(កំពង់ចាម)៖ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីប្រារព្ធពិធីប្រណាំងទូក «ង» បណ្តែតប្រទីប នៅក្នុងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម។
ក្នុងពិធីនេះដែរ គេសង្កេតឃើញមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានចូលរួមកម្សាន្ត ទស្សនាការប្រណាំងទូក «ង» ដោយភាពសប្បាយរីករាយប្រកបដោយស្នាមញញឹម ជាមួយនឹងបរិយាកាសល្អ មានសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ។
សូមបញ្ជាក់ថា មកដល់ពេលនេះទូក «ង» និងទូកខ្នាតអន្តរជាតិ មានចំនួន៤៥ទូក បានដាក់ពាក្យចូលរួមប្រកួត ក្នុងនោះទូកអុំ បុរស ខ្នាតវែង មាន២៤ទូក ស្មើនឹង១២គូ និងទូកខ្នាតអន្តរជាតិ ចំនួន ២១ទូក ស្មើនឹង ១០គូ។
ព្រមទាំងមានកីឡាករ ចំនួន ២,២០៥នាក់ និងកម្លាំងត្រៀម ចំនួន ៣៧៤នាក់ សរុប ២,៥៧៩នាក់ ចំពោះការប្រណាំងទូក «ង» និងទូកខ្នាតអន្តរជាតិ គឺមានចម្ងាយ ១,៨០០ម៉ែត្រ ដែលចាប់ផ្តើមអុំ នៅវាលាម៉ោង ១១៖៣០នាទីព្រឹក ដោយឡែក នៅក្នុងការរៀបចំពិព័រណ៌ មានស្តង់ដាក់តាំងបង្ហាញសរុបចំនួន ១០៥ស្តង់ ក្នុងនោះមានការចូលរួមមកពីវិស័យរដ្ឋបាល និងវិស័យជនផងដែរ៕