(ភ្នំពេញ)៖ សៀវភៅវ្យាករណ៍ភាសាសំស្ក្រឹតជិត ១ម៉ឺនក្បាល ក្រោមការបកប្រែសម្រួល ពីភិក្ខុឧត្តមវិរិយោ មហា ស៊ុំ សុទ្ធា សាស្ត្រាចារ្យភាសាបាលីសំស្ក្រឹត នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងក្រោមការជួយឧបត្ថម្ភ ការបោះពុម្ភដោយសម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន និងមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ អៀង សុធារ៉ា បានចែកជូនដល់សមណសិស្ស-និស្សិត ចំនួន ២ ៦៣៨រូប ទុកសិក្សាឈ្វេងយល់បន្ថែម ដើម្បីទុកជាចំណេះដឹងសម្រាប់ខ្លួនឯង និងសម្រាប់បង្រៀនដល់ក្មេងៗជំនាន់ក្រោយ។
ពិធីបុណ្យសម្ពោធឆ្លង និងមហាធម្មទានប្រគេនជូនសៀវភៅវ្យាករណ៍ ភាសាសំស្ក្រឹតនេះដែរ បានធ្វើឡើងនាល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ក្រោមព្រះអធិបតី សម្ដេចព្រះឧត្ដមបញ្ញា ដួង ផង់ សម្តេចព្រះអនុប្រធានថេរសភាព្រះពុទ្ធសាសនា និងជាព្រះអគ្គាធិការងពុទ្ធិកសិក្សា, សម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណរាជធានីភ្នំពេញ និងសម្ដេចព្រះសាក្យមុនីកិត្តិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន សម្តេចព្រះអនុប្រធានថេរសភាពុទ្ធសាសនា និងជាព្រះអនុគណខណ្ឌសែនសុខ នៅសាលមហោស្រពកោះពេជ្រ និងដោយមានការចូលរួមពីសមណសិស្ស-និស្សិត លោកតា លោកយាយ ជាច្រើនរូបផងដែរ។
មានសង្ឃដីកានាឱកាសនោះ សម្ដេចព្រះឧត្ដមបញ្ញា ដួង ផង់ បានបញ្ជាក់ថា ពន្លឺនៃព្រះធម៌អាចភ្លឺបានដូចសព្វថ្ងៃនេះ ដោយសារតែមានសម្តេចព្រះប្រមុខរាជរដ្ឋាភិបាល បានរំដោះ និងបណ្តេញពួកទុច្ចរិតចាញចេញកាលពីថ្ងៃ ០៧ មករា ១៩៧៩ ទើបអាចយកមកវិញគន្លងព្រះពុទ្ធសាសនា និងបានឱ្យព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទទាំងអស់បានរក្សា និងយកមកវិញនូវពុទ្ធសាសនា ទើបយើងទាំងអស់គ្នាបានបន្តស្តាប់ព្រះធម៍ ដែលជាពន្លឺសម្រាប់ពុទ្ធបរិស័ទគ្រប់គ្នា។
សម្ដេចព្រះឧត្ដមបញ្ញា ដួង ផង់ មានសង្ឃដីកាបន្តថា បើមិនមានប្រមុខរាជរដ្ឋាភិបាល បានផ្តល់នូវសន្តិភាព សិទ្ធសេរីភាព និងការគោរពប្រតិបត្តិព្រះពុទ្ទសាសនា នោះទេប្រហែលជាប្រជាពលរដ្ឋ និងមិនមានច្បាប់ក្រម និងអាចចូលក្នុងពុទ្ធសាសនាបាននោះដែរ។
មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ អៀង សុធារ៉ា បានឱ្យដឹងដែរថា ភាសាសំស្ក្រឹត គឺជាផ្នែកមួយនៃភាសាខ្មែរ ដូចនេះកូនខ្មែរគ្រប់រូបមិនអាចបំបាត់ចោលនូវភាសារនេះបានទេ គឺត្រូវតែខំរៀននិងចូលរួមលើកតម្កើងនូវភាសានេះសំស្ក្រឹតនេះបន្តទៀត ដើម្បីធ្វើយ៉ាងណាឱ្យមាននិរន្តន៍ភាពនៃភាសាខ្មែរ និងជួយឱ្យភាសាខ្មែរកាន់តែរីកចំរើនសម្រាប់មនុស្សជំនាន់ក្រោយៗផង។
លោក អៀង សុធារ៉ា បានបន្ថែមថា សៀវភៅវ្យាករណ៍ភាសាសំស្ក្រឹតនេះ គឺជាឯកសារគោលដែលពិតជាមានសារសំខាន់សម្រាប់អ្នកសិក្សា ស្រាវជ្រាវ ភាសាខ្មែរ ដែលអាចជួយដល់សង្គមជាតិ ជួយដល់ព្រះពុទ្ធសាសនា ជាពិសេសក្នុងការស្រាវជ្រាវលើសិលាចារឹកមួយចំនួនធំ ដែលភាគច្រើនគឺសរសេរជាអក្សរសំស្ក្រឹតផងដែរ ដូចនេះហើយក្នុងនាមជាកូនខ្មែរត្រូវតែរៀនភាសាសំស្ក្រឹត និងបន្តជួយពង្រីកឱ្យកាន់រីកចំរើនបន្ថែមទៀត។
ដើម្បីឱ្យសៀវភៅវ្យាករណ៍ ភាសាសំស្ក្រឹត កាន់តែអាចជ្រាបចូលទៅក្នុងស្រទាប់យុវជនឱ្យបានកាន់តែច្រើនបន្ថែមទៀត លោក អៀង សុធារ៉ា បានបន្ថែមថា ក្រៅពីការរៀបចំមហាធម្មទានប្រគេនជូនសៀវភៅនាពេលនេះ និងមានការរៀបចំចែកជាបន្តទៅនៅតាមគ្រឹះស្ថានសិក្សានានា ដើម្បីធ្វើគោលក្នុងការសិក្សាសម្រាប់សមណសិស្ស-និស្សិត ក្រៅពីនេះក៏នឹងមានការរៀបចំបោះពុម្ភលក់ដោយមិនយកប្រាក់ចំនេញផងដែរ។
ជាមួយគ្នានោះមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ អៀង សុធារ៉ា ក៏បានអំពាវនាវដល់អ្នករៀនសូត្រទាំងអស់ ជាពិសេសយុវជនគួរតែចាប់អារម្មណ៍រៀន ភាសាបាលី និងភាសាសំស្ក្រឹតបន្ថែម ដើម្បីផ្តល់ជាផលប្រយោជន៍សម្រាប់ខ្លួនឯង និងសង្គមជាតិ ទាំងពេលបច្ចុប្បន្ន និងអនាគត់ផងដែរ៕