Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា រៀបចំវេទិកាស្ដីពី «យេនឌ័រក្នុងវិស័យអប់រំ និងធុរកិច្ច» ក្រោមប្រធានបទ «ស្រ្ដីក្នុងវិស័យធុរកិច្ច និងកិច្ចការងារសង្គម»

09-10-2022 21:39

(ភ្នំពេញ)៖ នៅថ្ងៃទី០៩​ ខែ​តុលា​ ឆ្នាំ​២០២២នេះ​ សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា រៀបចំវេទិកាស្ដីពី «យេនឌ័រក្នុងវិស័យអប់រំ និងធុរកិច្ច» ក្រោមប្រធានបទ «ស្រ្ដីក្នុងវិស័យធុរកិច្ច និងកិច្ចការងារសង្គម» ក្រោមអធិបតីភាព លោក​ស្រី​ ម៉ាណ​ ណាវី​ តំណាង​រាស្ត្រ​រាជធានីភ្នំពេញ​ និង​ជា​អនុប្រធាន​សមាគម​អភិវឌ្ឍន៍​នារី​ឥស្លាម​កម្ពុជា​ ដែលវេទិកានេះធ្វើឡើងនៅមជ្ឈមណ្ឌលភាសា Aii សាខា​ទួលគោក​ រាជធានីភ្នំពេញ​ និងមានសិក្ខាកាមចូលរួមប្រ​មាណ៣០០នាក់​។

វេទិកានេះក៏មានការអញ្ជើញចូលរួម ជាគណអធិបតីពីសំណាក់ លោកស្រី ម៉ាន ចិន្ដា​ រដ្ឋ​លេខាធិការ​ ក្រសួង​កិច្ចការ​នារី​ និង​ជា​អនុប្រធាន​សមាគម​អភិវឌ្ឍន៍​នារី​ឥស្លាម​, លោកឧកញ៉ា ម៉ែន ចិន្ដា អនុប្រធាននៃក្រុមហ៊ុន JK PROPERTY CO., LTD, លោកស្រី គង់ សូរីតា អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី, លោកស្រី យ៉ើ អាសុីគីន អនុរដ្ឋលេខាធិការ​ ក្រសួង​កសិកម្ម​ រុក្ខប្រមាញ់​ និង​នេសាទ​, លោកស្រី យ៉យ នីតា អនុរដ្ឋលេខាធិការ​ ក្រសួង​កិច្ចការ​នារី,​ លោកស្រី សេង ផលដាវីន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ សមភាព​យេនឌ័រ​ និងសេដ្ឋកិច្ច និងកញ្ញា ហ្វើត ហាសាណះ​ ជាអតីត​និស្សិត​បញ្ចប់ការសិក្សាពីវិទ្យាស្ថានភាសាបរទេស (IFL)។

គោលបំណងនៃវេទិកានេះ រៀបចំឡើងក្រោមគោលបំណងដើម្បីជំរុញទឹកចិត្ត លើកកម្ពស់ស្រ្ដីឲ្យមានការចូលរួមក្នុងកិច្ចការងារសង្គម និងពង្រឹងសមត្ថភាពក្នុងវិស័យធុរកិច្ចដើម្បីបង្កើតចំណូលដល់សហគមន៍ និងសង្គមជាតិ។

ក្នុងឱកាសនោះ លោកស្រី ម៉ាណ ណាវី បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឲ្យចាប់យកជំនាញសិក្សាដោយឆ្លុះបញ្ចាំងពីទេពកោសល្យរបស់ខ្លួន និងត្រូវពិនិត្យមើលលើមុខជំនាញដែលទីផ្សារមានតម្រូវការខ្ពស់ ដូចជាជំនាញ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈច្នៃប្រឌិត និងគណិតវិទ្យា។ល។

លោកស្រី បានបន្តជំរុញដល់អង្គវេទិកាទាំងអស់ ឲ្យបន្តពង្រឹងសមត្ថភាពលើវិស័យឌីជីថល និងបង្កើនការយល់ដឹងឲ្យទាន់នឹងការវិវត្តន៍របស់សង្គម ដើម្បីបង្កើនគុណតម្លៃ ក្នុងការឆ្លើយតបទៅនឹងតម្រូវការសង្គម និងទទួលបានឱកាសកាន់តែសំបូរបែបក្នុងជីវិតការងារ និងការរស់នៅប្រចាំថ្ងៃ។

សូមជម្រាបថា សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា (CIWODA) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ ដោយមានលោកស្រី អាស៊ីយ៉ះ អាលី ជាប្រធាន និងមានសមាជិកប្រតិបត្តិចូលរួមពីជួររដ្ឋាភិបាល ដូចជាសមាជិកសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាខេត្ត ស្រ្តីអ្នកជំនួញ និងបញ្ញាវន្តជាច្រើននាក់ផ្សេងទៀត និងមានសាខាចំនួន២៥រាជធានី-ខេត្តទូទាំងប្រទេស៕