(បាត់ដំបង)៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ លោក ផាន់ ចាន់ធុល បាននាំយកថវិកាដ៏ថ្លៃថ្លារបស់លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះជួយស្រុកបរវេល មកឧបត្ថម្ភដល់ក្រុម កីឡាករ ទូកង ស្រុកបរវេល ដែលបានមកចូលរួមប្រណាំងក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះខែ នៅខេត្តបាត់ដំបង ចាប់ផ្តើមពី ថ្ងៃទី៩ ដល់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។
នៅក្នុងឱកាសនោះ លោក ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោក សក់ សេដ្ឋា ដល់បងប្អូនកីឡាករប្រណាំងទូកងទាំងអស់ ត្រូវចេះអធ្យាស្រ័យ និងសាមគ្គីគ្នា ជាធ្លុងមួយ ព្រមទាំងខិតខំប្រឹងប្រែងប្រកួតអោយអស់ពីលទ្ធភាព ស្របទៅតាមលក្ខណៈបច្ចេកទេស របស់ គណៈកម្មាការនៃការប្រកួត ដើម្បីយកជ័យលាភីល្អ ដែលជាមោទនភាពសម្រាប់ស្រុកបរវេលយើង។
រដ្ឋលេខាធិការ បានលើកឡើងថា៖ ឆ្នាំនេះដោយសារស្ថានភាពការចម្លងរីករាលដាល នៃជម្ងឺកូវីដ-១៩ មានភាពល្អប្រសើ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះខែ ដើម្បីបង្កបរិយាកាសសប្បាយរីករាយ និងភ្ញៀវទេសសចរណ៍ជិតឆ្ងាយមកលេងកំសាន្ត ព្រោះយើងខកខានរៀបចំពិធី បុណ្យនេះ ចំនួន៣ឆ្នាំមកហើយ ដោយសារការរាតត្បាតនៃជម្ងឺកូវីដ-១៩។
លោក លួត សាលី អភិបាលស្រុកបរវេល តំណាងឲ្យក្រុមកីឡាករប្រណាំងទូកងទាំងអស់ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះ ជួយស្រុកបរវេល ព្រមទាំងក្រុមការងារ ដែលបានជួយឧបត្ថម្ភដល់ក្រុមកីឡាករប្រណាំងទូកងស្រុកបរវេល នាពេលនេះ ហើយជានិច្ចកាលលោក តែងតែមានទឹកចិត្តគិតគូ និងបានចំណាយធនធានផ្ទាល់ខ្លួន ចូលរួមជួយដោះស្រាយ ដល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។
សូមបញ្ជាក់ថា៖ ស្រុកបរវេល មានទូកងចូលរួមប្រណាំងនៅក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះខែ នៅខេត្តបាត់ដំបង ចំនួន ០៧ទូក ដោយក្នុង១ទូកៗទទួលបានថវិកាដ៏ថ្លៃថ្លារបស់លោក សក់ សេដ្ឋា ចំនួន ១លានរៀល កីឡាករចំនួន ២០៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៣ម៉ឺនរៀល និងឧបត្ថម្ភថវិកាដល់ក្រុមការងារ ដឹកនាំកីឡាករ ចំនួន ១២០០០០០រៀលផងដែរ៕