(សៀមរាប)៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរខេត្តសៀមរាប បានបើកកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យទៅលើផលប៉ះពាល់ និងត្រៀមធ្វើការស្តារឡើងវិញ ដោយសារគ្រោះទឹកជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រខេត្តសៀមរាប ពិសេសផ្តោតសំខាន់ទៅលើវិស័យកសិកម្ម និងត្រៀមផ្តល់ពូជស្រូវដល់ប្រជាកសិករឲ្យពួកគាត់សាបព្រួសបានទាន់រដូវ និងតម្រូវការជាក់ស្តែងផ្សេងៗ។
កិច្ចប្រជុំរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាមួយអាជ្ញាធរខេត្តសៀមរាប ធ្វើឡើងនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ដើម្បីពិនិត្យវាយតម្លៃ និងស្រង់ទិន្នន័យពីផលប៉ះពាល់ដោយសារទឹកជំនន់ ជាពិសេសលើវិស័យកសិកម្មក្នុងខេត្តសៀមរាប ដោយមានការចូលរួមពីលោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក លី សំរិទ្ឋ អភិបាលរងខេត្តសៀមរាប អភិបាលរងស្រុក ក្រុងពាក់ព័ន្ឋ ថ្នាក់ដឹកនាំមន្ទីរអង្គភាព ជំនាញមួយចំនួនផងដែរ។
លោក លី សំរិទ្ឋិ លើកថា គិតពីថ្ងៃទី១៧ខែកញ្ញា ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ដោយទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងមានការហូរនៃជំនន់ទឹកភ្លៀងចេញពីភូមិសាស្ត្រមួយចំនួន នៃខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ បណ្តាលឱ្យខេត្តសៀមរាប មានផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ២៥ ២១៣គ្រួសារ ភូមិចំនួន ៣២៥ភូមិ ឃុំចំនួន៦៣ នៃស្រុកចំនួន៩ រួមមាន ស្រុកស្រីស្នំ ស្រុកក្រឡាញ់ ស្រុកជីក្រែង ស្រុកអង្គរជុំ ស្រុកវ៉ារិន ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ស្រុកពួក និងស្រុកអង្គរធំ។ ម្យ៉ាងវិញទៀត ក៏ធ្វើឱ្យខូចខាត ស្រូវពង្រោះ ដំណាំរួមផ្សំ លិចបរិវេណផ្ទះ លិចផ្លូវ លិចទីធ្លាសាលារៀន លិចបរិវេណមណ្ឌលសុខភាព អាគាររដ្ឋបាលឃុំ ប៉ុស្តិ៍រដ្ឋបាល លិចបរិវេណវត្ត និងលិចក្នុងផ្សារជាដើម។
លោក លី សំរិទ្ឋ បន្តថា កន្លងមកគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានណែនាំដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយក្រុង-ស្រុក និងឃុំ-សង្កាត់ ត្រូវមានវិធានការឆ្លើយតបមួយចំនួនឱ្យបានទាន់ពេលវេលា ដោយផ្តល់អំណោយរបស់ម្តេចពិជ័យសេនា ទៀ បាញ់ អ្នកឧកញ៉ា សៀង ណាំ និងកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្ត និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទា បានចំនួន ៤៣៦២គ្រួសារ ហើយអាជ្ញាធរពាក់ព័ន្ធក៏បានត្រៀមស្តារឡើងវិញ នូវផ្ទៃដីចំនួន ១៤៦៦ហិចតា។ រដ្ឋបាលខេត្តក៏បានរៀបចំផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបដូចជា គ្រាប់ពូជស្រូវ៤ពាន់គីឡូក្រាម ពូជបន្លែ២០០ញ្ចប់ ជីគីមី១០០ការុង សំបកការុង៨ពាន់សំបក ថ្នាំកណ្តុរ៨០គីឡូក្រាម ថ្នាំសម្លាប់សត្វល្អិត២៥០ដប វ៉ាក់សាំងសម្រាប់ចាក់សត្វពាហនៈ ២ម៉ឺនកម្រិត និងឱសថសម្រាប់ព្យាបាលសត្វ។
ក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ស្រុក ក៏នៅតែបន្តតាមដានផលប៉ះពាល់និការខូចខាតដំណាំស្រូវ និងរៀបចំនិតិវិធីស្នើសុំពូជស្រូវ ពូជបន្លែពីប្រព័ន្ឋស្បៀងបម្រុងកម្ពុជា ដើម្បីស្តារដាំដុះឡើងវិញបន្ទាប់ពីផលប៉ះពាល់ និងខូចខាតដោយទឹកជំនន់ទឹកភ្លៀង។
ទន្ទឹមនឹងនោះ លោកទេសរដ្ឋមន្រ្តី គន់ គីម បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់អាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងការជួយដោះស្រាយ និងសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង និងបានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធត្រៀមផ្តល់ពូជស្រូវដល់ប្រជាពលរដ្ឋ ដើម្បីស្តារនិងសង្គ្រោះឡើងវិញឲ្យទាន់ពេលវេលា។ លោកទេសរដ្ឋមន្រ្តី គន់ គីម ក៏បានជំរុញដល់អាជ្ញាធរក្រុង ស្រុក ដែលរងផលប៉ះពាល់ត្រូវត្រួតពិនិត្យផលប៉ះពាល់ឡើងវិញ ពិសេសស្រុកដែលរងគ្រោះខ្លាំងជាងគេ។
ជាមួយនេះដែរ លោកទេសរដ្ឋមន្រ្តី ក៏បានជំរុញដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវស្នើសុំពូជស្រូវបន្ថែមពីក្រសួង ដើម្បីធ្វើការចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះ ក្នុងការស្តារឡើងវិញឲ្យទាន់ពេលវេលា។ ដោយឡែក មន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវវាយតម្លៃនៃការខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធ ដើម្បីលើកផែនការជួសជុលឡើងវិញ បន្ទាប់ពីស្ថានភាពល្អប្រសើរ៕