(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនខុសច្បាប់ (ពីកម្ពុជាទៅប្រទេសថៃ) ចាប់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសគ្រឿងញៀនជាង១គីឡូក្រាម។
ការចុះបង្ក្រាបនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ឆ្លងដែនខុសច្បាប់ ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
ប្រតិបត្ដិការនេះ ធ្វើឡើងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៨៖០០នាទី សមត្ថកិច្ចគយ និងរដ្ឋាករ ប្រចាំការនៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រកចេញដំណើរ) បានសហការជាមួយ កម្លាំងជំនាញ (ក១០) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា, លោកឧត្តមសេនីយ៍ត្រី យឹម សែនឧត្តម នាយករងមន្ទីរ, លោកវរៈសេនីយ៍ឯក តឹក សូនី នាយការិយាល័យ ព្រមទាំងមានការដឹកនាំសម្រលសម្រួលដោយ លោក ហេង ផេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យឧបករណ៍បំពងសម្លេង (Speaker) នៅគោលដៅ ច្រកចេញដំណើរ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ជាលទ្ធផលសរុប ឃាត់បានជនសង្ស័យម្នាក់ ឈ្មោះ LI CHENG YE ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន និងវត្ថុតាងចាប់យកបានកេតាមីន (KETAMIN) ទម្ងន់សុទ្ធ ១គីឡូក្រាម២.៤២ក្រាម។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្តតាមនីតិវិធី៕