(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាគរុគណនៃកាយរឹទិ្ធជាតិកម្ពុជា បានផ្តល់អនុសាសន៍៧ចំណុច ដើម្បីភាពរីកចម្រើននៃចលនាកាយរឹទិ្ធជាតិកម្ពុជា។ ការផ្តល់អនុសាសន៍នេះ បានធ្វើឡើងក្នុងពិធីបិទសន្និបាតកាយរឹទិ្ធជាតិកម្ពុជាលើកទី ៤ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលតែងតែផ្តល់អាទិភាពលើការពង្រឹងសកម្មភាពបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ តាមរយៈសកម្មភាពចលនាកាយរឹទ្ធិកម្ពុជាដែលជាកម្លាំងចលករសម្រាប់ ការងារអប់រំ ការហាត់ពត់លត់ដំ ទាំងប្រាជ្ញា ស្មារតី ព្រមទាំងកាយសម្បទា ប្រកបដោយសក្តានុពល រួមជាមួយចំណេះដឹង សីលធម៌ល្អ ចរិយាសម្បត្តិថ្លៃថ្នូរ ក្លាយជាពលរដ្ឋគំរូ ស្របតាមចក្ខុវិស័យអង្គការពិភពលោកនៃចលនាកាយរឹទ្ធិ គឺការកសាង ពិភពលោកមួយប្រកបដោយសមត្ថភាពសម្រាប់យុវជនទាំងបច្ចុប្បន្ន និងអនាគត ។
ដូច្នេះ ការពង្រឹងភាពជាអ្នកដឹកនាំ និងការបណ្តុះបណ្តាលជំនាញកាយរឹទិ្ធកម្មដល់មេដឹកនាំកាយរឹទិ្ធនៅថ្នាក់-ជាតិ ថ្នាក់រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ជាពិសេសមេកងឯកភាព ដែលជាសកលវិទ្យាធិការ នាយក នាយិកា គ្រឹះស្ថានសិក្សា-សាធារណៈ និងឯកជនទូទាំងប្រទេស ពិតជាបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស និងពិតជាបានឆ្លើយតបទៅនឹង គោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន សូមផ្តល់ការលើកទឹកចិត្តលើចំណុចសំខាន់ៗមួយចំនួន ដើម្បីភាពរីកចម្រើននៃចលនាកាយរឹទិ្ធជាតិកម្ពុជា ដូចខាងក្រោម៖
១៖ ក្រុមប្រឹក្សានិងគណៈកម្មាធិការប្រតិបតិ្តកាយរឹទិ្ធជាតិ- កម្ពុជាថ្នាក់ជាតិ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌសម្រាប់អាណត្តិទី ៤ នេះ ត្រូវបន្តលើកកម្ពស់ការងារអប់រំ និងបណ្តុះ បណ្តាលធនធានយុវជន តាមរយៈការជំរុញចូលរួមក្នុងចលនាកាយរឹទិ្ធ និងអភិវឌ្ឍកម្មវិធីស្វ័យអប់រំខ្លួនឯង ដើម្បីក្លាយជា ពលរដ្ឋកាយរឹទិ្ធ ដែលផ្តល់ផលប្រយោជន៍ចំពោះសង្គមជាតិ ។ ត្រូវបន្តរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ឯកសារគតិយុត្ត លិខិតបទដ្ឋានរដ្ឋបាលនានា ដើម្បីធានាប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អ ។
២៖ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយអង្គការ-ពិភពលោកនៃចលនាកាយរឹទិ្ធ និងគ្រប់បណ្តាអង្គការកាយ-រឹទ្ធិជាតិ ថ្នាក់តំបន់ និងពិភពលោកសំដៅបង្កើនប្រសិទ្ធភាពអនុវត្តផែនការយុទ្ធសាស្ត្រ ការផ្លាស់ប្តូរកម្មវិធី ការបណ្តុះបណ្តាល ជំនាញកាយរឹទិ្ធកម្ម និងអភិវឌ្ឍសមត្ថភាពដឹកនាំកាយរឹទិ្ធគ្រប់លំដាប់ថ្នាក់ ស្របតាមកម្រិតបទដ្ឋានតំបន់ និងពិភពលោក ។ ត្រូវបន្តលើកទឹកចិត្តយុវជនកាយរឹទិ្ធ ដែលមានសមត្ថភាព និង មានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ ឱ្យចូលរួមជាបេក្ខជនប្រកួតប្រជែងក្នុងគណៈកម្មការកាយរឹទិ្ធថ្នាក់តំបន់ និងពិភពលោក ។
