(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីបិទមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជា នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញនូវមោទនភាពចំពោះការរីកចម្រើន នៃចលនាកាយរឹទ្ធិជាតិកម្ពុជានៅទូទាំងប្រទេស។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះអង្គការចាត់តាំងយុវជនមួយនេះ បានកសាងនូវសមាជិករបស់ខ្លួនស្រទាប់កុមារ និងយុវជនទាំងក្នុងគ្រឹះស្ថានសិក្សា និងសហគមន៍គ្រប់មជ្ឈដ្ឋានប្រមាណជាង១៧ម៉ឺននាក់។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំមានមោទនភាពចំពោះការរីកចម្រើន នៃចលនាកាយរឹទិ្ធជាតិកម្ពុជានៅទូទាំងប្រទេស ជាមួយនឹងការកសាងបាននូវសមាជិកកាយរឹទ្ធិក្នុងស្រទាប់កុមារ និងយុវជន ទាំងក្នុងគ្រឹះស្ថានសិក្សា និងសហគមន៍គ្រប់មជ្ឈដ្ឋានប្រមាណជាង១៧ម៉ឺននាក់»។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, កាយរឹទិ្ធជាតិកម្ពុជា គឺជាអង្គការចាត់តាំងយុវជនដ៏សកម្មដែលមានគោលនយោបាយ និងកម្មវិធីច្បាស់លាស់ ធ្វើឲ្យយុវជនកម្ពុជាផ្លាស់ប្តូរឥរិយាបថការរស់នៅ ហើយក្លាយជាពលរដ្ឋល្អ និងជាពលរដ្ឋគំរូ ជាមួយនឹងការចេះយោគយល់អធ្យាស្រ័យគ្នា ចាប់ផ្តើមពីបុគ្គល ក្រុមគ្រួសារ និងសហគមន៍។
រាជរដ្ឋាភិបាលតែងតែផ្តល់អាទិភាពលើការពង្រឹងសកម្មភាពបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ តាមរយៈសកម្មភាពចលនាកាយរឹទ្ធិកម្ពុជា ដែលជាកម្លាំងចលករសម្រាប់ ការងារអប់រំ ការហាត់ពត់លត់ដំ ទាំងប្រាជ្ញា ស្មារតី ព្រមទាំងកាយសម្បទា ប្រកបដោយសក្តានុពល រួមជាមួយចំណេះដឹង សីលធម៌ល្អ ចរិយាសម្បត្តិថ្លៃថ្នូរ ក្លាយជាពលរដ្ឋគំរូ ស្របតាមចក្ខុវិស័យអង្គការពិភពលោក នៃចលនាកាយរឹទ្ធិ គឺការកសាង ពិភពលោកមួយប្រកបដោយសមត្ថភាពសម្រាប់យុវជនទាំងបច្ចុប្បន្ន និងអនាគត។ នេះជាការបញ្ជាក់របស់សម្ដេចតេជោ។
ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ការពង្រឹងភាពជាអ្នកដឹកនាំ និងការបណ្តុះបណ្តាលជំនាញកាយរឹទិ្ធកម្មដល់មេដឹកនាំកាយរឹទិ្ធនៅថ្នាក់-ជាតិ ថ្នាក់រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ជាពិសេសមេកងឯកភាព ដែលជាសកលវិទ្យាធិការ នាយក នាយិកា គ្រឹះស្ថានសិក្សា-សាធារណៈ និងឯកជនទូទាំងប្រទេស ពិតជាបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស និងពិតជាបានឆ្លើយតបទៅនឹងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា។
គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា អនុម័តជាឯកច្ឆ័ន្ទអញ្ជើញធ្វើជា គរុគុណនៃកាយរឹទិ្ធជាតិកម្ពុជា៕