(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំអភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អញ្ជើញជួបសំណេះសំណាលលើកទឹកចិត្ត ព្រមទាំងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ អាវពោង និងថវិកា ផ្តល់ជូនដល់ក្រុមកីឡាករចំណុះទូកង ចំនួន០៥ទូក មកពីបណ្តាវត្តនានា នៅបរិវេណវត្តរការធំ ក្នុងឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ទូកង ទាំង៥ទូកនេះ នឹងត្រូវចេញទៅប្រកួតនៅខេត្តកំពង់ចាម ក្នុងពិធីអុំទូក បណ្តែតប្រទីប តាំងពិព័រណ៍ «ភូមិមួយផលិតផលមួយ» ខេត្តកំពង់ចាម ថ្ងៃចេញព្រះវស្សា នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ។

លោកអភិបាលខេត្ត បានថ្លែងថា ២ឆ្នាំមកហើយដែលយើងមិនបានអុំទូក ង ដោយសារតែយើងរងនូវវិបត្តិជំងឺឆ្លងកូវីដ-១៩។ ប៉ុន្តែក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា តាមរយៈគោលនយោបាយយុទ្ធសាស្រ្តស្រោចវ៉ាក់សាំង នៅទូទាំងប្រទេស ដោយឥតគិតថ្លៃ បានធ្វើឲ្យប្រជាពលរដ្ឋមានឱកាសបានជួបជុំគ្នា រៀបចំពិធីប្រណាំងទូកង តាមទំលាប់ប្រពៃណីតាមបណ្ដាខេត្តក្រុងនានាឡើងវិញនាពេលនេះ។

លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវយកពាក្យថា អរគុណសន្តិភាព ដាក់ជាប់ក្នុងបេះដូងជានិច្ច ព្រោះថាបើគ្មានសុខសន្តិភាពនោះទេ ប្រទេសជាតិវឹកវរ អសន្តិសុខ មានសង្គ្រាម ពិតជាមិនអាចជួបជុំគ្នាមកប្រារព្វពិធីអុំទូកបែបនេះបាននោះឡើយ។

សូមជម្រាបថា ទូកងទាំង៥ ចំណុះ៧៥នាក់ដូចគ្នា រួមមាន ទូកព្រះខ័នពេជ្រ (វត្តច័ន្ទគាមុនី) ទូកអម្ពវ័នធីតារចនាមានជ័យ (វត្តអម្ពវ័នជំនីក) ទូករកាខ្នុរសែនជ័យសិរីឧត្តម (វត្តហ្លួងរកាខ្នុរ) ទូកមហាគ្រុឌ (វត្តនាគវ័ន) និងទូកនាគវន្ត (វត្តនាគវន្ត)៕