(កំពង់ចាម-បាត់ដំបង)៖ ដើម្បីផ្តល់ភាពងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋឲ្យយល់ដឹង និងចេះប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ GDT Lucky Draw App ដែលជាកម្មវិធីវិក្កយបត្រនាំសំណាងនោះ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០៩-១០ ខែតុលា ឆ្នាំ២០២២ បានរៀបចំដាក់ស្តង់ ដើម្បីពន្យល់អំពីកម្មវិធីនេះ នៅខេត្តកំពង់ចាម និងខេត្តបាត់ដំបង។
នៅស្តង់របស់អគ្គនាយកដ្ឋានពន្ធដារ មានមន្ត្រីពន្ធដារជាច្រើនរូប រង់ចាំពន្យល់អំពីការប្រើកម្មវិធីទូរស័ព្ទរបស់ពន្ធដារដូចជា៖
ទី១៖ ចុះចែកខិតប័ណ្ណផ្សព្វផ្សាយ ជូនអ្នកជាប់ពន្ធនូវកម្មវិធី (GDT Lucky draw & GDT Taxpayer app) និងប្រភេទពន្ធផ្សេងៗ
ទី២៖ ផ្តល់សេវាជូនអ្នកជាប់ពន្ធពីរបៀបប្រើប្រាស់និងអត្ថប្រយោជន៍នៃការបង់ពន្ធតាមអនឡាញ
ទី៣៖ បង្កើត User ជូនអ្នកជាប់ពន្ធ។
កម្មវិធីទូរស័ព្ទដៃ GDT Lucky Draw App ដែលជាកម្មវិធីវិក្កយបត្រនាំសំណាងនោះ ក៏កំពុងតែទទួលបានការទាក់ទាញចំណាប់អារម្មណ៍ ពីអ្នកជាប់ពន្ធផងដែរ ក្នុងការថតវិក្កយបត្រ ផ្ញើចូលមកកម្មវិធីនេះ ដើម្បីទទួលបានរង្វាន់ជាច្រើន ពីអគ្គនាយកដ្ឋានពន្ធដារ។
គួររំលឹកថា កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានដាក់ស្តង់ពន្យល់ ពីរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ GDT Lucky Draw App នៅផ្សារជីប ម៉ុង សែនសុខរួចហើយផងដែរ ដោយមានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនបានចូលសាកសួរ និងទទួលការពន្យល់ពីរបៀបប្រើប្រាស់។
សូមជម្រាបថា កម្មវិធី «វិក្កយបត្រនាំសំណាង- GDT Lucky Draw» នេះ បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងគោលបំណងនៃការកៀងគរព័ត៌មាន ក៏ដូចជាការពង្រឹងនូវអនុលោមភាពថែមទៀត។
ចំពោះវិក្កយបត្រនាំសំណាងនេះមិនថា បងប្អូនប្រជាពលរដ្ឋបានចូលទិញទំនិញក្នុងហាងនានា មិនថាហាងតូច ឬធំនៅក្នុងប្រទេសកម្ពុជា គឺមានសិទ្ធិក្នុងផ្ញើវិក្កយបត្រ ដើម្បីចូលរួមក្នុងកម្មវិធីវិក្កយបត្រនាំសំណាង។
ដោយឡែក សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលបានវិវិក្ដយបត្រពីបណ្ដាហាងនានា មានឈ្មោះត្រឹមត្រូវ តែមិនបានចុះបញ្ជីពន្ធដារ ក៏បងប្អូនប្រជាពលរដ្ឋ នៅតែអាចផ្ញើចូលក្នុងកម្មវិធី វិក្កយបត្រនាំសំណាង របស់ពន្ធដារ និងទទួលបានការចាប់ឆ្នោតផ្សងសំណាង។
ការចាប់ឆ្នោតយករង្វាន់មានរយៈពេល៦ខែម្ដង ដោយលើកទី១ ធ្វើឡើងនៅក្នុងខែធ្នូឆ្នាំ២០២២ រង្វាន់រួមមាន៖ រថយន្ដ Mazda ២គ្រឿង, ម៉ូតូ HONDA ១០គ្រឿង, ទូរស័ព្ទដៃ iPhone ចំនួន១០រង្វាន់ និងទូរទស្សន៍ចំនួន២០រង្វាន់៕