់ទៅវៀតណាម ព្រោះតែចង់រស់ ប៉ុន្តែពេលដែលបានរស់ហើយ គឺបានមករំដោះប្រជាជនឱ្យបានរស់តទៅទៀត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីបិទមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជា នៅរសៀលថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២នេះ។ ការលើកឡើងនេះ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំងបានរិះគន់ថា សម្តេចខ្លាចចំពោះសេចក្តីស្លាប់។
សម្តេចតេជោ បានផ្តាំទៅក្រុមប្រឆាំងទាំងនោះថា នៅលើលោកនេះ មិនមាននរណាម្នាក់មិនខ្លាចស្លាប់នោះទេ។ សម្តេចបញ្ជាក់ថា៖ «សូមផ្តាំត្រឡប់ទៅវិញ នៅលើលោកិយ៍នេះ គ្មាននរណាមិនខ្លាចងាប់ទេ ជាពិសេសអាខ្មៅ ស្តាប់ឱ្យបាន បើហ្អែងមិនខ្លាចងាប់ទេ ហ្អែងមិនរត់ចោលស្រុកខ្មែរទេ តែហ្អែងខ្លាចស្លាប់ហ្អែង តែមាននរណាគេសម្លាប់ ប៉ុន្តែនរណាក៏ដោយសុទ្ធតែចង់រស់ទាំងអស់»។
សម្តេចបានបញ្ជាក់បន្ថែមថា «ចាំបានទេជំនាន់ប៉ុលពត ទោះបីស៊ីក្តាមក៏ដោយស៊ីស្អីក៏ដោយឱ្យតែបានរស់ អញខំរត់ទៅវៀតណាម អញចង់រស់ណា តែអញរស់មិនមែនរត់ចោលស្រុកដើម្បីយករួចខ្លួនទេវើយ រស់ហើយដើម្បីមករំដោះឱ្យមនុស្សរស់តទៅទៀត»។
សម្តេចតេជោបន្តថា «ខ្ញុំមិនមែននិយាយថ្ងៃនេះទេ ខ្ញុំនិយាយយូរហើយ ជាប់តាំងពីជំនាន់រដ្ឋកម្ពុជាឯនោះ ជីដូនខ្ញុំនិយាយអញ្ចេះថា ពេលអញងាប់ទៅកុំយកទៅទុកក្បែរក្មេង អញ្ចឹងខ្ញុំក៏បានភាសាហ្នឹងនិយាយថា ខ្ញុំមើលទៅកាត់ទៅជីដូនខ្ញុំ មកស្លាប់ទៅខ្ញុំអត់ទៅនៅវត្តទេ ព្រោះមិនដឹងអាណាទៅនោមដាក់ចេតិយ៍ បើនិយាយពីចេតិ៍នៅវត្តបទុមវិញមនុស្សចូលទៅក្នុងហ្នឹង ក្នុងចេតិយ៍ហុ្នឹងតែម្តង»។
«វាទៅជាសរុបមកគឺថា លោក ហ៊ុន សែន ខ្លាចងាប់ នៅលើលោកិយ៍នេះ បើលោកឯងមិនខ្លាចងាប់ទេ ក៏សូមអញ្ជើញលោកឯងជីវិតអមតៈទៅ ប៉ុន្តែខ្ញុំសូមថា រឿងងាប់នេះមួយខ្ញុំសូមខ្លាចហើយ រស់បានប៉ុណ្ណាគឺយកប៉ុណ្ណឹង លោកឯងត្រូវចាំៗ និយាយដល់ថ្នាក់ទីចុងបំផុត យកការសន្និដ្ឋានមួយថា ហ៊ុន សែន ពិតជាខ្លាចងាប់ អាណាមិនខ្លាចងាប់ទេ អាហ្នឹងទៅខ្លួនឯងទៅ»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេច។
សម្តេចបានហៅអ្នករិគន់នោះថាជាក្មេងពាល និងប្រដៅថា «ល្មមៗបានហើយ»។ ដោយកន្លងទៅបុគ្គលនេះ តែងរិះគន់រហូត ជាពិសេសវាយប្រហារទៅលើ ការរៀបចំបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា តែយ៉ាងណា សម្តេចបញ្ជាក់ថា ពួកគេកាន់តែរិះគន់ អ្វីៗនឹងដំណើរការទៅកាន់តែលឿនផងដែរ៕