(ភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុន ឃាង ហួត អ៊ិនធើណេសិនណល បានចុះបង្ក្រាបផលិតគេចពន្ធ ដែលរំលោភសិទ្ធិផ្ដាច់មុខរបស់ក្រុមហ៊ុន រួមមាន ផលិតផលប្រេងកូឡាតាប៉ិ និងថ្នាំដុសធ្មេញផ្កាឈូកពីរ នៅតាមបណ្តាខេត្តមួយចំនួន។

មន្ដ្រីនៃអគ្គនាយកដ្ឋាន ក.ប.ប បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះថា ក្រុមការងាកំពុងបន្តចុះបង្ក្រាបយ៉ាងក្តៅគគុកនៅតាមបណ្តាខេត្តមួយចំនួនទៀត ដូច្នេះសូមអាជីវករមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ប្រយ័ត្នទិញចំទំនិញគេចពន្ធ ហើយក្រុមហ៊ុនកំពុងតែតាមចាប់ អ្នកដែលនាំចូលផលិតផល និងអាជីវករដែលលក់ផលិតផលមិនស្របច្បាប់មកផ្តន្ទាទោស នឹងសងជំងឺចិត្តផងដែរ។

មន្ដ្រីបានបញ្ជាក់ទៀតថា នេះជាទង្វើដែលផ្ទុយពីច្បាប់នាំឲ្យខាតប្រយោជន៍ជាតិ ដោយសារតែការលក់ផលិតផលគេចពន្ធ សូមប្រជាពលរដ្ឋមេត្តាទិញតែប្រេងកូឡាតាប៉ិ និងថ្នាំដុសធ្មេញផ្កាឈូកពីរ ដែលមានអក្សរខែ្មរនៅសំបកប្រអប់តែប៉ុណ្ណោះទើបជារបស់ស្របច្បាប់៕