(ភ្នំពេញ)៖ ទីបំផុតសំបុកគ្រឿងញៀន ស្ថិតនៅតំបន់ត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលបានកើតឡើងដូចវែកចកនិងស្ទើ ក្លាយជាជម្ងឺមហារីកទៅហើយនោះ ឥឡូវនេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន បានដឹកនាំកិច្ចប្រជុំមួយជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើននាក់ ដើម្បីរកយុទ្ធសាស្រ្ត ធ្វើការបង្ក្រាបនិងលុបបំបាត់ បញ្ហាសង្គមមួយនេះ ឲ្យខាងតែបាន។
កិច្ចប្រជុំនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦នេះ ដោយមានការអញ្ជើញចូលរួមពីអភិបាលរង រាជធានីភ្នំពេញលោក ឃួង ស្រេង ស្នងការរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ថ្នាក់ដឹកនាំមេបញ្ជាការអាវុធហត្ថក្រុង តំណាងអយ្យការ អភិបាលខណ្ឌ ស្នងការរង អធិការខណ្ឌ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ក្រសួងអប់រំ អគ្គស្នងការដ្ឋាន នគរបាលជាតិ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានីភ្នំពេញ ចៅសង្កាត់ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។
យោងតាមរបាយការណ៍សភាពការណ៍ពីចៅសង្កាត់ទឹកថ្លា កម្លាំងសមត្ថកិច្ច និងការបកស្រាយរបស់សមត្ថកិច្ចរួចមក នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានណែនាំគណៈកម្មាធិការត្រួតពិនិត្យ គ្រឿងញៀនរាជធានីភ្នំពេញ ត្រូវបង្កើតគណៈកម្មការត្រួតពិនិត្យគ្រឿងញៀន គ្រប់សង្កាត់ ដើម្បីគ្រប់គ្រងនិងដោះស្រាយបញ្ហាកុំឲ្យរីករាលដាល បញ្ហាគ្រឿងញៀន។
បន្ទាប់មកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានដាក់ចេញយុទ្ធសាស្រ្ត៤ចំណុចមាន៖
១.ការពង្រឹងយន្តការផ្សព្វផ្សាយអប់រំ ដោយឲ្យមានការចូលរួមពីឱពុកម្តាយ អាណាព្យាបាល សិស្សានុសិស្ស យុវជនកាយរិទ្ធ យុវជនកាក បាទក្រហម សហភាពសហពន្ធ័យុវជនកម្ពុជា និងអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ច។
២.ការពង្រឹងការងារព្យាបាលស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀនដោយធ្វើការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយនូវទីតាំងបំរើសេវា ព្យាបាលស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន។
៣.ពង្រឹងការអនុវត្តច្បាប់ បង្រ្កាបអ្នកលក់គ្រឿងញៀន និងអប់រំអ្នកប្រើប្រាស់គ្រឿងញៀននិងណែនាំអោយទៅទទួលយកសេវាព្យាបាល និងស្តារនីតិសម្បទា និង៤.ពង្រឹងស្ថាបន័ គ្រប់ស្ថាបន័ ក្រសួងពាក់ព័ន្ធត្រូវបង្កើតអង្គភាពធ្វើការងារគ្រឿងញៀន៕