(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវសប្បុរសជន វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល បន្តចូលរួមឧបត្ថម្ភជាធនធាន និងមធ្យោបាយនានា ដើម្បីជំរុញចលនាអប់រំតាមប្រព័ន្ធកាយរឹទិ្ធកម្ម រួមចំណែកលើកកម្ពស់ការអប់រំចំណេះដឹង ជំនាញ និងសីលធម៌ក្នុងស្រទាប់យុវជនកម្ពុជា ប្រកបដោយប្រសិទ្ធភាព។
ការអំពាវនាវបែបនេះ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីបិទមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជា នៅរសៀលថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២នេះ។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងដូច្នេះថា៖ «ខ្ញុំអំពាវនាវដល់សប្បុរសជន វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល សុំបន្តចូលរួមឧបត្ថម្ភជាធនធាន និងមធ្យោបាយនានា ដើម្បីជំរុញចលនាអប់រំ តាមប្រព័ន្ធកាយរឹទិ្ធកម្ម រួមចំណែកលើកកម្ពស់ការអប់រំ ចំណេះដឹង ជំនាញ និងសីលធម៌ ក្នុងស្រទាប់យុវជនកម្ពុជា ប្រកបដោយប្រសិទ្ធភាព»។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យកាយរឹទ្ធិជាតិកម្ពុជា ត្រូវបន្តយកចិត្តទុកដាក់បំផុសសកម្មភាពកាយរឹទិ្ធជាតិកម្ពុជាគ្រប់លំដាប់ថ្នាក់ ស្វែងរកមូលនិធិគ្រាំទ្រ និងរៀបចំព្រឹតិ្តការណ៍ប្រចាំឆ្នាំ ជាមួយនឹងការចូលរួមក្នុងព្រឹតិ្តការណ៍កាយរឹទិ្ធអន្តរជាតិនានា។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញពីមោទនភាពចំពោះការរីកចម្រើននៃចលនាកាយរឹទិ្ធជាតិកម្ពុជា នៅទូទាំងប្រទេស ជាមួយនឹងការកសាងបាននូវសមាជិកកាយរឹទ្ធិក្នុងស្រទាប់កុមារ និងយុវជនទាំងក្នុងគ្រឹះស្ថានសិក្សា និងសហគមន៍គ្រប់មជ្ឈដ្ឋានប្រមាណជាង ១៧ម៉ឺននាក់។ កាយរឹទិ្ធជាតិកម្ពុជា គឺជាអង្គការចាត់តាំងយុវជន ដ៏សកម្មដែលមានគោលនយោបាយ និងកម្មវិធីច្បាស់លាស់ ធ្វើឱ្យយុវជនកម្ពុជា ផ្លាស់ប្តូរឥរិយាបថការរស់នៅ ហើយក្លាយជាពលរដ្ឋល្អ និងជាពលរដ្ឋគំរូជាមួយនឹងការចេះយោគយល់អធ្យាស្រ័យគ្នាចាប់ផ្តើមពីបុគ្គល ក្រុមគ្រួសារ និងសហគមន៍។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា រាជរដ្ឋាភិបាលតែងតែផ្តល់អាទិភាពលើការពង្រឹងសកម្មភាពបណ្តុះបណ្តាលយុវជនជំនាន់ក្រោយតាមរយៈសកម្មភាពចលនាកាយរឹទ្ធិកម្ពុជាដែលជាកម្លាំងចលករសម្រាប់ការងារអប់រំ ការហាត់ពត់លត់ដំ ទាំងប្រាជ្ញា ស្មារតី ព្រមទាំងកាយសម្បទា ប្រកបដោយសក្តានុពល រួមជាមួយចំណេះដឹង សីលធម៌ល្អ ចរិយាសម្បត្តិថ្លៃថ្នូរ ក្លាយជាពលរដ្ឋគំរូ ស្របតាមចក្ខុវិស័យអង្គការពិភពលោកនៃចលនាកាយរឹទ្ធិ គឺការកសាងពិភពលោកមួយប្រកបដោយសមត្ថភាពសម្រាប់យុវជនទាំងបច្ចុប្បន្ន និងអនាគត។
សម្តេចតេជោ បានគូសបញ្ជាក់ថា ការពង្រឹងភាពជាអ្នកដឹកនាំ និងការបណ្តុះបណ្តាលជំនាញកាយរឹទិ្ធកម្មដល់មេដឹកនាំកាយរឹទិ្ធនៅថ្នាក់ជាតិ ថ្នាក់រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ ជាពិសេសមេកងឯកភាព ដែលជាសកលវិទ្យាធិការ នាយក នាយិកា គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទូទាំងប្រទេស ពិតជាបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស និងពិតជាបានឆ្លើយតបទៅនឹងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា៕