(បន្ទាយមានជ័យ)៖ លោកសាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានគណៈកម្មការកំណែទម្រង់សាកលវិទ្យាល័យជាតិមានជ័យ តំណាងលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ និងកម្លាំងនគរបាលជាច្រើនរូប ចុះដោះស្រាយបញ្ហាទឹកជន់លិចបរិវេណទីធ្លាសាកលវិទ្យាល័យ ដោយទប់ទឹកកុំឱ្យហូរចូល និងបូមទឹកចេញដែលកំពុង ជន់លិច។
សកម្មភាពនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានបញ្ជូនកម្លាំងពីតាមបណ្តាផែនជំនាញ កម្លាំងអធិការស្រុក-ក្រុង និងកម្លាំងនគរបាលការពារព្រំដែនជាច្រើននាក់ ដើម្បីដោះស្រាយបញ្ហាបន្ទាន់ ចំពោះមុខ និងបានឲ្យកម្លាំងនគរបាលទាំងអស់ ចូលរួមជួយច្រកដាក់ដាក់ការ៉ុង ដើម្បីធ្វើជាទំនប់បិតទឹក និងកម្លាំងមួយចំនួន យកម៉ាស៉ីនមកបូមដើម្បីបញ្ជៀសការជន់លិចផងដែរ។
ក្នុងឱកាសនោះ អាជ្ញាធរអំពាវនាវដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានតាមបណ្តោយមាត់អូរព្រំដែន ថែរក្សាសុខភាពឲ្យបានខ្ជាប់ខ្ជួន ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់លើសុវត្ថិភាព ជាពិសេសចំពោះកុមារតូចៗ និងសត្វអសិរពិសដែលអាចបង្ករគ្រោះថ្នាក់ជាយថាហេតុ។ ក្នុងករណីមានអាសន្ន ត្រូវទំនាក់ទំនងមកអាជ្ញាពាក់ព័ន្ធជាបន្ទាន់ ដើម្បីអន្តរាគមន៍បានទាន់ពេលវេលា៕