(ប៉េកាំង)៖ ក្រសួងការបរទេសចិន បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញអំពីចេតនារបស់ ទីក្រុងប៉េកាំងក្នុងការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង ជាមួយប្រទេសហ្វីលីពីនតាមរយៈកិច្ចចរចា ទ្វេភាគី ប្រកបដោយការយោគយល់ និងសន្តិភាព។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃពុធ ទី០៨ ខែមិថុនា ឆ្នាំ២០១៦។
នៅក្នុងសេចក្តីថ្លែងការណ៍ភាគមួយនេះ ប្រទេសចិនបានបង្ហាញពីគោលដៅរបស់ខ្លួន ដែលចង់ឲ្យមាន ការដោះស្រាយបញ្ហារវាងប្រទេសទាំងពីរប្រកបដោយសន្តិភាព ជាពិសេសគឺនឹងអនុញ្ញាតឲ្យមិត្តភាព រវាងហ្វីលពីន និងចិនបន្តទៅមុខសម្រាប់ជំនាន់ក្រោយៗទៀត។ យោងលើចំណុចនេះ ភាគីទាំងពីរ នឹងអាចដោះស្រាយបញ្ហា ដោយឈរលើយន្តការនៃកិច្ចពិភាក្សា និងផ្សាភ្ជាប់កិច្ចសហប្រតិបត្តិការនានា។
ប្រទេសចិន ក៏ចង់រួមគ្នាដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង ជាមួយហ្វីលីពីន ដោយឈរលើ ច្បាប់អន្តរជាតិ និងសេចក្តីប្រកាសនានាកន្លងមក ដូចជាអនុសញ្ញាស្តីពីច្បាប់សមុទ្ររបស់អង្គការ សហប្រជាជាតិ (UNCLOS) ដោយក្នុងនោះមាត្រា ២៩៨ បានចែងថា ការដោះស្រាយជម្លោះត្រូវធ្វើ ឡើងដោយភាគីពាក់ព័ន្ធ ហើយការកំណត់ដែនសមុទ្រគឺយោងលើនីតិវិធីដោះស្រាយវិវាទដោយភាគីទីបី ដូចមានចែងក្នុង UNCLOS។
សរុបសេចក្តីមកប្រទេសចិន មានគោលដៅចង់ឲ្យហ្វីលីពីន ចូលរួមដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង តាមរយៈកិច្ចចរចា និងពិភាក្សាគ្នា តាមសេចក្តីប្រកាស និងកិច្ចព្រមព្រៀងដែលបានធ្វើឡើង រវាងប្រទេសទាំងពីរ ដោយមានការទទួលស្គាល់ពីក្រុមអង្កេតការណ៍និងដៃគូពាក់ព័ន្ធ ជាច្រើនឆ្នាំមកនេះ។ ការដោះស្រាយត្រូវតែឈរលើគោលការសន្តិភាព និងមិត្តភាព ដើម្បីគោរពលើ មូលដ្ឋានគ្រឹះនៃផលប្រយោជន៍សម្រាប់គ្នាទៅវិញទៅមក៕