(ភ្នំពេញ)៖ នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជំនួសមុខឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួបសំណេះសំណាលផ្តាំផ្ញើជាមួយក្រុមបាញ់កាំភ្លើងកងយោធពលខេមរភូមិន្ទ ក្នុងនាមកងទ័ពជើងគោកកម្ពុជា ចំនួន០៤នាក់ ដែលបានទទួលការអនុញ្ញាតពី នាយឧត្តនសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទៅចូលរួមក្នុងកម្មវិធីប្រកួតបាញ់កាំភ្លើងដៃ (AARM អាស៊ាន) នៅប្រទេសវៀតណាម ដែលមុនពេលប្រកួតក្រុមបាញ់កាំភ្លើងដៃទាំង០៤នាក់នេះ ត្រូវទៅហ្វឹកហាត់សមដៃត្រៀមនៅប្រទេសវៀតណាម ជាមុនរយៈពេល១ខែ។

នាឱកាសនោះ លោកវរសេនីយ៍ឯក សៀ ទីន បាននាំយកអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងអំណោយបន្ថែមរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មានថវិកា និងសម្ភារៈជាច្រើនមុខ ជូនដល់ក្រុមបាញ់កាំភ្លើងទាំង០៤នាក់ ជាចំណងដៃមុនចេញដំណើរ និងបានជូនពរសូមឲ្យក្រុមបាញ់កាំភ្លើងទាំងអស់ ចេញទៅប្រកួតប្រកបដោយសុវត្ថិភាព និងទទួលបានចំណាត់ថ្នាក់ល្អនាំយកកិត្តិយសមកជូនប្រទេសកម្ពុជាវិញផងដែរ៕