(ភ្នំពេញ)៖ អង្គមហាសន្និបាតវិសាមញ្ញាការឹទ្ធិកម្ពុជាជាតិ បានអនុម័តជាឯកច្ឆ័ន្ទគោរពអញ្ជើញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាគរុគណនៃកាយរឹទ្ធិជាតិកម្ពុជា។ នេះបើតាមការថ្លែងរបស់បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា ក្នុងពិធីបិទ «មហាសន្និបាតកាយរឹទ្ធជាតិកម្ពុជា លើកទី៤» នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។
ពិធីបិទ «មហាសន្និបាតកាយរឹទ្ធជាតិកម្ពុជា លើកទី៤» រៀបចំឡើងក្នុងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ជាគរុគណនៃកាយរឹទិ្ធជាតិកម្ពុជា ដែលមានការចូលរួមពីបណ្តាថ្នាក់ដឹកនាំក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិកាយរឹទ្ធជាតិកម្ពុជា ថ្នាក់ជាតិ ថ្នាក់រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស ប្រមាណ៧០០នាក់។
លោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេច តែងតែបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ទាំងបច្ចេកទេស ស្មារីត និងថិវកាផ្ទាល់ខ្លួន ដល់កាយរឹទ្ធិជាតិកម្ពុជា ចាប់តាំងពីចលនាកាយរឹទ្ធិកម្ពុជា ត្រូវបានបង្កើតឡើងវិញ ក្នុងឆ្នាំ២០០០ រហូតមកដល់បច្ចុប្បន្ននេះ។
ថ្លែងឆ្លើយតបនឹងការអនុម័តជាឯកច្ឆ័ន្ទមហាសន្និបាតក្នុងការអញ្ជើញសម្តេចគរុគណនៃកាយរឹទ្ធិជាតិកម្ពុជា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយល់ព្រមទទួលធ្វើជាគរុគណនៃកាយរឹទ្ធិជាតិកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ក្នុងនាមរាជរដ្ឋាភិបាល និងជាគរុគណនៃកាយរឹទ្ធិជាតិកម្ពុជា ដែលមហាសន្និបាតបានអញ្ជើញ ខ្ញុំទទួលយល់ព្រម ក្នុងការធ្វើកិច្ចការងារនេះ រហូតដល់មានមហាសន្និបាតសាជាថ្មីម្តងទៀត ហើយបើពេលនោះខ្ញុំចាស់ហើយ ក៏គួរតែទុកឲ្យខ្ញុំបានសម្រាកបន្តិច។ ជាមួយនឹងកិត្តិយសនេះ ខ្ញុំចូលរួមរីករាយ និងសូមចូលរួមអបអរសាទរ កាយរឹទិ្ធជាតិកម្ពុជាដែលសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈនៃមហាសន្និបាតកាយរឹទិ្ធជាតិកម្ពុជា ក្នុងរយៈពេលពេញមួយថ្ងៃមកនេះ»។
ជាមួយគ្នានេះ សម្តេចសូមឧទ្ទិសសមិទ្ធផលនេះ ជូនសម្តេចវិបុលបញ្ញា សុខ អាន ព្រមទាំងកាយរឹទ្ធាចារ្យដែលបានខិតខំ និងលះបង់កម្លាំងកាយចិត្តដើម្បីអភិវឌ្ឍចលនាកាយរឹទិ្ធជាតិកម្ពុជារយៈពេលកន្លងមក។
សម្តេចតេជោបញ្ជាក់ឲ្យដឹងថា កាលថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៩៩៩ សម្តេចបានជួបពិភាក្សាជាមួយលោក គីម គូយ៉ុង អតីតនាយកការិយាល័យ អង្គការពិភពលោកនៃចលនាកាយរឹទ្ធិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីរៀបចំចលនាកាយរឹទិ្ធជាតិកម្ពុជា។ ចាប់ពីពេលនោះមក សម្តេចវិបុលបញ្ញា សុខ អាន បានចូលរួមចំណែកយ៉ាងសំខាន់ រហូតរៀបចំបាននូវមហាន្និបាតលើកទី ១ ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០០៦ និងបានដឹកនាំចលនានេះរហូតបានទទួលស្គាល់ជាសមាជិកពេញសិទ្ធិរបស់អង្គការពិភពលោកនៃចលនាកាយរឹទិ្ធនៅថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០០៨។
សម្តេចតេជោ បានបង្ហាញនូវមោទនភាព ចំពោះការរីកចម្រើននៃចលនាកាយរឹទិ្ធជាតិកម្ពុជានៅទូទាំងប្រទេស ជាមួយនឹងការកសាងបាននូវសមាជិកកាយរឹទ្ធិក្នុងស្រទាប់កុមារ និងយុវជន ទាំងក្នុងគ្រឹះស្ថានសិក្សា និងសហគមន៍គ្រប់មជ្ឈដ្ឋានប្រមាណជាង ១៧ ម៉ឺននាក់ ។
កាយរឹទិ្ធជាតិកម្ពុជា គឺជាអង្គការចាត់តាំងយុវជន ដ៏សកម្មដែលមានគោលនយោបាយ និងកម្មវិធីច្បាស់លាស់ ធ្វើឱ្យយុវជនកម្ពុជាផ្លាស់ប្តូរឥរិយាបថការរស់នៅ ហើយក្លាយជាពលរដ្ឋល្អ និងជាពលរដ្ឋគំរូ ជាមួយនឹងការចេះយោគយល់អធ្យាស្រ័យគ្នា ចាប់ផ្តើមពីបុគ្គល ក្រុមគ្រួសារនិងសហគមន៍។
សម្តេចបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែផ្តល់អាទិភាព លើការពង្រឹងសកម្មភាពបណ្តុះបណ្តាល យុវជនជំនាន់ក្រោយ តាមរយៈសកម្មភាពចលនាកាយរឹទ្ធិកម្ពុជា ដែលជាកម្លាំងចលករសម្រាប់ ការងារអប់រំ ការហាត់ពត់លត់ដំ ទាំងប្រាជ្ញា ស្មារតី ព្រមទាំងកាយសម្បទា ប្រកបដោយសក្តានុពល រួមជាមួយចំណេះដឹង សីលធម៌ល្អ ចរិយាសម្បត្តិថ្លៃថ្នូរ ក្លាយជាពលរដ្ឋគំរូ ស្របតាមចក្ខុវិស័យអង្គការពិភពលោក នៃចលនាកាយរឹទ្ធិ គឺការកសាង ពិភពលោកមួយប្រកបដោយ សមត្ថភាពសម្រាប់យុវជនទាំងបច្ចុប្បន្ន និងអនាគត៕