(ភ្នំពេញ)៖ លោក ស្តេហ្វេន អេនតុន មេសសេរឺ (Stefan Anton Messerer) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ដែលទើបមកបំពេញបេសកកម្មការងារ បានវាយតម្លៃខ្ពស់ចំពោះជំហររបស់កម្ពុជាលើសង្គ្រាមនៅអុយក្រែន និងបញ្ហារបស់មីយ៉ាន់ម៉ា។
លោកឯកអគ្គរដ្ឋទូត បានថ្លែងវាយតម្លៃលើជំហររបស់កម្ពុជាក្នុងរឿងទាំងពីរខាងលើនេះ ក្នុងពេលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២នេះ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យដឹងថា លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តសម្តេចតេជោ ហ៊ុន សែន ប្រឆាំងការឈ្លានពានរបស់រុស្ស៉ី និងការចូលរួមរកដំណោះស្រាយចំពោះវិបត្តិរបស់មីយ៉ាន់ម៉ា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តបថា ការឈ្លានពានរបស់រុស្ស៉ី ទៅលើអុយក្រែន គឺជារឿងមួយ តែការដាក់ទណ្ឌកម្មហួសហេតុពេក ធ្វើឱ្យមានការប៉ះពាល់មិនត្រឹមតែរុស្ស៉ី អឺរ៉ុប តែក៏បានប៉ះពាល់ដល់ពិភពលោកទាំងមូល រួមទាំងកម្ពុជាផងដែរ។
សម្តេចតេជោ បានបន្ថែមថា រឿងនេះគប្បីមានការពិនិត្យឡើងវិញ។
ចំពោះករណីមីយ៉ាន់ម៉ាវិញ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រាល់កិច្ចប្រឹងប្រែងទាំងអស់ គឺដើម្បីសេចក្តីសុខ សន្តិភាព សម្រាប់ប្រជាជនមីយ៉ាន់ម៉ា តំបន់ និងពិភពលោកផងដែរ។ សម្តេចតេជោបន្ថែមថា ដំណើរទស្សនកិច្ចផ្ទាល់របស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា មានបំណងបញ្ឈប់ការបាញ់គ្នា និងចង់ឱ្យមានផ្តល់ជំនួយមនុស្សធម៌ទៅដល់ប្រជាជនដែលកំពុងត្រូវការ។ មួយវិញទៀត ជំរុញឱ្យមានកិច្ចពិភាក្សាគ្នាផ្នែកនយោបាយ តែមិនទាន់ទទួលបានជោគជ័យ។ បើទោះបីយ៉ាងណា បញ្ហានេះត្រូវតែបន្តអត់ធ្មត់ និងប្រឹងប្រែងស្វែងរកដំណោះស្រាយបន្តទៀត។
សូមបញ្ជាក់ថា ជំហររបស់កម្ពុជា តែងតែប្រឆាំងជានិច្ចចំពោះការឈ្លានពានរបស់រុស្ស៉ី លើប្រទេសអុយក្រែន។ តែសម្តេចតេជោ ក៏ប្រឆាំងផងដែរថា ចំពោះការដាក់ទណ្ឌកម្មហួសហេតុលើប្រទេសរុស្ស៉ី៕