៣៖ ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបតិ្តកាយរឹទិ្ធ-ជាតិកម្ពុជា ថ្នាក់ជាតិ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌត្រូវបន្តរៀបចំផែនការសកម្មភាពរយៈពេលវែង រយៈពេលមធ្យម និងរយៈពេលខ្លី ព្រមទាំងការខិតខំកៀរគរសប្បុរសជន “មូល- និធិកាយរឹទិ្ធ” គ្រប់លំដាប់ថ្នាក់ ដើម្បីជួយឧបត្ថម្ភគាំទ្រសកម្មភាព កាយរឹទិ្ធជាតិកម្ពុជាទូទាំងប្រទេស ។
៤៖ ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិកាយរឹទិ្ធ-ជាតិកម្ពុជាថ្នាក់ជាតិត្រូវបន្តពង្រឹងប្រសិទ្ធភាពដំណើរការរចនាសម្ព័ន្ធគ្រប់គ្រង និងសកម្មភាពការងារកាយរឹទិ្ធជាតិកម្ពុជា ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌឱ្យមានដំណើរការល្អ ជាពិសេស ត្រូវរៀបចំ “គោលនយោបាយ និងកម្មវិធីសម្រាប់កាយរឹទិ្ធរៀម- ច្បង” និងបង្កើត “ ក្រុមប្រឹក្សាកាយរឹទិ្ធរៀមច្បង ” ដើម្បីបន្តយកចិត្តទុកដាក់ប្រមូលផ្តុំ និងគ្រប់គ្រងកម្លាំងកាយរឹទិ្ធ ។ គ្រប់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនដែលពុំទាន់បានរៀបចំចលនាកាយរឹទិ្ធ ត្រូវសហការជាមួយក្រសួងអប់រំយុវជន និងកីឡា ដើម្បីកសាងកម្លាំងកាយរឹទិ្ធរៀមច្បងនៅតាមអង្គភាពរៀងៗខ្លួន ដោយធានាទាំងបរិមាណ និងគុណភាព ។
៥៖ ត្រូវបន្តរៀបចំកម្មវិធីបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពជំនាញកាយរឹទិ្ធកម្ម ដល់មេដឹកនាំកាយរឹទិ្ធតាមបណ្តា គ្រប់កងឯកភាព ស្របតាមកម្រិតបទដ្ឋានអន្តរជាតិឱ្យក្លាយ ជាធនធានកាយរឹទិ្ធដ៏មានសក្តានុពល ក្នុងការរៀបចំផែនការសកម្មភាព និងកម្មវិធីកាយរឹទិ្ធកម្មក្នុងកងឯកភាពរបស់ខ្លួន ។
៦៖ ត្រូវបន្តកិច្ចសហប្រតិបតិ្តការជាមួយក្រសួងស្ថាប័ន, វិស័យឯកជន អង្គការដៃគូ អង្គការពិភពលោកនៃចលនាកាយ- រឹទិ្ធ និងអង្គការ/សមាគម កាយរឹទិ្ធជាតិនៃបណ្តាប្រទេសក្នុងតំបន់និងពិភពលោក ដើម្បីសហការរៀបចំសិក្ខាសាលា វេទិកា - យុវជន ការផ្លាស់ប្តូរវប្បធម៌ វគ្គបណ្តុះបណ្តាល និងការបោះជំរំថ្នាក់តំបន់ និងពិភពលោក ដើម្បីបង្កើនកិត្យានុភាពនៃព្រះរា-ជាណាចក្រកម្ពុជាលើឆាកអន្តរជាតិ ។
៧៖ ត្រូវបន្តយកចិត្តទុកដាក់បំផុសសកម្មភាពកាយរឹទិ្ធ-ជាតិកម្ពុជាគ្រប់លំដាប់ថ្នាក់ ស្វែងរកមូលនិធិគ្រាំទ្រ និងរៀបចំ ព្រឹតិ្តការណ៍ប្រចាំឆ្នាំ ជាមួយនឹងការចូលរួមក្នុងព្រឹតិ្តការណ៍កាយរឹទិ្ធអន្តរជាតិនានា។
មុននឹងបញ្ចប់ ជាថ្មីម្តងទៀត សម្តេចសូមចូលរួមអបអរសាទរ និងសូមប្រកាសទទួលស្គាល់ក្រុមប្រឹក្សា និង គណៈកម្មាធិការ-ប្រតិបតិ្តកាយរឹទិ្ធជាតិកម្ពុជាអាណត្តិទី ៤ ឆ្នាំ ២០២២-២០២៦ តាមស្មារតីអង្គមហាសន្និបា។ សម្តេចសូមអំពាវនាវសប្បុរសជន វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល បន្តចូលរួមឧបត្ថម្ភជាធនធាន និងមធ្យោបាយនានា ដើម្បីជំរុញចលនាអប់រំ តាមប្រព័ន្ធកាយរឹទិ្ធកម្ម រួមចំណែកលើកកម្ពស់ការអប់រំចំណេះដឹង ជំនាញនិងសីលធម៌ក្នុងស្រទាប់យុវជនកម្ពុជាប្រកបដោយ ប្រសិទ្ធភាព៕