(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ បានបន្តនាំយកអាវរងារ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់បណ្តាអង្គភាពឈរជើងតាមបន្ទាត់ព្រំដែន ទិសយោធភូមិភាគពិសេស និងកងរាជអាវុធហត្ថខេត្តកណ្តាល-កំពង់ឆ្នាំង។
ពីធីនេះត្រូវបានធ្វើឡើង នៅបញ្ជាការដ្ឋានយោធភូមិភាគពិសេស កងទ័ពជើងគោក ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស ព្រមទាំងថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ព្រមទាំងបណ្តាអង្គភាពទ័ពចំណុះឱ្យយោធភូមិភាគពិសេស ទាំង១៣អង្គភាពផងដែរ។
នាឱកាសនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានពាំនាំការសួរសុខទុក្ខ និងសេចក្តីនឹករឮក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសូមថ្លែងអំណរគុណ ព្រមទាំងកោតសរសើរ ចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់អង្គភាព ដែលបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចប្រកបដោយភាពអង់អាចក្លាហាន គ្រប់កាលៈទេសៈ ជាពិសេសទោះក្នុងសុខសន្តិភាព កងកម្លាំងទាំងអស់តែងតែងបានចុះជួយសង្គ្រោះ ប្រជាពលរដ្ឋ ពីគ្រោះមហន្តរាយធម្មជាតិផ្សេងៗ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ក្នុងដំណាក់កាលចុងក្រោយនេះ កងកម្លាំងប្រដាប់អាវុធ បានក្លាយជាកម្លាំងស្នូលមួយយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងបានយ៉ាងជោគជ័យ ទៅនឹងការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលស្តែងចេញពីការគោរព និងទទួលបញ្ជាយ៉ាងដាច់ណាត់ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងសភាពការណ៍។
ទន្ទឹមនឹងនេះដែរនាយឧត្តមសេនីយ៍ បានបន្តថា ជានិច្ចកាលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់បញ្ហាសុខទុក្ខ ព្រមទាំងជីវភាពរស់នៅរបស់យោធិនគ្រប់ដំណាក់កាលទាំងអស់។ ក្រៅពីនេះសម្តេចក៏បានជួយសាងសង់ផ្ទះជូនដល់គ្រួសារកងទ័ព និងអតីតយុទ្ធជន ព្រមទាំងជួយឧបត្ថម្ភថវិកា និងសម្ភារជាច្រើនដល់កងយោធពលខេមរភូមិន្ទ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា ដើម្បីតបស្នងការយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កងទ័ពទាំងអស់ត្រូវចងចាំនូវគុណនូប្បការៈដ៏ធំធេងនេះឱ្យបាន ជាពិសេសត្រូវបន្តគាំទ្រសម្តេចតេជោ ជាបេក្ខភាពនាយករដ្ឋមន្ត្រីគ្រប់អាណត្តិ និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត។
បន្ថែមពីនេះ នាយឧត្ដមសេនីយ៍ បានរម្លឹកដល់កងកម្លាំងប្រដាប់អាវុធឱ្យបន្តលើកកម្ពស់មនសិការស្នេហាជាតិ ស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល រួមកម្លាំងសាមគ្គីជាតិតែមួយ ការពារសន្តិភាព ទប់ស្កាត់ និងបង្រ្កាបទាន់ពេលវេលាចំពោះជនអគតិទាំងឡាយណា ដែលមានឧបាយកលចង់បំផ្លាញសុខសន្តិភាព និងបន្តថែរក្សារាល់សមិទ្ធផលនានា ដែលប្រសូត្រចេញពីនយោបាយឈ្នះឈ្នះ របស់មគ្គុទ្ទេសក៍ឯកសន្តិភាព សម្តេចតេជោ ហ៊ុន សែន ដើម្បីនាំមកនូវវឌ្ឍនភាព និងវិបុលភាពថែមទៀតសម្រាប់ប្រជាជន និងសង្គមជាតិ។
ជួសមុខឱ្យថ្នាក់ដឹកនាំ នាយទាហាន ពលទាហាន ដែលជាកងកម្លាំងប្រដាប់អាវុធឈជើងការពារសន្តិសុខ និងបូរណភាពទឹកដីកម្ពុជា ក្នុងយោធភូមិភាគពិសេស, ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ដែលជានិច្ចកាលតែងបានយកចិត្តទុកដាក់ពីសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធ ហើយបានប្តេជ្ញាស្មោះត្រង់ដាច់ខាតចំពោះជាតិ មាតុភូមិ និងប្រជាជន, គោរពអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់បទបញ្ជា និងអនុសាសន៍របស់សម្តេច ដើម្បីបុព្វហេតុការពារខឿនឯករាជ្យជាតិ ការពារបូរណភាពទឹកដី ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារសមិទ្ធផលនានារបស់សង្គមជាតិ៕