(កំពត)៖ លោកឧត្តមសេនីយ៍ត្រីម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត អមដំណើរដោយលោកស្នងការរង និងលោកនាយការិយាល័យ ព្រមទាំងលោកអធិការក្រុងកំពត នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង និងនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ទៅឧបត្ថម្ភជូនមន្ត្រីនគរបាលផ្នែកចរាចរណ៍ក្រុងកំពត លោកអនុសេនីយ៍ត្រី ហង្ស សាវិន ដែលមានជំងឺប្រចាំកាយនិងគ្រួសារក៏មានមានជំងឺជាប់ខ្លួនផងដែរ។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ បានផ្តាំផ្ញើការសួរសុខទុក្ខ ពីសម្តេចក្រឡាហោម និងនាយឧត្តមសេនីយ៍អគ្គស្នងការ ចំពោះមន្រ្តីនគរបាលគ្រប់រូបនៅពេលមានបញ្ហា និងបានចាត់ចែងឲ្យលោក នាំយកអំណោយ និងវថវិកាមកប្រគល់ផ្ទាល់តែម្តង។ ជាមួយគ្នានេះ លោកស្នងការ បានលើកទឹកចិត្ត និងជំរុញឲ្យគ្រួសារជនរងគ្រោះ ខិតខំពង្រឹងស្មារតី និងមើលថែជំងឺរបស់ខ្លួនឲ្យបានខ្លាំងឡើង។
អំណោយរួមមានអង្ករ ០២បាវ ទឹកត្រី ទឹកសុីអុីវចំនួន ០៤យួរ ស្ករស ០២គីឡូក្រាម និងថវិកា ៥០មឺុនរៀល (របស់សម្តចក្រឡាហោមចំនួន ៣០មុឺនរៀល និងនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិចំនួន ២០មុឺនរៀល)៕